ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងខិតខំជម្នះ នូវនិន្នាការភូមិសាស្ត្រនយោ បាយអវិជ្ជមាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ ប្រទេសកម្ពុជា នឹងខិតខំស្វែងរកលទ្ធភាព ក្នុងការលើកកម្ពស់ភាពជាដៃគូ ជាមួយដៃគូសន្ទនាអាស៊ាន ដែលមានស្រាប់ និងពង្រីកបញ្ជីដៃគូខាងក្រៅ របស់អាស៊ាន ដោយផ្អែកលើគោលការណ៍នានា របស់អាស៊ានរួមទាំង នៅក្នុងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដើម្បីជម្នះនូវនិន្នាការ ភូមិសាស្ត្រនយោបាយអវិជ្ជមាន យើងប្តេជ្ញាលើកកម្ពស់របៀបវារៈ ដែលជំរុញស្មារតីសហប្រតិបត្តិការ និងគាំទ្រដល់មជ្ឈភាពអាស៊ាន ក៏ដូចជាភាពស្ងប់ក្សេមក្សាន្ត និងវឌ្ឍនភាពក្នុងតំបន់។
នៅក្នុងសារលិខិតអបអរទិវាអាស៊ាន ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងផងដែរថា នៅពេលដែលយើងត្រៀម ការងារមូលដ្ឋាន សម្រាប់រៀបចំចក្ខុវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ កម្ពុជានឹងបន្តជំរុញឲ្យសហគមន៍អាស៊ាន កាន់តែមានភាពរស់រវើកនិងសុខ ដុមរមនាថែមទៀត។
សម្តេចតេជោ បានលើកឡើងទៀតថា យើងនឹងព្យាយាម លើកកម្ពស់ការ ការពារពលករចំណាកស្រុក និងបង្កើនការគាំទ្រសម្រាប់របៀបវារៈ ស្តីពី ការអភិវឌ្ឍបៃតង និងប្រកបដោយបរិយាប័ន្ន ការផ្លាស់ប្តូរទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូតូច និងមធ្យម (MSMEs) និងសហគ្រិនភាព របស់ស្ត្រី និងយុវជន គឺជាវិស័យដែលយើង ត្រូវយកចិត្តទុកដាក់។
សម្តេចតេជោ បន្តថា សហគ្រាសខ្នាតមីក្រូតូច និងមធ្យម គឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចក្នុងតំបន់ របស់យើងហើយតំណាងឲ្យ៩៩% នៃស្ថាប័នធុរកិច្ចទាំងអ ស់ដែលភាគច្រើន ជាកម្មសិទ្ធិរបស់ស្រ្តី(៦០% នៅក្នុងប្រទេសកម្ពុជា)និងបានផ្តល់ការងារ សម្រាប់កម្លាំងពលកម្មជាង៨០% នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។ ដូច្នេះការគាំទ្រដល់វិស័យ ទាំងនេះមិនត្រឹមតែជួយ ដល់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំង ជួយធានាមិនឲ្យយើងមានការខកខាន ក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ខណៈដែលមានការទទួលស្គាល់ កាន់តែច្រើនថាស្រ្តីមាន តួនាទីលើសពីការងារអភិវឌ្ឍសេដ្ឋ កិច្ចសង្គមកម្ពុជា នឹងជំរុញការគាំទ្រ លើរបៀបវារៈ ស្តីពី ស្ត្រីសន្តិភាពនិងសន្តិសុខ។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា លើសពីនេះទៀត យើងប្រាថ្នាលើកកម្ពស់កិត្តិនាម របស់អាស៊ានក្នុងឆាកអន្តរជាតិ និងការចូលរួមចំណែកយ៉ាងសកម្ម ក្នុងប្រតិបត្តិការរក្សាសន្តិភាព និងការកសាងសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ តាមរយៈសកម្មភាពនានា ដូចជា សកម្មភាពមនុស្សធម៌លើវិស័យមីន ដែលមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន អាចដើរតួនាទីសំខាន់។
កម្ពុជាពេញចិត្តថែបំប៉នអាស៊ាន ក្នុងនាមជាអង្គការ ដែលមានទស្សនៈសម្លឹងឆ្ពោះ ទៅពិភពខាងក្រៅ។ នៅពេលដែលយើងខិតខំផ្សារភ្ជាប់ ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់ ឲ្យក្លាយជាគ្រួសារដ៏រឹងមាំមួយ យើងក៏នឹងខិតខំបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀត ជាមួយដៃគូខាងក្រៅ ផងដែរ ដោយឈរលើស្មារតីសមភាព ផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។
គួររំលឹកថា សល់រយៈពេលមិនដល់៥ខែទៀតទេ កម្ពុជានឹងទទួលតួនាទី ជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី៣គិតចាប់តាំងពី បានចូលរួម ក្នុងសមាគមនេះក្នុង ឆ្នាំ១៩៩៩។ ឆ្នាំនេះគឺជាខួប៥៤ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន។ ក្នុងរយៈពេលជាង៥ ទសវត្សរ៍មកនេះអាស៊ាន បានពង្រីកសមាជិកភាពរបស់ខ្លួន ដោយបានរួមបញ្ចូលគ្រប់ប្រទេសទាំងអស់ លើកលែងតែប្រទេសមួយគត់ នៅក្នុងតំបន់ និងបានលើកកម្ពស់ការធ្វើសមាហរណកម្មផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ក្នុងចំណោមប្រទេសសមាជិក និងជាមួយដៃគូនានា។
អាស៊ាន ក៏បានបន្តង្រឹងកិត្យានុភាព ជាអង្គការតំបន់មួយពោរពេញ ដោយថាមវន្ទ័ និងភាពរស់រវើកបំផុតក្នុងសាកលលោក លើទិដ្ឋភាពសក្តានុពលសេដ្ឋកិច្ច និងគុណប្រយោជន៍ប្រៀបធៀប។ ក្នុងឆ្នាំនេះប្រទេសប្រុយណេ ដែលជាប្រធានប្តូរវេនរបស់អាស៊ាន មានឆន្ទៈជំរុញដំណើរការអាស៊ាន ឆ្ពោះទៅមុខបន្ថែមទៀត ក្រោមមូលបទ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន» ដែលស័ក្តិសមបំផុតជា មួយនឹងបញ្ហាប្រឈមដ៏ស្រួចស្រាល់ផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសង្គម នាពេលបច្ចុប្បន្ន ដើម្បីឈានឆ្ពោះទៅរក ការសម្រេចទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។
អាស៊ាន ត្រូវបានបង្កើតឡើង ដើម្បីថែរក្សា និងជំរុញការអភិវឌ្ឍ ប្រកបដោយភាពសុខសាន្ត និងដើរតួនាទីជាវេទិកាលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាជនក្នុងតំបន់។ ស្មារតីនៃការគោរពគ្នាទៅវិញទៅមក លើឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីសមភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងដែលប្រទេស សមាជិកអាស៊ានទាំងអស់ បានលើកស្ទួយតាំងពីឆ្នាំ១៩៦៧ ព្រមទាំងគោលការណ៍កុងសង់ស៊ីស នៅតែបន្តជាគោលការណ៍មាគ៌ា ជាមូលដ្ឋានសម្រាប់ដំណើរការកសាង សហគមន៍របស់យើង។
ឈរលើហេតុផលនេះ ជានិច្ចជាកាលអាស៊ាន គឺជាផ្នែកមួយដ៏សំខាន់ និងមិនអាចកាត់ផ្តាច់បាន នៃនយោបាយការបរទេសរបស់កម្ពុជា។ តាមរយៈក្របខណ្ឌអាស៊ាន យើងមានលទ្ធភាពពង្រីក ជាអតិបរមានូវកាលានុវត្តភាព ដើម្បីបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងដៃគូខាងក្រៅទូទាំងសាកលលោក ក្នុងបុព្វហេតុ លើកកម្ពស់សន្តិភាពយូរអង្វែង សន្តិសុខ វិបុលភាព និងការ អភិវឌ្ឍជាតិលើគ្រប់ទិដ្ឋភាព។
ក្នុងនាម ជាអង្គការតំបន់អាស៊ាន ទទួលបានជោគជ័យនាពេលកន្លងមក ក្នុងការធានាបានជូនប្រជាជន របស់ខ្លួននូវសន្តិភាព ស្ថិរភាព សន្តិសុខនិងការអភិវឌ្ឍ ជាបន្តបន្ទាប់។ ខាងផ្នែកសេដ្ឋកិច្ច អាស៊ានសម្រេចបាននូវវឌ្ឍនភាពយ៉ាងធំធេង ដោយបានប្រែក្លាយខ្លួន ទៅអំណាចសេដ្ឋកិច្ចដ៏ ធំលំដាប់ទី៣ នៅទ្វីបអាស៊ី និងលំដាប់ទី៦ នៅក្នុងសាកលលោក។ តែពេលនេះ អាស៊ានកំពុង ប្រឈមមុខ នឹងឧបសគ្គយ៉ាងធំ នៅក្នុងដំណើររបស់ខ្លួន។
ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយការផ្ទុះ ជំងឺរាតត្បាតកូវីដ-១៩ ចាប់តាំងពីដើមឆ្នាំ២០២០ មកបានទាញសេដ្ឋកិច្ចតំបន់និង សាកលលោកឲ្យធ្លាក់ចូល ក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ និងបានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ការរស់នៅរបស់ប្រជាជន។ ទន្ទឹមនឹងនេះកំណើន នៃការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នា រវាងប្រទេសមហាអំណាច ដែលបានរីករាលដាល ទៅជាសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា បាននឹងកំពុងដាក់សម្ពាធ កាន់តែធ្ងន់ធ្ងរថែមទៀត ដល់សន្តិភាព សន្តិសុខ និងវិបុលភាព ក្នុងតំបន់ទាំងមូល។ នេះយើងមិនទាន់រាប់បញ្ចូល ទាំងបញ្ហាប្រឈម មិនប្រពៃណី ដែលមានស្រាប់ និងកំពុងលេចឡើង មួយចំនួនទៀត ដែលអាស៊ានកំពុងតែជួបប្រទះ មានដូចជាបញ្ហានៃការវិវត្ត ផ្លាស់ប្តូរដ៏ឆាប់រហ័សផ្នែកបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងការជួញដូរគ្រឿងញៀន ជួញដូរមនុស្សនិងបញ្ហា ភេរវកម្ម។ល៕ (ដោយ)៖ណារី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ