Connect with us

អាជីព

មៀនប៉ៃលិនកែវ បានជន្នះឧបសគ្គអ្វីខ្លះ ទម្រាំពេញនិយម ផលិតមិនទាន់ទីផ្សារ?

បានផុស

នៅ

ក្នុង១ថ្ងៃក្រុមហ៊ុនប្រើមៀនប៉ៃលិនពី១តោន ទៅ១តោនកន្លះ ដើម្បីផលិត ប៉ុន្តែនៅតែមិនអាចឆ្លើយតបទៅនឹងតម្រូវការអតិថិជនបាន ដូចនេះក្រុមហ៊ុននឹងគ្រោងពង្រីកការផលិតឱ្យបាន២តោនក្នុងមួយថ្ងៃ។ ជុំវិញ ជោគជ័យនាពេលបច្ចុប្បន្ននេះ ត្រូវបាន ស្ថាបនិកសហគ្រាសផលិតមៀនប៉ៃលិនកែវដំបូងនៅកម្ពុជា ប្រាប់ កម្ពុជាថ្មី ថា សហគ្រាសបានឆ្លងកាត់ និងជន្នះឧបសគ្គមួយចំនួនរាប់តាំងពីពេលចាប់ផ្ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុយ ចេងហេង ស្ថាបនិកក្រុមហ៊ុន ណាវីតា ហ៊ែលស៊ីហ្វូដ&បេវើរីច ឯ.ក (Navita Healthy Food & Beverages Co., LTD) បានឱ្យដឹងថា ក្រុមហ៊ុនទើបចាប់ផ្ដើមផលិត មៀនប៉ៃលិនក្នុងកែវ នៅក្នុងខែសីហា នេះទេ ប៉ុន្តែក្រុមហ៊ុនចាប់ផ្ដើមធ្វើតេស្តផលិតផលគំរូសំណាកតាំងពីដើមឆ្នាំ ដោយមានផែនការគ្រោងចេញលក់មៀនក្នុងកែវនេះនៅដើមឆ្នាំ២០២២។ តែដោយសារមានបញ្ហារាំងស្ទះអត់មានទីផ្សារមៀនប៉ៃលិនដោយសារបញ្ហាកូវីដ-១៩ បិទព្រំដែនអត់អាចនាំចេញបាន ដូច្នេះក្រុមហ៊ុនក៏សម្រេចចិត្តកែច្នៃមៀនប៉ៃលិននេះតែម្ដង។

លោក អ៊ុយ ចេងហេង មានប្រសាសន៍ថា៖ “ពួកយើងក៏បានជួបបញ្ហាច្រើនក្នុងការផលិតដំបូង ទី១ទៅលើរសជាតិ គឺយើងអត់ដឹងថា តើត្រូវធ្វើរសជាតិបែបណាដើម្បីតម្រូវទៅលើទីផ្សារ អ៊ីចឹងយើងបានធ្វើតេស្តច្រើនលើកច្រើនសារ ទម្រាំតែយើងអាចជ្រើសយករសជាតិមួយសម្រាប់ប្រជាពលរដ្ឋយើង”។

លោកមានប្រសាសន៍បន្តថា៖ “មួយទៀត ទាក់ទងទៅនឹងវត្ថុធាតុដើម ក្នុងការយកមកវេចខ្ចប់ ដូចជាសម្បកកែវ យើងអត់មានផលិតកម្មក្នុងស្រុកទេ អ៊ីចឹងគឺយើងត្រូវបញ្ជាទិញពីក្រៅប្រទេសមក។ ហើយកាលដែលយើងចាប់ផ្ដើមដំបូង គឺក្នុងដំណាក់កាលតេស្តទីផ្សារ អ៊ីចឹងយើងអត់អាចបញ្ជាទិញពីក្រៅប្រទេសក្នុងបរិមាណច្រើនបានទេ គឺយើងត្រូវបញ្ជាទិញតាមរយៈឈ្មួញកណ្ដាលដែលគាត់យកមកលក់ក្នុងស្រុក ដែលធ្វើឱ្យថ្លៃដើមរបស់យើងរាងខ្ពស់បន្តិច ក្នុងដំណាក់កាលចាប់ផ្ដើមដំបូង”។

ស្ថាបនិក ក្រុមហ៊ុន ណាវីតា ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក វិស្វកម្មឧស្សាហកម្ម មកពីសាកលវិទ្យាល័យ ម៉ាហិដុន (Mahidol University) ប្រទេសថៃ រូបនេះបានឱ្យដឹងបន្តថា ពេលនេះ ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលស្ទាបស្ទង់ទីផ្សារដូចគ្នា ហើយក៏សង្ឃឹមថា អតិថិជនទាំងអស់នៅតែបន្តការគាំទ្រផលិតផលក្នុងស្រុករបស់យើង ឯខាងក្រុមហ៊ុនក៏ព្យាយាមពង្រឹង និងអភិវឌ្ឍផលិតផលរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដូចគ្នា។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនកំពុងត្រៀមបញ្ជាទិញសម្បកកែវក្នុងបរិមាណច្រើន ដើម្បីបន្ថយការចំណាយថ្លៃដើម។

ស្ថាបនិកវ័យ២៨ឆ្នាំរូបនេះបន្តឱ្យដឹងទៀតថា៖ “បញ្ហាមួយទៀត ពេលយើងចាប់ផ្ដើមដំបូង យើងអត់មានលទ្ធភាពធ្វើកុងត្រាទិញមៀនប៉ៃលិនពីម្ចាស់ចម្ការធំៗបានទេ ដោយសារពួកគាត់មានបរិមាណច្រើនពេក ហើយឥឡូវនេះយើងបានរកដំណោះស្រាយ ដោយយើងបានភ្ជាប់ដៃគូ បាចចុះកុងត្រាជាមួយសមាគមមៀនប៉ៃលិន នៅស្រុកម៉ាឡៃ ស្រុកសំឡូត ស្រុករតនមណ្ឌល ដើម្បីឱ្យគាត់ផ្គត់ផ្គង់តាមតម្រូវការរបស់យើងបាន”។

គួរបញ្ជាក់ថា ក្រុមហ៊ុនបានប្រើបច្ចេកទេស ប៉ាស្ទ័ររ៉ាយ (Pasteurize) ដើម្បីកុំឱ្យមានបាក់តេរីណាដុះ ឬរាលដាលក្នុងផលិតផល ដោយមានការត្រួតពិនិត្យគុណភាពពី ILCC វិទ្យាស្ថានស្ដង់ដារជាតិ ក៏ដូចជាទទួលស្គាល់ ពីក្រសួងឧស្សាហកម្ម។ បច្ចុប្បន្នក្រុមហ៊ុនមានចុះសហការជាដៃគូគ្នាជាមួយផ្សារ អាល្លឺម៉ង់ នៅទួលទំពូង ផ្សារកសិកសុខភាព នៅផ្សារថ្មី ម៉ាតស្នាដៃម៉ែ នៅព្រែកលាភ និងផ្សារតាមបណ្ដាខេត្តមួយចំនួនទៀត ដោយក្រុមហ៊ុនក៏មានគម្រោងសិក្សាដាក់ផលិផលរបស់ខ្លួនទៅក្នុងផ្សារទំនើបធំៗដូចជាផ្សារ អ៊ីអន ឡាក់គី ម៉ាក្រូ និងផ្សារជីប ម៉ុង ជាដើមនៅចុងឆ្នាំនេះ។

សហគ្រាសកែច្នៃផ្លែឈើ ណាវីតា ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ទំហំអគារ ២៥០ម៉ែត្រការ៉េ ចំនួនបុគ្គលិកទាំងអស់១៥នាក់ មានផលិតដំណាប់ស្វាយ ស្រកានាគ និងដំណាប់ម្នាស់។ ប៉ុន្តែបច្ចុប្បន្នបុគ្គលិកទាំងអស់ ផលិតតែមៀនក្នុងកែតែប៉ុណ្ណោះ៕

អត្ថបទ៖ ​ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម