Connect with us

ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់លើសទម្ងន់ ៦គ្រឿង ត្រូវបានពិន័យ និងឃាត់ទុក១ឆ្នាំ

បានផុស

នៅ

យានយន្តដឹកជញ្ជូនខ្សាច់ធុនធ្ងន់ចំនួន ៦គ្រឿង ត្រូវបានផាកពិន័យ និងឃាត់ទុកចំនួន ១ឆ្នាំ។ ក្នុងនោះ ៥គ្រឿង ឃាត់ទុកនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី និង ១គ្រឿងទៀត នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដោយយោងតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដឹកនាំដោយ លោក សេង ឈួន រដ្ឋលេខាធិការ អមដំណើរដោយ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ លោក គឹម សាន់ អនុរដ្ឋលេខាធិការ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការឃាត់ត្រួតពិនិត្យយានយន្តដឹកខ្សាច់ចំនួន ៥គ្រឿង ដែលដឹកលើសចាប់ពី ១៥តោន ដល់ ២២តោន ព្រមទាំងបានផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយសារផ្ទុកទម្ងន់លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។ ប្រតិបត្តិការនេះធ្វើឡើង នៅលើផ្លូវជាតិលេខ ៧៨ ក្នុងភូមិអូរកន្សែង ឃុំបឹងកន្សែង ស្រុកបានលុង ខេត្តរតនគិរី។

ដោយឡែក យានយន្តដឹកខ្សាច់ធុនធ្ងន់ ផ្ទុកទម្ងន់សរុប ៧០តោន ១គ្រឿងទៀត ដែលផ្ទុកលើស ៣០តោន បានធ្វើការផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺដោយសារផ្ទុកទម្ងន់លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

ជាមួយគ្នានេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន សូមក្រើនរំលឹកទៅដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា ក្រសួងនឹងបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់យ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយគ្មានការលើកលែងឡើយ៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម