ព័ត៌មានជាតិ
អាស៊ានរំលឹកខួបលើកទី៥៤ឆ្នាំ ក្រោមប្រធានបទ “យើងយកចិត្តទុកដាក់ យើងរៀបចំ យើងរីកចម្រើន”
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន-ASEAN) កាលពីម្សិលមិញ (ថ្ងៃទី៨ ខែសីហា) បានប្រារព្ធពីធីរំលឹកខួបលើកទី៥៤របស់ខ្លួន ក្រោមប្រធានបទ “យើងយកចិត្តទុកដាក់ យើងរៀបចំ យើងរីកចម្រើន”។
យោងតាមផេកផ្លូវការរបស់អាស៊ានបានលើកឡើងថា ៥៤ឆ្នាំកន្លងមក អាស៊ានពោរពេញទៅដោយក្តីសង្ឃឹម សមិទ្ធផល និងក្តីសុបិន្ត សម្រាប់សហគមន៍អាស៊ាន ដែលកាន់តែខ្លាំងជាងមុន។ យើងរួមគ្នា យើងអាចរីក ចម្រើន យើងរួបរួមគ្នាយើងអាចសម្រេចបានកាន់តែច្រើន ដើម្បីផលល្អប្រសើររបស់ប្រជាជនអាស៊ាន។
ដើម្បីរំលឹកដល់ទិវាអាស៊ានលើកទី៥៤នេះ លេខាធិការដ្ឋានអាស៊ាន បានសហការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន រៀបចំ “ទិវាលក់តាមអ៊ីនធឺណិតអាស៊ាន” លើកទី២ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនទីផ្សារអេឡិចត្រូនិកទៅកាន់អ្នកប្រើប្រាស់ក្នុងតំបន់ផងដែរ។ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងទំនុកចិត្តអ្នកប្រើប្រាស់ឡើងវិញដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឆ្ពោះទៅរកការស្តារឡើងវិញដ៏រឹងមាំ។
ក្រៅពីនេះ ការប្រារព្ធពិធីនេះ ក៏បានរួមបញ្ចូលទាំងការប្រកាសនូវគំនិតផ្តួចផ្តើមថ្មីមួយ ដែលហៅថា “អាហារូបករណ៍អាស៊ាន-មេយប៊ែង” ដែលគាំទ្រដោយមូលនិធិធនាគារមេយប៊ែង (Maybank) ដែលជាអង្គភាពអាស៊ាន ដែលទើបនឹងបានទទួលស្គាល់ថ្មីៗនេះ ដោយសហការជាមួយលេខាធិការដ្ឋានអាស៊ាន។
កម្មវិធីអាហារូបករណ៍នេះ នឹងត្រូវបានសហការអនុវត្តដោយមូលនិធិអាស៊ាន និងបណ្តាញសាកលវិទ្យាល័យអាស៊ាន។ ការដាក់ពាក្យសុំសម្រាប់កម្មវិធីអាហារូបករណ៍នេះនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២។
ទន្ទឹមនឹងនេះដែរ គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន កំពុងរៀបចំឲ្យមានសិក្ខាសាលាតាមប្រព័ន្ធអនឡាញជាសាធារណៈមួយនៅថ្ងៃទី១១ ខែសីហា ខាងមុខ ដោយផ្តោតសំខាន់ទៅលើបញ្ហាសុខភាព និងការស្តារសេដ្ឋកិច្ចឡើងវិញ។
លោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានថ្លែងទៅកាន់ពិធី ដែលត្រូវបានផ្សាយបន្តផ្ទាល់តាមបណ្តាញទំនាក់ទំនងសង្គមរបស់អាស៊ានថា ចាប់តាំងពីជំងឺកូវីដ-១៩ បានផ្ទុះឡើងកាលពីដើមឆ្នាំ២០២០មក ប្លុកនេះបានឆ្លៀតឱកាសក្លាយជាសហគមន៍ដែលមានភាពរឹងមាំ និងមានភាពធន់។
លោកបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់សមាគមនេះ ដើម្បីឆ្ពោះទៅរកការស្តារឡើងវិញក្រោយជំងឺរាតត្បាតសម្រាប់រយៈពេលវែងតាមរយៈការជំរុញការផ្លាស់ប្តូរឌីជីថលគ្រប់ជ្រុងជ្រោយទៅលើគ្រប់វិស័យ។
ចំណែកលោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានអំពាវនាវឱ្យប្រទេសជាសមាជិកទាំងអស់ដើរតួនាទីវិជ្ជមានបន្ថែមទៀតក្នុងការបង្កើតការជម្រុញក្នុងតំបន់ ដើម្បីលើកកម្ពស់គោលការណ៍ និងគុណតម្លៃដែលមានចែងនៅក្នុងទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ។
លោកស្រីបន្ថែមថា “ជំងឺរាតត្បាតស្ទើរតែមិនមែនជាបញ្ហាប្រឈមតែមួយគត់របស់យើងនោះទេ សន្តិភាព និងស្ថេរភាពក្នុងតំបន់ក៏ទាមទារឱ្យមានការយកចិត្តទុកដាក់របស់យើងផងដែរ។ ការប្រកួតប្រជែងអំណាចធំៗមិនបង្ហាញអំពីការថមថយឡើយក្នុងពេលឆាប់ៗនេះ និងមានសក្តានុពលក្នុងការបែងចែកក្នុងចំណោមពួកយើង”។
សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ដោយដំបូងឡើយមានប្រទេសចំនួន០៥ គឺប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេស ថៃ ហើយប្រទេសកម្ពុជាបានក្លាយខ្លួនជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មានទីស្នាក់ការកណ្តាល នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី៕ កោះកែវ
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក