កីឡា
លោក ស សុខា បន្តជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាសម្រាប់អាណត្តិថ្មី ឆ្នាំ២០២១ – ២០២៥
លោក ស សុខា បានទទួលការគាំទ្រពីអង្គមហាសន្និបាតឱ្យធ្វើជាប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា សម្រាប់អាណត្តិទី៧ឆ្នាំ ២០២១ – ២០២៥បន្តទៀត បន្ទាប់ពីគណៈកម្មាធិការប្រតិ បត្តិអាណត្តិចាស់(ទី៦) និងបណ្តាក្លិបសមាគមកីឡានៅទូទាំងប្រទេស សម្រេចបោះឆ្នោតគាំទ្រជូនលោកឱ្យធ្វើជាប្រធានសម្រាប់អាណត្តិថ្មី ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦កាលពីព្រឹកថ្ងៃទី ១៣ខែសីហាឆ្នាំ២០២១ តាមប្រព័ន្ធ Zoom ។
សម្រាប់អាណត្តិថ្មីទី៧ ២០២១-២០២៥នេះ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធមានចំនួន ១៤ នាក់ ក្នុងនោះរួមមាន លោក ស សុខា ប្រធានសហព័ន្ធ,លោក ប៊ូ ជុំសេរី អនុប្រធានទី១ ,លោកអ៊ុក សិទ្ធិជាតិ,ស៊ុម សុជាតិ,អ្នកឧកញ៉ា លាង ឃុននិងលោកឧកញ៉ា សុខ ហុង អនុប្រធាន។លោកសុខ សប្បាយណា អគ្គលេខាធិការ លោក ព្រំ ប៊ុណ្ណយី និង កញ្ញា គីន សំណាងអគ្គលេខាធិ ការរង ។ លោក ណុប ដារ៉ា អគ្គហេរញ្ញឹក, លោកមៀង ឈាង ,លោក ទេស សូ,លោក ឡាយ សែម , លោក ពៅ វណ្ណា សមាជិក ។
ក្នុងនាមជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េ តង់កម្ពុជា អាណត្តិទី៧ លោកស សុខា បានប្តេជ្ញាចិត្តបំពេញកិច្ចការងារសម្រាប់អាណត្តិថ្មី សំដៅបម្រើផលប្រយោជន៍សហព័ន្ធ និងដើម្បីតបស្នងចំពោះការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងស្វែងរកលទ្ធផលល្អៗ ជោគជ័យថ្មីៗ ជូនអ្នកគាំទ្រ និងជាតិមាតុភូមិនៃយើង។
បើតាមរបាយការណ៍លទ្ធផលបញ្ចប់អាណត្តិរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបញ្ជាក់ថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩២ ក្រោមការផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលមាន សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និង សម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស ព្រមទាំងស្ថាបនិកជាច្រើនរូបទៀត ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលាដ៏មមាញឹក និងថវិកាផ្ទាល់ខ្លួន ក្នុងការជំរុញវិស័យកីឡាប៊ូល និងប៉េតង់ រហូតមានភាពល្បីល្បាញ និងការកោតសរសើរលើសកលលោក ដោយទទួលបានការប្រសិទ្ធនាមពីសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ ថា “កម្ពុជា ជាមហាអំណាចលើប្រភេទកីឡាប៉េតង់”។ បច្ចុប្បន្ន ប៊ូល និងប៉េតង់ ជាកីឡាមួយប្រភេទ ដែលទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសាធារណជនគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងមានសក្តានុពលក្នុងការដណ្តើមយកនូវមេដាយជូនជាតិមាតុភូមិ គិតត្រឹមឆ្នាំ២០២០ សហព័ន្ធទទួលបានមេដាយកម្រិតអន្តរជាតិ សរុបប្រមាណ ៣៦៩គ្រឿង (មាស ១០៧ ប្រាក់ ១៣១ និងសំរឹទ្ធ ១៣១) ដែលសមិ ទ្ធផលគួរជាមោទនៈនេះ គឺអាចកើតមានឡើងពីការជ្រោមជ្រែង និងការត្រួសត្រាយផ្លូវរបស់ថ្នាក់ ដឹកនាំជំនាន់មុន ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ គឺពុំអាចបំភ្លេចនូវស្នាដៃដ៏ឧដុង្គឧត្តមនេះបានឡើយ។
គួររំលឹកថា ក្នុងការដឹកនាំអាណត្តិទី៦ របស់លោកស សុខា រយៈកាលកន្លងទៅនេះ សហព័ន្ធបានសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោ យបានរៀបចំផែនការយុទ្ធសាស្ត្រច្បាស់លាស់ ទាំងការងាររដ្ឋបាលប្រចាំថ្ងៃ ការបណ្តុះបណ្តាលដែលបានចង់ក្រងនូវសៀវភៅ “បណ្តុះបណ្តាលគ្រូបង្វឹក” និង “កម្មវិធីហ្វឹកហាត់ និងការធ្វើតេស្ត” ការធ្វើកំណែទម្រង់លើការដាក់ពិន្ទុ និងការធ្វើតេស្តកីឡាករ កីឡាការិនី ដោយមានភាពច្បាស់លាស់ និងសុក្រឹត្យភាព ការហ្វឹកហាត់ប្រកបដោយវិន័យ ពិន័យ និងក្រមសីលធម៌កីឡា ការរៀបចំគោលការណ៍ជ្រើសរើសកីឡាករ កីឡាការិនី ដែលជាក្រុមល្អបំផុតតំណាងជាតិ ទៅប្រកួតអន្តរជាតិ ព្រមទាំងពង្រីកវិសាលភាព និងតម្លាភាពនៃការប្រកួត។ បន្ថែមនេះ ការចូលរួមប្រកួតកម្រិតអន្តរជាតិ ចំនួន ៧ លើក ទទួលបានមេដាយសរុប ចំនួន ១៣ គ្រឿង (មាស ៧ ប្រាក់ ៣ និងសំរឹទ្ធ ៣)។ លើសពីនេះ ការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត កៅអីអង្គុយ ប្រព័ន្ធភ្លើង និងប្រព័ន្ធលូរំដោះទឹកផ្សេងៗ ដែលនេះបានបង្កភាពងាយស្រួលដល់មន្ត្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី អាចហ្វឹកហាត់ប្រកបដោយការយកចិត្តទុកដាក់ ស្របតាមបទដ្ឋានបច្ចេកទេស។
ជាមោទកភាព សហព័ន្ធបានទទួលជាម្ចាស់ផ្ទះការប្រកួត “ជើងឯកប៉េតង់ពិភពលោកយុវជន និងស្ត្រី” លើកទី១៧ ឆ្នាំ២០១៩ ដោយទទួលបានការចូលរួមយ៉ាងច្រើនកុះករពី ៤៩ប្រទេស ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៤៤៩នាក់ និងអ្នកគាំទ្របរទេស ចំនួន ៧៩នាក់ ដោយទទួលបានការសាទរ និងកោតសរសើរពីអន្តរជាតិ ថា “កម្ពុជា ជាប្រទេសដែលរៀបចំការប្រកួតជើងឯកប៉េតង់ពិភពលោកបានល្អបំផុត ដែលពុំធ្លាប់ឃើញកន្លងទៅនេះ” បន្ថែមពីនេះ ការបំបែកនូវកំណត់ត្រាថ្មីរបស់សហព័ន្ធអន្តរជាតិ ដែល វីរៈកីឡាការិនី កែ ឡេង បានបង្កើតនូវស្នាដៃជាប្រវត្តិសាស្ត្រ ជូនដល់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក្នុងការដណ្តើមយកនូវមេដាយមាស ៤ជំនាន់ជាប់គ្នា លើវិញ្ញាសាវាយយកពិន្ទុ ឆ្នាំ២០១៣ ២០១៥ ២០១៧ និង២០១៩។ ភាពជោគជ័យនេះ ដោយសារសហព័ន្ធបានរៀបចំប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ដើម្បីគ្រប់គ្រងទិន្នន័យសម្ព័ន្ធ ក្លិប និងការផ្តល់អាជ្ញាបណ្ណ ព្រមទាំងអត្តសញ្ញាណប័ណ្ណកីឡាជូនដល់មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ និងកីឡាការិ នី ដោយនឹងដាក់ដំណើរការ នាពេលខាងមុខ។
នៅក្នុងស្ថានភាពនៃការរីករាតត្បាតជំងឺកូវីដ- ១៩ បានធ្វើឱ្យមានការប៉ះពាល់ដល់ការងារប្រចាំ ថ្ងៃ និងការហ្វឹកហាត់ ប៉ុន្តែសហព័ន្ធនៅតែរក្សាបានស្ថេរភាពការងារប្រចាំថ្ងៃ ថែមទាំងបានជំរុញបន្ថែមនូវការអនុវត្តផែនការមេដែលបានដាក់ ចេញ និងរៀបចំផែនការយុទ្ធសាស្ដ្រជាបន្តបន្ទាប់ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា បណ្តាញទំនាក់ទំនង និងស្វែងរកទីតាំងដែលសមស្របក្នុងហ្វឹកហាត់ផ្ទាល់ជាក្រុមតូចៗ ដោយរក្សាខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ ដើម្បីរក្សានូវកម្រិតគុណផលដែលអាចទទួលយកបាន ក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ និងលើកទី៣២ ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះ៕
អត្ថបទ៖ វិសិទ្ធ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍១ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
តារាចម្រៀងម្នាក់ស្លាប់ ក្រោយចូលម៉ាស្សា៣ដងនៅហាងមួយក្នុងប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ