សេដ្ឋកិច្ច
អ្នកដាំមៀនអាចសង្ឃឹមឡើងវិញ ខណៈក្រុមហ៊ុនថៃបានភ្លើងខៀវនាំចេញទៅចិនឡើងវិញ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះបានជូនដំណឹងល្អមួយទៅកាន់ប្រជាកសិករ និងអ្នកប្រកបដាំមៀននៅបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃថា អ្នកដាំមៀននៅកម្ពុជាអាចមានសង្ឃឹមជាថ្មីក្នុងការនាំផ្លែមៀននាំចេញទៅប្រទេសថៃជាថ្មីទៀតបន្ទាប់ពីរដ្ឋាភិបាលចិនបានចសម្រេចនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ឱ្យក្រុមហ៊ុនថៃចំនួន៥៦ អាចនាំចូលមៀនទៅកាន់ប្រទេសចិនបានឡើងវិញ។ នេះបើយោងតាមលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។
លោក ហ៊ាន វណ្ណហន បានបញ្ជាក់បែបនេះនៅក្នុងផេកហ្វេសបុកផ្លូវការរបស់លោកនាល្ងាចថ្ងៃទី១៨ ខែសីហាថា៖ “អ្នកដាំមៀននៅកម្ពុជាអាចមានសង្ឃឹមជាថ្មីបន្ទាប់ពីរដ្ឋាភិបាលចិនបានសម្រេចឡើងវិញក្នុងថ្ងៃនេះឱ្យក្រុមហ៊ុនថៃ៥៦ ក្រុមហ៊ុននាំចូលមៀនទៅប្រទេសចិន ដោយឆ្លងកាត់នីតិវិធីលាងសម្អាតដ៏ហ្មត់ចត់មួយ”។
លោក ហ៊ាន វណ្ណហន បានបញ្ជាក់បែបនេះដោយផ្អែកទៅលើវេបសាយរបស់កាសែត The Nation របស់ថៃបានចុះផ្សាយនៅថ្ងៃទី១៨ សីហា ២០២១ ថាប្រទេសចិនបានយល់ព្រមទិញផ្លែមៀនពីក្រុមហ៊ុននាំចេញថៃចំនួន ៥៦ ដោយផ្តល់ឱ្យពួកគេអនុវត្តតាមនីតិវិធីកំណត់លើការសម្អាតផ្លែមៀន។
គួរបញ្ជាក់ថា ប្រទេសចិនបានហាមឃាត់ការនាំចូលផ្លៃមៀនពីអ្នកនាំចេញថៃចំនួន ៧៥ក្រុមហ៊ុន ដោយសារផ្លែឈើនេះត្រូវបានគេរកឃើញមានសត្វល្អិតនៅលើផ្លែមៀន។ ក្នុងចំណោមក្រុមហ៊ុននាំចេញទាំងនោះមាន៦៦ក្រុមហ៊ុនត្រូវបានហាមឃាត់កាលពីខែវិច្ឆិកា ឆ្នាំ២០២០ និង ៩ក្រុមហ៊ុនទៀតនៅខែមីនា ឆ្នាំ២០២១។
អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណថៃ លោកស្រី ម៉ាណានយ៉ា ថាសេត (Mananya Thaiset) បានថ្លែងអំណរគុណប្រទេសចិនចំពោះការសម្រេចចិត្តនេះ ហើយសង្ឃឹមថាក្រុមហ៊ុននាំចេញថៃនឹងកែលម្អនីតិវិធីរបស់ខ្លួនស្របតាមតម្រូវការរបស់ប្រទេសចិន។
លោកស្រីបានមានប្រសាសន៍ថា៖”ក្រសួងកសិកម្មនឹងធានាឱ្យអ្នកនាំចេញធ្វើតាមវិធានការដែលបានកំណត់ដោយប្រទេសចិនដើម្បីការពារការកើតឡើងវិញនៃបញ្ហាទាំងនេះនាពេលអនាគត”។
លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅលើហ្វេសប៊ុកលោកថា រដ្ឋាភិបាលចិនបានប្រកាសបិទដោយគ្មានកាលកំណត់នូវការនាំចូលផ្លែមៀនពីប្រទេសថៃកាលពីថ្ងៃសុក្រ ទី១៣ ខែសីហា ដោយសារនៅលើផ្លែមៀននាំចូលពីប្រទេសថៃមានជាប់នូវចៃម្សៅ ឬហៅថា ក្រាម្សៅ។ បើនិយាយពីសុវត្ថិភាពអាហារ ចៃនោះមិនបង្កជាតិពុលក្នុងផ្លែមៀនទេ ប៉ុន្តែបើនិយាយពីសន្តិសុខភូតគាមអនាម័យ ចៃម្សៅ ជាសត្វល្អិតចង្រៃដែលទីផ្សារអន្តរជាតិទប់ស្កាត់។
ដោយសារតែប្រទេសចិនបានហាមខាត់ក្រុមហ៊ុនថៃមិនឱ្យនាំចូលទៅកាន់ប្រទេសចិនបានជះឥទ្ធិពលដល់ប្រជាពលរដ្ឋខ្មែរដែលប្រកបរបរដាំមៀននៅតាមខេត្តជាប់ព្រំដែន កម្ពុជា-ថៃ និងបានបង្ហាញនូវក្តីព្រួយបារម្ភចំពោះការខាតបង់របស់ពួកគាត់ដោយសារមៀនដល់ពេលប្រមូលផលស្រាប់តែមិនអាចនាំចេញទៅប្រទេសថៃបាន។ សហគមន៍មៀនប៉ៃលិនដែលមានសមាជិករបស់ខ្លួននៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យបានបញ្ជាក់ថា បច្ចុប្បន្នសហគមន៍មានទិន្នផលផ្លែមៀនដែលត្រូវប្រមូលផលចំនួនប្រមាណ ៥ ម៉ឺនតោន ខណៈដែលប្រទេសថៃគឺជាជាទីផ្សារធំសម្រាប់ផ្លែមៀនប៉ៃលិនរបស់កម្ពុជា។
លោក សួន ជុំ អនុគណៈកម្មាការធិការដំណាំមៀនប៉ៃលិនបានថ្លែងឱ្យដឹងកាលពីសប្តាហ៍មុននេះថា យើងកំពុងមានការព្រួយបារម្ភខ្លាំងបន្ទាប់ពីចូលដល់រដូវប្រមូលផលផ្លែមៀនប៉ៃលិនបែរជាភាគីថៃបិទការនាំចូលទៅវិញ។ លោក សួន ជុំ បានប៉ាន់ប្រមាណថាមៀនប៉ៃលិនប្រមាណ ៥ ម៉ឺនតោននឹងប៉ះពាល់ ដោយសារករណីនេះហើយមៀនប៉ៃលិន ៧០ ភាគរយបាននាំចេញទៅចិនដោយឆ្លងកាត់ប្រទេសថៃ និង ៣០ភាគរយសម្រាប់ផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុកជារៀងរាល់ឆ្នាំ។ លោកបន្តថា ប្រសិនបើផ្លែមៀនមិនអាចនាំចេញនឹងខូចខាតអស់ក្នុងរយៈពេលយ៉ាងយូរ ២០ថ្ងៃគិតចាប់ពីថ្ងៃបេះ ផ្លែមៀនទាំងអស់នឹងត្រូវបោះចោលព្រោះគ្មានឃ្លាំងស្តុក។
គួរបញ្ជាក់ថា ផលិតផលមៀនប៉ៃលិនកំពុងសង្ឃឹមខ្ពស់នឹងអាចនាំចេញទៅទីផ្សារចិនខណៈទិន្នផលផ្លែមៀនប៉ៃលិនមានជាង ២០ម៉ឺនតោនក្នុងមួយឆ្នាំ។
ពាក់ព័ន្ធបញ្ហានេះក្រសួងកសិកម្មបានផ្ញើលិខិតចរចាជាមួយថៃដើម្បីបើកទីផ្សារនាំចូលមៀនកម្ពុជាទៅប្រទេសថៃតាំងពីថ្ងៃ១៦ ខែសីហា ឆ្នាំ២០១៩ ម្លេះ តែរហូតមកទល់ពេលនេះការចរចារមិនទាន់សម្រេចលទ្ធផលឯកភាពគ្នាស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនទៅថៃនៅឡើយ។ ទន្ទឹមនោះកម្ពុជាក៏បានផ្ញើលិខិតចរចាជាមួយចិនដែរដើម្បីនាំចូលផ្លែមៀនប៉ែលិនកម្ពុជាទៅចិនកាលពីថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០១៩ តែចិនក៏មិនទាន់សម្រេចលទ្ធផលឯកភាពដែរ។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអំពាវនាវដល់អ្នកនាំចេញផ្លែមៀនប៉ៃលិនឱ្យបង្វែរពីប្រទេសថៃទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីប្រទេសថៃមិនអនុញ្ញាតឱ្យនាំចូលមៀនប៉ៃលិនរបស់កម្ពុជាតាមច្រកព្រំដែនគោករវាងប្រទេសទាំង២ ព្រោះភាគីទាំង២បានឯកភាពគ្នាលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យរួចហើយ។ ប៉ុន្តែដោយវិធានការបង្វែទិសដៅនាំចេញនេះស្ថិតក្នុងដំណាក់ការរង់ចាំនៅឡើយ ក្រសួងកសិកម្មបានអំពាវនាវដល់ពលរដ្ឋខ្មែរ ផ្សារទំនើប ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃ ជួយទិញផ្លែមៀនខ្មែរ តាមលទ្ធភាព។
បន្ទាប់ពីទទួលបានដំណឹងពីការលំបាករបស់ប្រជាកសិករដាំមៀននេះនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែនបានបញ្ជាឱ្យនាយឧត្តមសេ នីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចចុះប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញ ដោយសារការឆ្លងរីករាលដាលជំងឺកូវី-១៩។ ពេញមួយថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងបានដឹកនាំក្រុមការងារ ប្រមូលទិញផ្លែមៀនពីប្រជាកសិករប្រមាណ ៧៥ តោនរួចហើយធ្វើការផ្តល់ជូនទៅតាមស្ថាប័ន និងអង្គភាពផ្សេងៗតែម្តង៕
អត្ថបទ៖ ណារី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់