ព័ត៌មានជាតិ
មន្ទីរពេទ្យកុមារអង្គរ រៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៨ តាមប្រព័ន្ធអនឡាញ ជាលើកដំបូង
ការសង្គ្រោះជីវិតកុមារ ការផ្ដល់សេវាពិនិត្យព្យាបាល ថែទាំដោយក្ដីមេត្តាករុណា និងប្រកបដោយគុណភាព គឺជាគោលការណ៍ចម្បងដែលមន្ទីរពេទ្យកុមារអង្គរ តែងតែអនុវត្តជាប់ជាប្រចាំអស់រយៈពេលជាង២០កន្លងមកហើយ។
ដោយសារវិបត្តិនៃជំងឺកូវីដ១៩ នៅតែបន្តកើតមានឡើង មន្ទីរពេទ្យកុមារអង្គរបានទទួលរងការប៉ះពាល់គួរឲ្យកត់សម្គាល់លើផ្នែកហិរញ្ញវត្ថុ ព្រោះព្រឹត្តិការណ៍ ឬសកម្មភាពរៃអង្គាសមួយចំនួនធំ មិនអាចប្រព្រឹត្តិទៅបាន ហើយជំនួយមូលនិធិពីក្រុមហ៊ុនអាជីវកម្ម ឬសប្បុរសជនដែលធ្លាប់ផ្តល់ជំនួយសប្បុរសធម៌មកកាន់មន្ទីរពេទ្យ ក៏មានការធ្លាក់ចុះខ្លាំង ដែលធ្វើឲ្យមានការប៉ះពាល់ដល់ដំណើរការប្រតិបត្តិមួយចំនួនថែមទៀតផង។
បើរបាយការណ៍របស់មន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះថា មន្ទីរពេទ្យកុមារអង្គរ បានសម្របខ្លួននៅក្នុងបរិបទថ្មី គ្រោងរៀបចំប្រារព្ធពិធី “បុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៨” ដើម្បីកៀរគរមូលនិធិជួយដល់មន្ទីរពេទ្យ តាមប្រព័ន្ធអនឡាញ ជាលើកដំបូងក្នុងកំឡុងពេលដ៏លំបាកនេះ។ ពិធីនឹងប្រព្រឹត្តិទៅមានពីរវគ្គ ដែលវគ្គទីមួយ គឺជាកម្មវិធីសម្តែងព្រះធម៌ ទេសនាជាធម្មទាន និងជាការផ្សព្វផ្សាយដំណឹង របស់ពិធីបុណ្យតាមប្រព័ន្ធអនឡាញ ដោយធម្មកថិកល្បីៗទាំងក្នុង និងក្រៅប្រទេស នៅក្នុងបណ្តាញ សង្គមហ្វេសប៊ុកមន្ទីរពេទ្យកុមារអង្គរ ចាប់ពីម៉ោង ៩ ដល់ម៉ោង ១០ ព្រឹករៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ ទី១៣ដល់២៨ សីហា ២០២១ ជាមួយនឹង ប្រធានបទល្អៗ ខុសៗគ្នា នៅមុនថ្ងៃពិធី បុណ្យ។
ចំពោះពិធីបុណ្យ គឺជាវគ្គទី២ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដោយអ្នកចូលរួមមាន ចំនួនកំណត់ ឲ្យស្របទៅនឹងវិធាន ការណ៍ការពារនៃការចម្លងជំងឺកូវីដ១៩ និងធ្វើឡើងនៅក្នុងបរិវេណរង់ចាំនៃមន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប ក្នុងនោះ មានកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត និងកម្មវិធីសម្តែងព្រះធម្មទេសនាដោយធម្មកថិក ចំនួន ៧ អង្គឆ្លង ឆ្លើយ អំពី “អរិយទ្រព្យ ៧ ប្រការ” ជាកិច្ចបង្ហើយបុណ្យ។ ដោយមើលឃើញពីផលលំបាកដែលមន្ទីរពេទ្យកុមារអង្គរជួបប្រទះ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភានៃព្រះពុទ្ធសាសនានៅព្រះជាណាចក្រកម្ពុជា និង ជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប និងព្រះមន្ត្រីសង្ឃជាច្រើនអង្គ រួមទាំងពុទ្ធបរិស័ទ និងបណ្តាស្ថាប័ន ក្រុមហ៊ុនជាច្រើន បានសម្រេចចិត្តចូលរួមជាអ្នកផ្តើមបុណ្យ សាមគ្គីគ្នាជួយផ្សព្វ ផ្សាយ រៀបចំពិធី និងកៀរគរប្រមូលថវិកាតាមរយៈបណ្តាញទំនាក់ទំនងរបស់ខ្លួន ដោយមិនមានលក្ខខណ្ឌ។ មន្ទីរពេទ្យកុមារអង្គរពិតជាមានសេចក្ដីសោមនស្សយ៉ាងជ្រាលជ្រៅ ចំពោះការប្តេជ្ញាចិត្តនិងការលះបង់ជាបន្តទៀតរបស់សប្បុរសជននិងអ្នកផ្តើមបុណ្យទាំងអស់។
អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធាននិងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group of Companies) ក៏ដូចជាក្រុមហ៊ុនប្រតិបត្តិ ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត នឹងសហការបង្កើតយុទ្ធសាស្ត្រផ្សព្វផ្សាយ និងរៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យ។ លោកជំទាវ ម៉ៅ ចំណាន ជាអគ្គនាយិកាប្រតិបត្តិការនៃ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង ធនាគារ វីង (ខេមបូឌា) ម.ក ដែលឆ្នាំនេះគឺជាលើកទីពីររហើយសម្រាប់ការចូលរួមជាអ្នកផ្តើមបុណ្យ លោកជំទាវមានប្រសាសន៍បង្ហាញអំពីទឹកចិត្តដូច្នេះថា “ក្នុងនាមជាម្តាយមួយរូប នៅពេលដែលកូនៗមានបញ្ហាសុខភាព អ្នកម្តាយតែងតែកើតក្តីបារម្ភគ្រប់ពេលវេលា ជាពិសេសនៅពេលដែលកូនឈឺនិងពិបាកស្វែងរកកន្លែងព្យាបាលដែលទុកចិត្ត។ ហេតុដូចច្នេះហើយ ការ ផ្តួចផ្តើម ប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ វានឹងអាចជួយដល់មន្ទីរ ពេទ្យកុមារអង្គរអាចបន្តផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារបានកាន់តែប្រសើរឡើងថែមទៀត។”លើសពីនេះទៀត ការគាំទ្រឥតឈប់ឈរនេះ គឺមានតម្លៃមិនអាចកាត់ថ្លៃបានចំពោះមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ ក៏បានមានប្រសាសន៍អំពាវនាវ សុំឲ្យសប្បុរសជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមតាមគ្រប់រូបភាព ដូចជាការចែករំលែកថវិកាផ្ទាល់ខ្លួន បរិច្ចាគមកកាន់ពិធីនេះ ឬជួយស៊ែរផ្សព្វផ្សាយដំណឹងពិធីបុណ្យឲ្យកាន់តែអធិកអធមនៅតាមបណ្តាញសង្គម។ លោកក៏បានបញ្ជាក់ផងដែរថា “ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុតដើម្បីថែរក្សាដំណើរការផ្តល់សេវាពិនិត្យព្យាបាលថែទាំ សង្គ្រោះជីវិតកុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ”។ ឆ្នាំ២០២០កន្លងទៅនេះ មន្ទីរពេទ្យកុមារអង្គរ បានពិនិត្យ និងព្យាបាលកុមារបានចំនួន ៩៧ ០៦៩ករណី អប់រំបណ្តុះបណ្តាលមន្ត្រីសុខាភិបាល និស្សិតគិលានុបដ្ឋាក និស្សិតវេជ្ជសាស្ត្រ និងបុគ្គលិកមន្ទីរពេទ្យកុមារអង្គរបានចំនួន៧៣ ៩០៨នាក់ និងអប់រំសុខភាពតាមបណ្ដាភូមិ សាលារៀន មណ្ឌលសុខភាព និងក្នុងសហគមន៍បានចំនួន ៥៦ ៧៤៧នាក់ គឺដោយសារតែមានការជួយ ជ្រោមជ្រែងពី សប្បុរសជនមកពីគ្រប់ទិសទី។
ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយទាំងអស់ អាចចូលរួមដោយបរិច្ចាគថវិកាមកកាន់ មន្ទីរពេទ្យកុមារអង្គរ ដោយផ្ទាល់តាមរយៈគណនីធនាគារដោយមិនគិតសេវាដូចជា៖ធនាគារ វីង ខេបូឌា (Wing)៖ 9122 (ប្រាក់រៀល) & 8122 (ប្រាក់ដុល្លារ) ធនាគារ អេប៊ីអេ (ABA): 000 853 843,ធនាគារ អេស៊ីលីដា (ACELDA): 0100 0105 6968 28 ,ធនាគារ ស្ថាបនា (Sathapana): 078 0808 2834 1001 02 ឬក៏ចូលបច្ច័យផ្ទាល់នៅទីកន្លែងប្រារព្ធពិធីបុណ្យ (មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប) និងសប្បុរសជននៅក្រៅប្រទេសអាចបរិច្ចាគតាមLink Website៖ https://virtualbonpka.raisely.com/៕
អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ