Connect with us

ព័ត៌មានជាតិ

ប្រមុខ​ការទូត​កម្ពុជា​ ប្រាប់​អង្គប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​អាមេរិក​ថា បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​ការ​បញ្ជាក់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឡើង​ខណៈ​លោក​អញ្ជើញ​ចូលរួម​ធ្វើជា​សហប្រធាន ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ភាពជា​ដៃគូ​មេគង្គ​-​អាមេរិក លើក​ទី​២ ជាមួយ​លោក អេ​ន​តូ​នី ប្លី​ន​ខេន រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​លទ្ធផល នៃ​កិច្ចប្រជុំ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ឲ្យ​ដឹង​ថា នៅក្នុង​កិច្ចប្រជុំ​នោះ​បាន​ពិនិត្យមើល​ពី​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ ជាង​មួយ​ទសវត្សរ៍ នៃ​កិច្ចសហការ​រវាង​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​មេគង្គ ដែល​ផ្តោត​សំខាន់​លើ​ការពង្រឹង​ការតភ្ជាប់ ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច អភិបាលកិច្ច​ល្អ និង​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍន៍​នៅក្នុង​អនុតំបន់ តាមរយៈ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជា​អាទិភាព ចំនួន​៤ រួមមាន​៖ ១, ការតភ្ជាប់​សេដ្ឋកិច្ច ២, ការគ្រប់គ្រង​ធនធានទឹក​ប្រកបដោយ​និរន្តរភាព ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស និង​ការការពារ​បរិស្ថាន ៣, សន្តិសុខ​មិន​ប្រពៃណី និង​៤, ការអភិវឌ្ឍ​ធនធានមនុស្ស​។

រដ្ឋមន្ត្រី​ទាំងអស់​បាន​គូសបញ្ជាក់​ជាថ្មី​ម្តងទៀត អំពី​ភាពចាំបាច់ នៃ​ការបន្ត​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ក្នុងការ​លុបបំបាត់​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ការការពារ​ចំពោះ​ការផ្ទុះ​ឡើង​នៅ​ថ្ងៃ​អនាគត និង​ការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​មេគង្គ​បាន​ថ្លែងអំណរគុណ​ដល់​សហរដ្ឋ​អាមេរិក ដែល​បាន​សន្យា​ផ្តល់ជំនួយ​៥២​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​មេគង្គ​។

ឆ្លៀត​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់​ថា កម្ពុជា​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ទូទៅ រួមមាន ការប្រែប្រួល​អាកាសធាតុ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាដើម ដើម្បី​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ប្រសិទ្ធភាព។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ប្រទេស​មេគង្គ មាន​ប្រជាជន​សរុប​ចំនួន​២៤០​លាន​នាក់ ដែល​ក្នុងនោះ ៤០​ភាគរយ មាន​អាយុ​ក្រោម​២៥​ឆ្នាំ ដែល​ធ្វើអោយ​តំបន់​នេះ ក្លាយជា​មជ្ឈមណ្ឌល​ទាក់ទាញ​សម្រាប់​ឧស្សាហកម្ម​ផលិតកម្ម​ធុន​ស្រាល និង​ការធ្វើសមាហរណកម្ម​បន្ថែម​ទៅក្នុង​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​ពិភពលោក​។

សហរដ្ឋអាមេរិក​បាន​នាំចេញ​នូវ​ទំនិញ និង​សេវាកម្ម​ប្រមាណ​២៦ ពាន់​លាន​ដុល្លារ​អាមេរិក មកកាន់​អនុ​តំបន់​មេគង្គ និង​នាំចូល​វិញ​ប្រមាណ​៨៩,៩៤​ពាន់​លាន​ដុល្លារ​អាមេរិក​។ កម្ពុជា​សង្ឃឹមថា នឹង​បន្ត​មាន​វិស័យ​ឯកជន​បន្ថែមទៀត ចូលមក​វិនិយោគ​លើ វិស័យ​ទេសចរណ៍ សហគ្រាស​ធុន​តូច និង​មធ្យម និង​វិស័យ​ជា​អាទិភាព​ដទៃទៀត​នៅ​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុងកំឡុងពេល និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នេះ​។

នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​ការគាំទ្រ និង​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​បង្កើត​កិច្ចសន្ទនា​គោលនយោបាយ​សមភាព​យេនឌ័រ ដែល​ផ្តោតលើ​៖ ១, ការពង្រឹង​អំណាច​សេដ្ឋកិច្ច​របស់​ស្ត្រី ដោយ​ផ្តោត​លើ​ការ​ស្តារ​ឡើងវិញ​ក្រោយ​កូ​វីដ​-១៩ និង​វិបត្តិ​អាកាសធាតុ ២, ស្ត្រី សន្តិភាព និង​សន្តិសុខ​ដោយ​ផ្តោត​លើ​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី និង ៣, ការការពារ និង​ឆ្លើយតប​ទៅនឹង​អំពើ​ហិង្សា​ផ្អែកលើ​យេនឌ័រ ដោយ​សង្ឃឹមថា កម្មវិធី​ទាំងនេះ​នឹង​ផ្តល់នូវ​ធាតុ​ចូល និង​អនុសាសន៍ ដែលមាន​ប្រសិទ្ធភាព​លើ​វិធី​ពង្រឹងសមត្ថភាព​ស្ត្រី និង​ចូលរួម​វិភាគទាន​ដល់​វឌ្ឍនភាព​សង្គម​។ កម្ពុជា​តាមរយៈ​ក្រសួង​កិច្ចការនារី បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​សហការ​ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​ជា​សមាជិក ដើម្បី​សម្រេច​នូវ​គោលដៅ​រួម​នេះ​។

កិច្ច​ប្រជុំបាន​បញ្ចប់ទៅ ជាមួយនឹង​ការ​អនុម័ត​លើ​ផែនការ​សកម្មភាព​ភាពជា​ដៃគូ​មេគង្គ​-​អាមេរិក សម្រាប់​ការអនុវត្ត​ពី​ឆ្នាំ​២០២១ ដល់​២០២៣៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ២ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ២ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

Sokha Hotels

ព័ត៌មានពេញនិយម