ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍អាចនិយាយ ៣ ភាសា កាន់តំណែងជាងមួយឆ្នាំ ដោះស្រាយរឿងស្មុគស្មាញស្រេះរាប់ឆ្នាំ
លោកជា វ៉ាន់ដេត ជាឥស្សរជនជាន់ខ្ពស់ និងជាបញ្ញវន្តខ្មែរមួយរូបដែលបានបញ្ចប់ការសិក្សានៅបរទេស ធ្លាប់កាន់តួនាទីជាច្រើនក្នុងជួររដ្ឋាភិបាលនិងវិស័យឯកជន មុនក្លាយជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ទើបកាន់តែតំណែងជារដ្ឋមន្ត្រីប្រៃសណីយ៍ជាងមួយឆ្នាំ មន្ត្រីសកម្មរូបនេះបានសាងស្នាដៃលេចធ្លោនិងបានដោះស្រាយរឿងការងារចាក់ស្រេះជាច្រើននៅក្នុងក្រសួង។
បន្តទៀតនេះ កម្ពុជាថ្មីនឹងបង្ហាញជីវប្រវត្តិលោកជា វ៉ាន់ដេត រដ្ឋមន្ត្រីលេចធ្លោមួយរូបនៅជួររដ្ឋាភិបាលដែលកំពុងដឹកនាំនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីប្រិយមិត្តស្វែងយល់ដូចតទៅ៖
កុមារភាព
លោក ជា វ៉ាន់ដេត កើតនៅថ្ងៃ ២ ខែសីហា ឆ្នាំ ១៩៧១ នៅភូមិឈើកាច់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ លោកបានរៀបអាពាហ៍ពិពាហ៍និងមានបុត្រី ០១ នាក់។
ប្រវត្តិសិក្សា
ក្នុងប្រវត្តិសិក្សា នៅឆ្នាំ ១៩៩៤ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចពីប្រទេសរុស្សី។ នៅឆ្នាំ១៩៩៧ បញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ចពីប្រទេសរុស្សី និងឆ្នាំ២០១៦ បញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យណាងយ៉ាងប្រទេសសិង្ហបុរី។
ការប្រើប្រាស់ភាសាបរទេស
លោកជាឥស្សរជនក្នុងជួររដ្ឋាភិបាលដែលអាចនិយាយបានទាំងភាសារុស្សី ភាសាអង់គ្លេស និងភាសាខ្មែរជាភាសាកំណើត។
បទពិសោធន៍ការងារ
មុនកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅដើមឆ្នាំ២០២០ លោកមានបទពិសោធន៍ការងារក្នុងវិស័យសាធារណៈដូចជាជាទីប្រឹក្សា និងជានាយខុទ្ទកាល័យឯកឧត្ដមសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ជាសមាជិកក្រុមប្រឹក្សាទូរគមនាគមន៍កម្ពុជា ជាប្រធានការិយាល័យសេដ្ឋកិច្ច នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃទីស្ដីការគណៈរដ្ឋមន្ត្រី។ នៅវិស័យឯកជន លោកធ្លាប់ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យន័រតុន ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា (កម្ពុជារី) និងជាស្ថាបនិកសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) ដែលជាគ្រឹះស្ថានអប់រំឯកជនដ៏ល្បីបំផុតក្នុងប្រទេសកម្ពុជា។
ក្រៅពីតួនាទីជារដ្ឋមន្រ្តីនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកក៏ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ។
ស្នាដៃការងារធំៗនៅទីស្តីការគណៈរដ្ឋមន្រ្តី
-ប្រធានក្រុមការងារបកប្រែសាលដីការឿងក្តីប្រាសាទព្រះវិហាររបស់តុលាការយុត្តិធម៌អន្តរជាតិបកប្រែជាភាសាខ្មែរ ដើម្បីបោះពុម្ពផ្សព្វផ្សាយ។
-ប្រធានក្រុមការងារតាក់តែងសៀវភៅស របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្តីពីការបោះឆ្នោតសាកលជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ នៃរដ្ឋសភា។
-ប្រធានក្រុមការងារតាក់តែង ការស្រាយបំភ្លឺរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចំពោះ “របាយការណ៍រួមស្តីពីការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាឆ្នាំ២០១៣” របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត។
-ប្រធានក្រុមការងាររៀបចំសៀវភៅស ស្តីពីស្ថានការណ៍នយោបាយនៅកម្ពុជា “ការពង្រឹងនីតិរដ្ឋនិងដំណើរការលទ្ធិប្រជាធិបតេយ្យ”។
ដោយឡែកក្នុងអំឡុងកាន់តួនាទីជាថ្នាក់ដឹកនាំនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ពីឆ្នាំ២០២០ លោក ជា វ៉ាន់ដេត បានសម្រេចការងារធំៗចំនួន ៥ ដែលការងារខ្លះបានចាក់ស្រេះរាប់ឆ្នាំដោះមិនចេញ ទើបតែសម្រេចក្នុងអណ្ណត្តិរបស់លោក។
១/ ដាក់ឲ្យប្រើលេខកូដ ផ្តាច់សេវាកាត់លុយគ្មានមូលហេតុ
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោកនៅក្រសួងប្រៃសនីយនិងទូរគមនាគមន៍ បានដាក់ឲ្យប្រើប្រាស់លេខកូដដើម្បីផ្តាច់សេវាកម្មទូរសព្ទបន្ថែមពីគ្រប់ប្រព័ន្ធទាំងអស់ ដោយសារច្រើនរាប់ឆ្នាំមកហើយមានការត្អូញត្អែរពីអ្នកប្រើប្រាស់ អំពីបញ្ហាកាត់ទឹកប្រាក់ដោយពុំដឹងមូលហេតុ។
២/ ដាក់ឲ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យា QR Code ប្រយុទ្ធកូវីដ ១៩
ក្នុងពេលប្រទេសកម្ពុជារងការរាតត្បាតពីជំងឺកូវីដ ១៩ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងអណ្ណត្តិលោកជា វ៉ាន់ដេត បានដាក់ឲ្យដំណើការប្រព័ន្ធបច្ចេកវិទ្យា QR Code ឬ stopcovid.gov.kh ដើម្បីស្វែងរកអ្នកពាក់ព័ន្ធទប់ស្កាត់ការរាតត្បាតនៃការចម្លងបន្តនៃមេរោគកូវីដ១៩។ ប្រព័ន្ធបច្ចេកវិទ្យានេះ អាចគ្រប់គ្រងការចេញចូលអ្នកដំណើរ តាមទីតាំងអាជីវកម្មមានដូចជាភោជនីយដ្ឋាន កន្លែងកម្សាន្ត កន្លែងស្នាក់នៅ រោងចក្រសហគ្រាសនានា ដែលតម្រូវឲ្យម្ចាស់អាជីវកម្មយកទៅព្រីនបិទនៅច្រកចេញចូល ដើម្បីផ្តល់ភាពងាយស្រួលដល់ក្នុងការស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធឬប៉ះពាល់ ប្រសិនបើទីតាំងនោះមានរកឃើញករណីវិជ្ជមានកូវីដ១៩។ ប្រព័ន្ធនេះ នឹងកត់ត្រាទុកនូវទីតាំងរបស់បុគ្គលដែលបានចេញ ឬចូលទៅក្នុងជាប្រព័ន្ធ ងាយស្រួលដល់ការស្រាវជ្រាវទាន់ពេលវេលា។
៣/ បង្កើតពន្ធលើសេវាឌីជីថល
នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចអនុវត្តពន្ធអាករលើតម្លៃបន្ថែមលើទំនិញឌីជីថល និងសេវាឌីជីថលដែលធ្វើប្រតិបត្តិតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា។ ការអនុវត្តពន្ធនេះ ផ្តោតលើការផ្គត់ផ្គង់ទំនិញឌីជីថល ដោយអ្នកជាប់ពន្ធមិនមានទីលំនៅក្នុងប្រទេសកម្ពុជា។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ឈានទៅដល់ការរៀបចំការងារបច្ចេកទេស និងគោលនយោបាយនៃការកំណត់ពន្ធលើសេវាឌីជីថល(Digital Services Tax) ដែលមិនចុះបញ្ជីនៅកម្ពុជា។
៤/ ដាក់ដំណើរការកម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ (Khmer ASR)
នៅថ្ងៃ ១១ មិថុនា ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលមានឯកឧត្តម ជា វ៉ាន់ដេតជារដ្ឋមន្រ្តី ក៏បានដាក់ឲ្យដំណើរការកម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទមានឈ្មោះ Khmer ASR។ កម្មវិធីនេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) បំប្លែងសំឡេងទៅជាអត្ថបទ សម្រួលដល់ការសរសេរបានឆាប់រហ័ស។
កម្មវីធីនេះអាចប្រើប្រាស់ក្នុងទូរសព្ទដៃតាមប្រព័ន្ធប្រតិបត្តិការ Android និង iOS។ រាល់ការនិយាយដោយផ្ទាល់ជាភាសាខ្មែរ ឬពីឯកសារសំឡេងបំប្លែងទៅជាអត្ថបទភាសាខ្មែរដោយស្វ័យប្រវត្តិ។
៥/ ស្ថាប័នជាតិតែមួយគត់ ទទួលការអនុញ្ញាតិពីរដ្ឋាភិបាលទិញឧបករណ៍តេស្តរហ័សចែកចាយទូទាំងប្រទេស
រដ្ឋាភិបាលបានផ្តល់ការអនុញ្ញតិដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាទទួលខុសត្រូវក្នុងការបញ្ជាទិញឧបករណ៍តេស្តរហ័សរកកូវីដ យកមកចែកចាយប្រើប្រាស់ដើម្បីប្រយុទ្ធកូវីដដល់ស្ថាប័នរដ្ឋនិងឯកជននានា។
ក្រៅពីការងារសម្រេចបានខាងលើក្នុងរយៈពេលយ៉ាងខ្លី លោករដ្ឋមន្រ្តីក៏កំពុងដាក់អាទិភាពដោះស្រាយលើការងារមួយចំនួនទៀតដូចជា ការលក់សិទ្ធិផ្ដាច់មុខសេវាទូរគមនាគមន៍ជាមួយម្ចាស់បុរី និងអគារខ្ពស់ៗ ដែលផ្ទុយពីគោលការណ៍ប្រកួតប្រជែង ដោយស្មោះត្រង់ ស្មើភាព និងស្របច្បាប់។
ការងារចាំបាច់ជាអាទិភាពមួយទៀត គឺការដាក់ឲ្យដំណើរការប្រព័ន្ធវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍នៅតាមតំបន់ដែលបញ្ហាពាក់ព័ន្ធគុណភាពសេវា ដើម្បីមានចំណាត់ការតម្រូវឲ្យប្រតិបត្តិករទូរគមនាគមន៍វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់បន្ថែម។
ដោកឡែកថ្មីៗនេះ រដ្ឋមន្រ្តីកំណែទម្រង់រូបនេះ ក៏បានចេញចំណាត់ការដ៏កម្រមួយបញ្ជាឱ្យក្រុមហ៊ុនស្មាត (Smart Axiata) ធ្វើការសុំទោសជាសាធារណៈ និងសងការខូចខាតដល់អតិថិជនដែលត្រូវបានក្រុមហ៊ុនបិទលេខផ្ទុយពីគោលការណ៍ច្បាប់។
ក្រសួងប្រៃសណីយ៍បានស្រាវជ្រាវរកឃើញថា ក្រុមហ៊ុនស្មាត បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរសព្ទដល់អតិថិជន ដោយបានកាត់ផ្តាច់លេខទូរសព្ទរបស់អតិថិជនដែលកំពុងប្រើប្រាស់ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ ក្រៅពីបញ្ជាឱ្យក្រុមហ៊ុនសុំទោសជាសាធារណៈ និងសងថ្លៃខូចខាត ក្រសួងក៏បញ្ជាឱ្យក្រុមហ៊ុនរៀបចំលេខទូរសព្ទឱ្យម្ចាស់ដើមវិញ និងចាត់វិធានការលើអ្នកពាក់ព័ន្ធលើករណីនេះ។
នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈនិយ័តករទូរគមនាគមន៍កម្ពុជា បានចេញចំណាត់ការថ្មីមួយទៀតណែនាំដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់បញ្ឈប់ជាបន្ទាន់ការប្រើប្រាស់លេខកូដខ្លី ឬលេខផ្សេងៗគ្នាហៅចូលទៅកាន់អ្នកប្រើប្រាស់ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាបន្ថែម (VAS) ដែលបង្កការរំខានផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់ ហើយក៏ព្រមាននឹងចាត់វិធានការ ម៉ឺងម៉ាត់តាមច្បាប់ស្តីពីទូរគមនាគមន៍៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ