Connect with us

ព័ត៌មានជាតិ

តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ ​៖ ការចូលរួម​ជាមួយ​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល ពុំ​មែន​ជា​អាជ្ញាប័ណ្ណ​បំពាន​ច្បាប់​នោះទេ

បានផុស

នៅ

ការ​លើកឡើង​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ហ្សឺ​ណែវ​បែបនេះ ជាការ​ឆ្លើយតប​ចំពោះ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​អ្នករាយការណ៍​ពិសេស​មួយក្រុម​តូច ដែល​ពុំបាន​ផ្តល់​ការយកចិត្តទុកដាក់ ចំពោះ​សារៈសំខាន់ នៃ​ការអនុវត្ត​ច្បាប់ និង​ការប្រព្រឹត្ត​ដោយ​ភាពស្មើគ្នា​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ការអត្ថាធិប្បាយ​នោះ បង្ក​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​យ៉ាង​ខ្លាំង​ពី​មហាជន​។

តាមរយៈ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១​នេះ លោក អាន សុខ​ខឿន ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ហ្សឺ​ណែវ​បាន​លើក​ឡើង​ចំនួន​៦​ចំណុច​រួមមាន​៖

​ទី​១៖ ដូច​សព្វមួយដង​ដែរ បុគ្គល​ដែល​អះអាង​ខ្លួន​ជា​អ្នកជំនាញ ប៉ុន្តែ​បម្រើ​ការងារ​ក្នុង​សមត្ថភាព​ផ្ទាល់ខ្លួន និង​មិនមែន​ជា​មន្ត្រី​របស់​អង្គការសហប្រជាជាតិ បាន​តាំង​ខ្លួនឯង​ជា​ចៅក្រម អារកាត់​សេចក្ដី​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​។ ការប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ​បែបនេះ គឺជា​ការបំពាន​លើ​ក្រមសីលធម៌ និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​របស់​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេស ដែល​ឯកសារ​ទាំងពីរ​នេះ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការគោរព​ច្បាប់​ជាតិ និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។

ទី​២៖ ការ​អះអាង​ថា ការ​កាត់ទោស លោក រ៉ុង ឈុន មិនមាន​ភាព​ត្រឹមត្រូវ និង​ពុំ​សមាមាត្រ​នោះ បង្ហាញថា ក្រុម​អ្នកជំនាញ​ទាំងនោះ​ពុំបាន​យកចិត្តទុកដាក់​លើ​អង្គហេតុ​និង​អង្គច្បាប់​ឡើយ​។ ដោយ​ស្រមៃ​ចង់បាន​ជាប់​ជានិច្ច​នូវ​រូបភាព​សេរីភាព​បញ្ចេញមតិ​ជ្រុល​ហួស ក្រុម​អ្នកជំនាញ​បាន​មើលស្រាល​ចំពោះ​ផលវិបាក​ដ៏​មហន្តរាយ​និង​មិនអាច​វិល​ត្រឡប់​ទៅរក​សភាព​ដើម​បាន​នៃ​ព័ត៌មាន​ក្លែងក្លាយ នៅពេល​ត្រូវ​បាន​សាយភាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ ការ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​ព្រំដែន​ដោយ​ប្រើប្រាស់​ព័ត៌មាន​បំភ្លៃ​ការពិត​និង​បំផ្លើស ពុំ​មែន​ជា​ការ​អនុវត្ត​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះទេ​។ បញ្ហា​ទឹកដី​ដែលមាន​លក្ខណៈ​រសើប​និង​ស្មុគស្មាញ ចាំបាច់​ត្រូវតែ​ដោះស្រាយ ដោយ​អ្នកជំនាញ​ដែលមាន​ការទទួលស្គាល់ ហើយក៏​មិនត្រូវ​ប្រើប្រាស់​ជា​ឧបករណ៍​សម្រាប់​ការ​កេងចំណេញ​ផ្នែក​នយោបាយ​ឡើយ ព្រោះ​វា​អាច​ដុត​បញ្ឆេះ​ឱ្យមាន​ការកើនឡើង​នូវ​ទស្សនៈ​ជាតិនិយម​ជ្រុល ដោយសារ​បរិបទ​ប្រវត្តិសាស្ត្រ​។ មាន​ព្រឹត្តិការណ៍​មួយចំនួន​បានកើត​ទ្បើង​រួចមកហើយ ដែល​បណ្តាលមកពី​ការធ្វើ​អត្ថាធិប្បាយ​ក្នុង​ហេតុផល​នយោបាយ​ចំពោះ​បញ្ហា​ព្រំដែន រវាង​ប្រទេស​កម្ពុជា​និង​ប្រទេសជិតខាង​។

ទី​៣៖ ការស្ទង់មតិ​តាម​អ៊ីនធឺណិត​ដែល​ធ្វើឡើង​ដោយ​អង្គការ​ប្រឆាំង​រដ្ឋាភិបាល ខុមហ្វ្រែល នៅ​ខែសីហា ឆ្នាំ​២០២០ បាន​បង្ហាញថា អ្នក​ឆ្លើយតប​ជិត​៨០% បាន​គាំទ្រ​ការចាប់ខ្លួន​លោក រ៉ុង ឈុន ដែល​លទ្ធផល​នេះ​បញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់​អំពី​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​ចង់បាន​នូវ​សន្តិភាព​និង​ស្ថិរភាព​សង្គម ព្រមទាំង​ការគាំទ្រ​ចំពោះ​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ខាងលើ​។

ទី​៤៖ វា​ជាការ​ខុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​ដែល​ក្រុម​អ្នកជំនាញ ថ្លែងថា “​អ្នកការពារ​សិទ្ធិមនុស្ស​មិនគួរ​ត្រូវ​ចាប់ខ្លួន ឬ​ផ្តន្ទាទោស​”​។ ការចូលរួម​ជាមួយ​អង្គ​ការមិន​មែនរដ្ឋាភិបាល ពុំមែន​ជា​អាជ្ញាប័ណ្ណ​សម្រាប់​បំពាន​ច្បាប់​ដោយ​និទ្ទណ្ឌភាព​ឡើយ​។ ការចោទប្រកាន់​ចំពោះ​បុគ្គល​ណា​ម្នាក់​គឺ​ផ្អែកលើ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​និង​មានចែង​នៅក្នុង​ច្បាប់ ពុំមែន​ផ្អែកលើ​ថា​តើ​ពួកគេ​ស្ថិតក្នុង​ក្រុម​ណាមួយ​នោះឡើយ​។ រាល់​ការចោទប្រកាន់​ទាំងអស់​នៅក្នុង​តុលាការ​គឺជា​ប់​ពាក់ព័ន្ធ​ទាំងស្រុង​ទៅនឹង​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ និង​ការបំពាន​ទៅនឹង​រដ្ឋធម្មនុញ្ញ​។ ជនជាប់ចោទ​មានឱកាស​ពេញលេញ​ទទួលបាន​នូវ​ការជំនុំជម្រះ រួមទាំង​សិទ្ធិ​មាន​មេធាវី ដើម្បី​បង្ហាញ​ទឡ្ហីករណ៍​និង​ដាក់​ភស្តុតាង​ដោះ​បន្ទុក ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ត្រឹមត្រូវ និង​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។

ទី​៥៖ ការ​ទាមទារ​របស់​អ្នករាយការណ៍​ពិសេស​ឱ្យ​លុបចោល​បទ​ប្បញ្ញត្តិ​មួយចំនួន​នៃ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុ​ជា គឺ​មានន័យ​ស្មើនឹង​ការជំរុញឱ្យ​កម្ពុជា​ធ្លាក់​ទៅក្នុង​ភាពអនាធិបតេយ្យ និង​បំផ្លិចបំផ្លាញ​ដល់​នីតិរដ្ឋ​នៅក្នុង​ប្រទេស​។ ការចាត់ទុក​ការអនុវត្ត​ច្បាប់​ថា ជាការ​គាបសង្កត់​សេរីភាព គឺជា​ការប្រមាថ​ចំពោះ​នីតិរដ្ឋ​និង​ការអនុវត្ត​ស្មើភាព​គ្នា​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។ វា​ជា​ករណី​កិច្ច​របស់​មនុស្ស​គ្រប់រូប រួមទាំង​បុគ្គល​អះអាង​ខ្លួនឯង​ថា​ជា​អ្នកការពារ​សិទ្ធិមនុស្ស ត្រូវអនុវត្ត​សិទ្ធិ​របស់ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ស្ថិតក្នុង​ព្រំដែន​នៃ​ច្បាប់​។

ទី​៦៖ វា​ជាការ​គួរឱ្យ​សោកស្តាយ​យ៉ាងខ្លាំង​ដែល​អ្នករាយការណ៍​ពិសេស​ទាំងនោះ ពុំដែល​សង្កត់ធ្ងន់​ទាល់តែសោះ​ថា ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ ការប្រមូលផ្តុំ​ដោយ​សន្តិវិធី និង​ការបង្កើត​សមាគម ត្រូវ​ភ្ជាប់​ទៅនឹង​ករណី​កិច្ច ការទទួលខុសត្រូវ និង​ព្រំដែន​កំណត់​ពិសេស ដូច​មានចែង​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទិ្ធ​ពលរដ្ឋ​និង​នយោបាយ​។ រដ្ឋធម្មនុញ្ញ​កម្ពុជា ការពារ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិស្រប​ច្បាប់ ប៉ុន្តែ​មិនមែន​សេរីភាព​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ បង្ខូច​កេរ្តិ៍ឈ្មោះ ញុះញង់​ឱ្យមាន​អំពើហិង្សា និង​សាបព្រោះ​ការរើសអើង​ជាតិ​សាសន៍​ឡើ​យ​។

ជាមួយគ្នា​នោះ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បាន​ក្រើនរំលឹក​អ្នករាយការណ៍​ពិសេស​ឱ្យ​យកចិត្តទុកដាក់ ចំពោះ​សេចក្តីថ្លែងការណ៍​របស់​គណៈប្រតិភូ​ភាគច្រើន​លើសលប់ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់ នៃ​ការ​កែលម្អ​របៀបរបប​ការងារ​របស់​អ្នក​កាន់​អាណត្តិ​នីតិវិធី​ពិសេស ដោយ​ត្រូវ​អនុវត្ត​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ គណនេយ្យភាព និង​ការទទួលខុសត្រូវ ដោយ​ភាពស្មោះត្រង់​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ វិនាទី មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ១៩ នាទីutes មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៥ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៦ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

សេដ្ឋកិច្ច៦ ម៉ោង មុន

ទីផ្សារពស់ចាន់ល្មម នៅតែអាចលក់បានថ្លៃ និងមានតម្រូវការខ្ពស់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម