Connect with us

កីឡា

កម្ពុជា​និង​សិង្ហ​បុរី គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ទូកក្តោង​អន្ដរជាតិ នៅ​ខេត្ត​ព្រះសីហនុ នា​ចុង​ឆ្នាំនេះ

បានផុស

នៅ

គម្រោង​រៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះ បន្ទាប់ពី​សហព័ន្ធ​កីឡា​ទូកក្ដោង​សិង្ហ​បុរី​បាន​ដឹង​ថា ការ ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម មិន​ត្រូវ​បាន​ម្ចាស់ផ្ទះ​ដាក់​ប្រភេទ​កីឡា​ទូកក្ដោង​ក្នុងការ​ប្រកួត​នោះទេ​។

នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​បណ្ឌិត​ថោង ខុន អនុប្រធាន​អចិ​ន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAM SOC) ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ កាលពីដើម​សប្តាហ៍​កន្លង​មក​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​លោក​បណ្ឌិត​ថោង ខុន ត្រូវ​បាន​អង្គសន្និបាត ពិសេស​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈ​ក​ម្មាធិ​ការ​ជាតិ CAMSOC សម្ដែង​ការគាំទ្រ និង​ជំរុញ​ឲ្យ​រៀបចំ ដើម្បី​សម្រេច​ផែនការមេ​ត្រៀម​ស៊ី​ហ្គេម​នៅ​កម្ពុជា​។

សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា និង​សហព័ន្ធ​កីឡា​ទូកក្ដោង​សិង្ហ​បុរី គ្រោង​សហការ​គ្នា​រៀបចំ​ការប្រកួត​កីឡា​ទូកក្ដោង​អន្ដរជាតិ​មួយ នៅ​តំបន់ឆ្នេរ នា​ខេត្ត​ព្រះសីហនុ នា​ខែធ្នូ ឆ្នាំ​២០២១ ខាងមុខនេះ​។

អនុប្រធាន​អចិន្ដ្រៃយ៍​CAMSOC បាន​មាន​ប្រសាសន៍​ថា «​បន្ទាប់ពី​ដឹង​ថា ស៊ី​ហ្គេម ឆ្នាំ​២០២១ ដែល​ត្រូវបាន​ពន្យារពេល​ទៅ​ខែមេសា​ឆ្នាំ​២០២២ នៅ​វៀតណាម មិន​ត្រូវបាន​ម្ចាស់ផ្ទះ​វៀតណាម ដាក់​កីឡា​ទូកក្ដោង ក្នុង​ប្រភេទ​កីឡា​ប្រកួត​ស៊ី​ហ្គេម ហេតុនេះ​សហព័ន្ធ​កីឡា​ទូកក្ដោង​សិង្ហ​បុរី ក៏បាន​ខិតខំ​និង​មាន​គម្រោង​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទូកក្ដោង​អន្ដរជាតិ​មួយ នៅ​ខេត្ត​ព្រះ សីហនុ នា​ខែធ្នូ ឆ្នាំ​២០២១ ដែល​តាម​គម្រោង​មាន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ប្រហែល ៧ ទៅ ៨ ប្រទេស​ចូលរួម »។

លោក​បណ្ឌិត​ថោង ខុន បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​ការ​គម្រោង​រៀបចំ​ការប្រកួត​កីឡា​ទូកក្ដោង​អន្ដរជាតិ​នៅ​កម្ពុជា​នេះ ពិសេស​ដោយមាន​ការ​គាំទ្រ​ពី​សហព័ន្ធ​កីឡា​ទូកក្ដោង​សិង្ហ​បុរី ព្រោះ​ប្រសិនបើ​មិន​មាន​ការប្រកួត​អន្ដរជាតិ​នោះទេ អាច​ជា​ផល​លំបាក​សម្រាប់​ការ​ត្រៀមខ្លួន ក៏ដូចជា​ការ​វាស់​ស្ទង់​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេម​។ ដូច្នេះ កិច្ចសហការ​រវាង​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា​និង​សិង្ហ​បុរី គឺជា​ការ​ល្អ​មួយ ដើម្បី​ជំរុញ​វិស័យ​កីឡា​ទូកក្ដោង​កម្ពុជា សម្រាប់​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម