ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ ផ្សព្វផ្សាយបែបបទ នៃការដោះលែងទណ្ឌិត ដើម្បីចូលទៅរស់នៅក្នុងសង្គម
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ កាលពីថ្មីៗនេះបានផ្សព្វផ្សាយបែបបទ នៃការដោះលែងទណ្ឌិត ដើម្បីចូលទៅរស់នៅក្នុងសង្គមវិញ ដែលប្រកាសនេះ កំណត់អំពីបែបបទនៃការ ឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ចូលទៅក្នុងសង្គមវិញ នៃទណ្ឌិតដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ ក្នុងគោលបំណង ដើម្បីធានាការអនុវត្តការដោះលែងដោយមានលក្ខខណ្ឌ ឲ្យមានប្រសិទ្ធភាព សំដៅធ្វើសមាហរណកម្មទណ្ឌិតនោះ ឱ្យចូលទៅរួមរស់ នៅក្នុងសង្គមវិញ។
ប្រការ២នៃប្រកាសនេះបានបញ្ជាក់ថា “ការដោះលែងដោយមានលក្ខខណ្ឌ គឺជាសមត្ថកិច្ចរបស់ប្រធានសាលាដំបូង នៃទីកន្លែងឃុំខ្លួនទណ្ឌិត។ ប្រធានសាលាដំបូងសម្រេចអំពីការដោះលែងដោយមានលក្ខខណ្ឌ តាមដីកាសម្រេច ដោយមានសំអាងហេតុ បន្ទាប់ពីទទួលបានយោបល់ពីគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ស្របតាមមាត្រា៥១៤ មាត្រា៥១៥ និងមាត្រា៥១៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ប្រធានសាលាដំបូង មិនជាប់ជំពាក់នឹងយោបល់របស់គណៈកម្មការជាតិនោះទេ។ លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ ព្រមទាំងការបញ្ចប់ការដោះលែងដោយមានលក្ខខណ្ឌ មានចែងចាប់ពីមាត្រា៥១២ ដល់មាត្រា៥២២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ”។
ដោយឡែកប្រការ៣បានបញ្ជាក់ថា នៅក្នុងដីកាសម្រេចដោះលែងដោយមានលក្ខខណ្ឌ ប្រធានសាលាដំបូងត្រូវកំណត់អំពីបែបបទនៃការអនុវត្ត និងរយៈពេល នៃការសាកល្បងដែលមិនអាចលើសពីថិរវេលា នៃទោសដែលនៅសល់មិនទាន់បានទទួលរងឡើយ ហើយប្រធានសាលាដំបូងសម្រេចដោះលែងទណ្ឌិត ដោយមានភ្ជាប់លក្ខខណ្ឌជាកាតព្វកិច្ចមួយ ឬច្រើនដូចខាងក្រោម ៖ បំពេញសកម្មភាពខាងវិជ្ជាជីវៈ, ទទួលការបង្ហាត់បង្រៀន ឬទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ, រស់នៅក្នុងទីកន្លែងណាមួយជាកំណត់, ទទួលឲ្យពេទ្យធ្វើការពិនិត្យ ឬការព្យាបាល, បញ្ជាក់អំពីការចូលរួមចំណែកក្នុងការចិញ្ចឹមបីបាច់គ្រួសារ, ធ្វើការជួសជុលការខូចខាតដែលបណ្តាលមកពីបទល្មើស តាមលទ្ធភាពនៃធនធានរបស់ខ្លួន, បញ្ជាក់អំពីការបានបង់ប្រាក់ជូនរដ្ឋបន្ទាប់ពីការផ្តន្ទាទោស តាមលទ្ធភាពធនធានរបស់ខ្លួន, មិនត្រូវធ្វើសកម្មភាពខាងវិជ្ជាជីវៈ ឬសង្គមដែលសម្រួលដល់ការប្រព្រឹត្តបទល្មើស, ក្នុងករណីនេះ តុលាការត្រូវបញ្ជាក់អំពីសកម្មភាពដែលហាមឃាត់, មិនត្រូវមានវត្តមាននៅទីកន្លែងមួយចំនួនដែលត្រូវបានហាមឃាត់។
ក្នុងករណីនេះ តុលាការត្រូវបញ្ជាក់អំពីទីកន្លែងដែលត្រូវបានហាមឃាត់, មិនត្រូវសេពគប់ជាមួយបុគ្គលខ្លះ ពិសេស ចារី សហចារី អ្នកផ្ដើមគំនិត អ្នកសមគំនិត ឬជនរងគ្រោះ នៃបទល្មើស។ ក្នុងករណីនេះ តុលាការបញ្ជាក់អំពីបុគ្គលដែលមិនត្រូវសេពគប់ជាមួយ, មិនត្រូវកាន់កាប់ ឬយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ។
ក្រៅពីការអនុវត្តកាតព្វកិច្ចខាងលើ ទណ្ឌិតអាចត្រូវដាក់ឱ្យស្ថិតក្រោមវិធានការត្រួតពិនិត្យរបស់អាជ្ញាធរមានសមត្ថកិច្ច ដោយត្រូវគោរពកាតព្វកិច្ចមួយ ឬច្រើន ដូចខាងក្រោម៖
ត្រូវគោរពតាមដីកាកោះរបស់ព្រះរាជអាជ្ញា ឬការកោះហៅរបស់បុគ្គល ដែលព្រះរាជអាជ្ញាបានប្រគល់អំណាចឱ្យ, ត្រូវមកទទួលនូវការពិនិត្យមើលរបស់បុគ្គលដែលព្រះរាជអាជ្ញាបានប្រគល់អំណាចឱ្យ, ត្រូវប្រគល់ដល់ព្រះរាជអាជ្ញា ឬដល់បុគ្គលដែលព្រះរាជអាជ្ញាបានប្រគល់អំណាចឱ្យ នូវគ្រប់ឯកសារសម្រាប់ធ្វើការផ្ទៀងផ្ទាត់លើការបញ្ចូលឱ្យទៅរួមរស់នៅក្នុងសង្គមវិញ, ត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា អំពីការផ្លាស់ប្តូរអាសយដ្ឋានរបស់ខ្លួន, ត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា អំពីការផ្លាស់ប្ដូរមុខរបររបស់ខ្លួន និងត្រូវមានការអនុញ្ញាតពីព្រះរាជអាជ្ញា មុនពេលធ្វើដំណើរទៅបរទេស។
ក្នុងករណីទណ្ឌិតមិនអនុវត្តតាមដីកាសម្រេចដោះលែងដោយមានលក្ខខណ្ឌ ប្រធានសាលាដំបូង អាចដកហូតដីកាសម្រេចនោះ និងអាចបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិតនោះមកអនុវត្តទោសដែលនៅសេសសល់។
ទាក់ទងបញ្ហានេះ កម្ពុជាថ្មីនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បាននៅឡើយទេ ដោយទូរស័ព្ទមិនមានអ្នកទទួល ហើយតេឡេក្រាម មិនឃើញឆ្លើយតប៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា