ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាលអំពាវនាវ៨ចំណុចដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មឱ្យកាន់តែមានប្រសិទ្ធភាព
សម្តេចអគ្គមាហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវ៨ ចំណុចដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅ កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។នេះបើតាមសារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ៨កញ្ញា ២០២១ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថាដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត សម្តេចសូមអំពាវនាវដូចតទៅ៖
ទី១.ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ លិខិតបទដ្ឋាន និងយន្តការចាំបាច់ដើម្បីដឹកនាំគ្រប់គ្រង និងអនុវត្តឱ្យមានប្រសិទ្ធភាពនិងគុណភាព ធានាបាននូវការសិក្សាពេញមួយជីវិត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពក៏ដូចជាការស្តារឡើងវិញសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ១៩។
ទី២.ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ត្រូវបន្តបង្កើតកម្មវិធីអប់រំកម្មវិធីសិក្សាពេញមួយជីវិត ទាំងផ្នែកអក្ខរកម្មទាំងផ្នែកវិជ្ជាជីវៈ ទាំងផ្នែកបច្ចេកវិទ្យាព័ត៌មាន ឱ្យកាន់តែសម្បូរបែប ឆ្លើយតបនឹងតម្រូវការអ្នកសិក្សា។
ទី៣.អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលសិក្សា និងជំរុញលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី ជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់ប្រជាពល រដ្ឋមានពិការភាព ឱ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀនសូត្រ ប្រកបដោយសមធម៌ និងបរិយាប័ន្ន។
ទី៤.ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ទាំងស្ថាប័នរដ្ឋ និងឯកជនសូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់កម្មវិធីអក្ខរកម្មដើម្បីឱ្យប្រជាពលរដ្ឋយើងមានការយល់ដឹងកាន់ តែទូលំទូលាយក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃការសិក្សាពេញមួយជីវិត»។
ទី៥.ក្មួយៗជាសិស្សនិស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាយុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជាត្រូវ សកម្មចូលរួមជួយបង្រៀនដោយស្ម័គ្រចិត្តដល់អ្នកមិនចេះអក្សរ ដែលស្ថិតក្នុងមូលដ្ឋានរបស់ក្មួយៗរស់នៅ។ បងប្អូនជនរួមជាតិដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល ក៏សូមជួយជំរុញកូនចៅឱ្យរៀនសូត្របានជាប់លាប់ និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។
ទី៦.វត្តអារាម និងវិហារសាសនា នានា ត្រូវចលនាព្រះសង្ឃ បព្វជិតសាសនា តាជី ដូនជី ចូលរួមជំរុញកម្មវិធីអក្ខរកម្មវិជ្ជាជីវៈឱ្យកាន់តែខ្លាំងក្លាថែមទៀតតាមរយៈការទេស នាអប់រំអំពីសារៈប្រយោជន៍នៃការរៀនសូត្រ អំពីសីលធម៌ និងលើកកម្ពស់វប្បធម៌រស់នៅ ក្នុងភាពជាពលរដ្ឋសកល។
ទី៧.ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូជាមួយគ្រឹះស្ថានរដ្ឋ ដើម្បីជួយឧបត្ថម្ភគាំទ្រទាំងធនធាន ទាំងបច្ចេកទេស ដល់គ្រប់កម្មវិធីអប់រំ ជាពិសេសកម្មវិធីអក្ខរកម្មផ្សារភ្ជាប់នឹងការអប់រវិជ្ជាជីវៈ ឱ្យមានដំណើរការល្អជាប់ជាប្រចាំ។
ទី៨.ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន សូមជួយជំរុញបើកថ្នាក់អក្ខរកម្ម គួបផ្សំជាមួយថ្នាក់បំប៉នមុខជំនាញវិជ្ជាជីវៈផ្សេងៗដល់បងប្អូនកម្មករ កម្មការិនី ដើម្បីជាប្រយោជន៍របស់ពួកគេផង និងជាប្រយោជន៍ដល់ម្ចាស់រោងចក្រ សហគ្រាសផងដោយយើងទាំងអស់គ្នាត្រូវចងចាំថា «មានអក្ខរកម្ម មានការគិតគូរនិងការសម្រេច ចិត្តបានត្រឹមត្រូវ», «មានអក្ខរកម្មនាំឱ្យការអភិវឌ្ឍ សហគមន៍កាន់តែរីកចម្រើន», «មានអក្ខរកម្មមានសុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម»៕
អត្ថបទ៖ណារី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ