Connect with us

វប្បធម៌ ជំនឿ

ឈ្វេងយល់ពី កាយវិការ និងដំណើររឿង ព្រះពុទ្ធត្រាស់ដឹង និងទ្រង់ផ្ចាញ់មារ

បានផុស

នៅ

មហាជនទូទៅពិតជាធ្លាប់បានឃើញព្រះពុទ្ធរូប មិនថាជាគំនូរ ឬរូបចម្លាក់ ដែលជួនកាលឃើញជារូបព្រះពុទ្ធឈរ ព្រះពុទ្ធអង្គុយ និងរូបព្រះពុទ្ធផ្ទុំជាដើម ដោយមានអ្នកដឹង និងអ្នកពុំដឹងពីអត្ថន័យនៃកាយវិការនោះ។ តទៅទៀតនេះ “កម្ពុជាថ្មី” សូមលើកបង្ហាញជូននូវកាយវិការពីររបស់ព្រះពុទ្ធ គឺកាយវិការត្រាស់ដឹង និងកាយវិការផ្ចាញ់មារ ព្រមទាំងដំណើរនៃកាយវិការទាំងពីរនេះដើម្បីជាចំណេះដឹងបន្តដល់សាធារណជន។

I. កាយវិការរបស់ព្រះសម្មាសម្ពុទ្ធ

១. ពុទ្ធវិតក៌មទ្រា ឬទ្រង់សមាធិ និងត្រាស់ដឹង៖ ព្រះអង្គគង់ពែនភ្នែន ដោយព្រះហស្ថស្តាំផ្ងារដាក់លើព្រះហស្ថឆ្វេង (ដៃស្តាំដាក់លើដៃឆ្វេង) និងដាក់ភ្នែន ព្រះបាទស្តាំដាក់លើព្រះបាទឆ្វេង (ជើងស្តាំដាក់លើជើងឆ្វេង) ដែលមានព្រះនេត្របិទទាំងសងខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ពុទ្ធភូមិស្បស៌មុទ្រា ឬពុទ្ធរូបផ្ចាញ់មារ៖ មានលក្ខណៈដូចព្រះពុទ្ធរូបសមាធិដែរ តែព្រះហស្ថស្តាំដាក់ផ្កាប់លើព្រះភ្លៅចង្អុលទៅចុះផែនដី ព្រះហស្ថឆ្វេងដាក់ផ្កាប់លើព្រះភ្លៅឆ្វេង។ ប៉ុន្តែបើគូរនៅលើជញ្ជាំងព្រះវិហារ ឬលើក្រណាត់ មានបន្ថែមរូបនាងគង្ហីងព្រះធរណីច្បូតសក់ បញ្ចេញទឹកពន្លិចទឹកពួកក្រុងមារ។

II.​ ដំណើររឿង

១. ត្រាស់ដឹង៖ ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្តប្រតិបត្តិតាមបែបមជ្ឈិមបដិបទាវិញ ព្រះអង្គទ្រង់យ៉ាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅដល់មាត់ស្ទឹងនរញ្ជរ ដ៏មានទឹកថ្លាគួរជាទីស្នាក់អាស្រ័យនៃសមណទាំងឡាយ ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្សមួយខាងលិចស្ទឹង បែរព្រះភក្តទៅទិសបូព៌ (ទិសខាងកើត) ទ្រង់យកស្បូវភ្លាំងដែលសាត្ថីយកុមារប្រគេននៅតាមផ្លូវ ក្រាលធ្វើជាកំរាល មានសេចក្តីដំណាលថា រតនបល័្លង្គមួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះសិទ្ធត្ថទ្រង់គង់ភ្នែនពែនព្រះបាទលើរតនបល្ល័ង្គដោយសុខស្រួល។ ហើយទ្រង់តាំងអារម្មណ៍អធិដ្ឋានដោយអង្គថា៖ “ស្បែក សរសៃ សាច់ និង ឈាម របស់អាត្មាអញ ចូររឺងស្ងួតចុះ បើអាត្មាអញមិនបានសម្រេចការត្រាស់ដឹងទេ អាត្មាអញនឹងមិនក្រោកចាកពីរតនបល្ល័ង្គនេះឡើយ”។

ព្រះអង្គទ្រង់ចាប់ផ្តើមចម្រើន អានាបានុស្សតិ ធ្វើព្រះចិត្ដឱ្យស្ងប់ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសម្រេចឈានជាលំដាប់។ ទ្រង់សញ្ជឹងគិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញាខន្ធ ដែលហូរតាមបណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់ឆ្វេងយល់ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មានទីបញ្ចប់នូវទុក្ខវេទនា ក៏ព្រោះតែការភ័ន្ដច្រលំនៃសញ្ញាខន្ធរបស់គេមនុស្សម្នាក់ៗ មានជំនឿថា អ្វីៗដែលជារបស់មិនទៀងទាត់ ថាជារបស់ទៀងទាត់ អ្វីៗដែលមិនមែនរបស់ខ្លួន អនត្តា ថាជារបស់ខ្លួន។ ព្រះអង្គទ្រង់បានបញ្ចេញឱ្យឃើញនូវការយល់ដឹងរបស់ព្រះអង្គចំពោះភាវៈខាងគំនិតប្រាជ្ញាដែលជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាច ខឹង ស្អប់ ក្រអឺតក្រអាង ច្រណែន ប្រចណ្ឌ លោភ និងល្ងង់ខ្លៅជាដើម។ សេចក្តីទុក្ខប្រភេទនេះ មានភាពផ្ទុយស្រលះ និងការពិចារណាដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់ឆ្វេងយល់យ៉ាងច្បាស់ថា ប្រភពទុក្ខទាំងឡាយពិតជាកើតឡើងដោយសារអវិជ្ជា។ ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវអវិជ្ជា ហើយរុលចូលជ្រៅទៅក្នុងបេះដូងរបស់វា និងវែករក បុព្វហេតុ នៃសេចក្ដីពិតនៃស្ទឹងទាំង៥គឺ៖ រូបខន្ធ១ វេទនាខន្ធ១ សញ្ញាខន្ធ១ សង្ខារខន្ធ១ វិញ្ញាណខន្ធ១។ ឥឡូវនេះព្រះអង្គទ្រង់បានយល់ច្បាស់ថា ភាពពិតមិនស្ថិតស្ថេរ អនិច្ចំ និង ភាពមិនមែនជារបស់ខ្លួន អនត្តា គឺជាលក្ខខណ្ឌចាំបាច់នៃជីវិត បើគ្មានធម៌ អនិច្ចំ និងអនត្តាទេ ក៏គ្មានអ្វីអាចកើតឡើងចម្រើនលូតលាស់បានឡើយ។

២. ផ្ចាញ់មារ៖ ក្នុងពេលព្រលប់ ព្រះសិទ្ធត្ថ ទ្រង់គង់លើរតនបល្លង្គក្រោមពោធិព្រឹក្ស ទ្រង់បានផ្ចាញ់មារ ដែលនាំកូនស្រីក្រមុំទាំងបីនាក់គឺ នាងតណ្ហា១ នាងអរតី១ និង នាងរាគា១ មកបញ្ចូលចិត្តព្រះសមណគោតម ដើម្បីឱ្យព្រះអង្គលះបង់ការស្វែងរកការត្រាស់ដឹងចោល តែព្រះសមណគោតម ពុំមានការចាប់រម្មណ៍ឡើយ ធ្វើឱ្យនាងទាំងបីវិនាសអន្តរធានទៅ។ បន្ទាប់ពីទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលចិត្តព្រះសមណគោតមមក ក្រុងមារនៅតែមានចិត្តរិស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ព បិសាចកាចសាហាវតូចធំទាំងឡាយជាច្រើនឱ្យមកច្បាំងដណ្តើមយកបល័្លង្គពីព្រះអង្គទៀត។ មារជិះលើដំរីឈ្មោះ គ្រីមេខលា កំពស់១៥០យោជន៍ (១យោជន៍មាន ១៦គីឡូម៉ែត្រ) និមិត្ត ដៃមួយពាន់កាន់នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ មានតំណាលថា មារបានបញ្ចេញកងពលសេនាដ៏ច្រើនតាន់តាប់ មកពីមុខកម្រាស់ ១២ យោជន៍ ខាងឆ្វេងស្តាំ កម្រាស់ ១២យោជន៍ ខាងលើកម្រាស់ ៩យោជន៍។ ទេវតាទាំងឡាយដែលជាអ្នកថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេចនាគកាឡ បានបញ្ចេញរិទ្ធ ធ្វើឱ្យកងពលរបស់មារខ្លបខ្លាចរត់ប្រាសអាយុរៀងៗខ្លួន។

កងពលមារមួយកងទៀតលើកមកពីទិសឧត្តរ (ទិសខាងជើង) មារាធិរាជដែលភ័យញញើតស្រែកប្រាប់​ពលរេហ៍ថា៖ “នែពួកយើង សិទ្ធត្ថនេះមានរិទ្ធបារមី ខ្លាំងពូកែណាស់ ចូរពួកយើងកុំចូលមកចំពីមុខ”។ មារចាប់ផ្លែងសឱ្យកើត ជាខ្យល់ព្យុះដែលមានកម្លាំងបោកបក់ភ្នំឱ្យរលំបាន តែខ្យល់នោះ មិនបានធ្វើឱ្យកំរើកសូម្បីតែជាយស្បង់ចីវរព្រះអង្គបន្តិចឡើយ មារបង្កើតឱ្យមាន ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹត សូន្យសុង ពីគ្រប់ទិសទី និងគ្រឿងប្រហារផ្សេងៗ បាចសាចមកលើព្រះអង្គ តែគ្រឿងប្រហារទាំងនោះ មិនបានបៀតបៀនអ្វីដល់ព្រះអង្គឡើយ តែក្លាយទៅជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ។ ឃើញដូចនោះ មារាធិរាជក៏បរដំរីដៃកាន់អាវុធ១ពាន់ចូលទៅជិតព្រះអង្គស្រែកគំរាមថា៖ “នែសិទ្ធត្ថ! ចូរអ្នកដើរចេញពីរតនបល្លង្គនេះភ្លាមទៅ រតនបល្លង្គនេះរបស់យើង”។ ព្រះសមណគោតមទ្រង់ត្រាស់ពោលទៅកាន់មារវិញថា៖ “ម្នាលមារ រតនបល្លង្គនេះ កើតមកមិនមែនសម្រាប់រូបអ្នកទេ គឺពិតជាកើតមកសម្រាប់យើង ដែលជាអ្នកបំពេញនូវបារមីទេតើ អ្នកមិនមែនជាអ្នកបំពេញបារមីទេ ចូរថយចេញភ្លាមទៅ”។

ក្រុងមាររិតតែខឹងខ្លាំងឡើង ហើយក៏គ្រវែងចក្រាវុធដ៏មានមុខស្រួចសំដៅព្រះអង្គ ចក្រាវុធនោះក៏ក្លាយជាពិដានការពារព្រះអង្គទៅវិញ ឯក្រុមពលរេដែលដកភ្នំគ្រវែងមកលើព្រះអង្គពេលនោះដែរ តែភ្នំទាំងនោះក្លាយជាកំរងផ្កាបូជាព្រះអង្គទៅវិញ។ ដោយទល់គំនិតមិនដឹងនឹងរកអ្វីតទល់យកឈ្នះលើព្រះអង្គបាន មារសំលុតព្រះអង្គថា តើព្រះអង្គមានភស្តុតាងគុណធម៌អ្វីជាអាង។ ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្គតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ហើយរតនបល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សម្រាប់តែអាត្មាអញ តែម្នាក់ប៉ុណ្ណោះ។ ទ្រង់ព្រះចិន្តាដូចនេះហើយក៏សួរទៅមារវិញថា៖ “ម្នាលមារ បើរតនបល្ល័ង្គនេះជារបស់អ្នក តើអ្នកមានអ្វីជាសាក្សី?”។ ក្រុងមារ ឆ្លើយតបដោយខែងរែងថា៖ “ពលរេហ៍យើងទាំងអស់នេះជាបន្ទាល់ ចុះសិទ្ធត្ថឯងវិញ មានអ្វីជាសាក្សី?”។ ព្រះសមណគោតមទ្រង់លើក ព្រហស្ថស្តាំ ចង្អុព្រះធរណី និង អំពាវនាវប្រាប់ធរណីឱ្យជួយធ្វើសាក្សី ទទួលដឹងលឺនូវអំពើល្អរបស់ព្រះអង្គ ព្រះអង្គទ្រង់ត្រាស់ថា៖ “ក្រលាមហាប្រថពីនេះហើយជាសាក្សីរបស់យើង”។

កាយវិការនៃព្រះហស្ថនេះគឺ “ការផ្ចាញ់មារ” រឺថា “ការយកព្រះធរណីធ្វើ ជាសាក្សី”។ គ្រាន់តែមានព្រះបន្ទូលដូច្នេះ មហាប្រថពី ក៏លាន់រញ្ជួយកក្រើកឡើង ទទួលខ្លួនជាសាក្សីបន្ទល់ចំពោះព្រះអង្គ ក្នុងគ្រានោះព្រះអង្គទ្រង់នឹកដល់ដំរី បច្ច័យនាគេន្ទ ដែលព្រះអង្គទ្រង់ប្រទានដល់អ្នកស្រុកកលិង្ករាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិជា វេស្សន្តពោធិសត្វ គ្រានោះដំរីគ្រីមេខលា ដែលជាអតីតជាតិ ជានាគេន្ទេ នោះ ក៏ឱនក្បាល លុតជង្គង់ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព រីនាងគង្ហីងព្រះធរណីបានចេញមក ហើយយកដៃច្បូតសក់ហូរចេញជាទឹក ក្លាយជាសមុទ្រ លេចពលរេហ៍មហាមារអស់ជាច្រើន។ មហាមារឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា៖ “បពិតមហាបុរស អ្នកជាអ្នកមានញាណញេយ្យដ៏អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្សការដោយគោរព”។

ព្រលឹមអរុណរះ ព្រះនាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បីយកទៅថ្វាយបូជា ដល់ដើមពោធិព្រឹក្សដែលព្រះនាងបានធ្វើការបន់ស្រន់សុំរាជបុត្រនៅទីនោះ មកដល់ដើមពោធិព្រឹក្ស ព្រះនាងទ្រង់យល់ឃើញព្រះសម្មាសម្ពុទ្ធ ភ្លឺភ្លេចដោយឆព្វណ្ណរង្សីពណ៌ ត្រេកអប្រកបដោយ សទ្ធាជ្រះថ្លាក្រៃពេក ហើយបានថ្វាយ មធុបាយាស ឰដ៏ភាជន៍មាសដល់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ពូតមធុបាយៈជា ៧ពុំនូតហើយទ្រង់សោយ ទ្រង់បានយកភាជន៍មាសគ្រវែងចូលទៅក្នុងគង្គារ ដែលលិចទៅបះទង្គិចភាជន៍មាសនៃព្រះពុទ្ធអង្គមុនៗ ធ្វើឱ្យនាគរាជដែលកំពុងដេកលក់ភ្ញាក់ឡើង ហើយប្រកាសថា៖ “ឱ!..មានព្រះពុទ្ធត្រាស់ដឹងមួយអង្គទៀតហើយតើ!”។

គួររំលឹកថា ព្រះពុទ្ធទ្រង់ប្រសូត្រនៅ ថ្ងៃ១៥កើត ពេញបូណមី ខែពិសាខ ឆ្នាំច។ ក្រោយពីព្រះរាជឱរសប្រសូតបានប្រាំថ្ងៃ ពិធីរៀបចំថ្វាយព្រះនាមថា សិទ្ធត្ថ ប្រែថា អ្នកសំរេចប្រយោជន៏គ្រប់យ៉ាង។ ប្រសូត្របាន៧ថ្ងៃព្រះមាតា ព្រះនាងសិរិមហាមយាទ្រង់សោយទីវង្គត់ ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆាព្រះនាម មហាបជាបតីគោតមី បីបាច់រក្សាតមក។ ព្រះសិទ្ធត្ថទ្រង់ចម្រើនព្រះជន្មបាន ១៦ឆ្នាំ ទ្រង់បានរៀបអភិសេកជាមួយ បុត្រីស្តេចសុប្បពុទ្ធព្រះនាម ពិម្ពាយសោធរា ដែលជានារីល្អឯក លើសអស់សព្វនារីទាំងពួង។ ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើមរូបសង្ខារ លោកសន្និវាសនេះយ៉ាងខ្លាំង ហើយព្រះអង្គ សព្វព្រះ ហរទ័យ ដោះស្រាយបញ្ហាជិវិត ដោយការចេញសាងព្រះផ្នួស ដើម្បីស្វែងរក នូវព្រះសម្មាសម្ពោធិញាណធម៌។ ព្រះពុទ្ធត្រាស់ដឹងនៅថ្ងៃ ១៥ កើត ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥វស្សា និងទ្រង់បរិនិព្វាននៅថ្ងៃ ១៥ កើត ខែពិសាខ ឆ្នាំម្សាញ់ ក្នុងព្រះជន្ម ៨០វស្សា។ ដូចនេះទើបពុទ្ធបរិស័ទតែងប្រារព្ធពិធីបុណ្យ ពិសាខបូជា រៀងរាល់ឆ្នាំ ដើម្បីរំលឹកថ្ងៃ ព្រះពុទ្ធ ប្រសូត្រ ត្រាស់ដឹង និងចូលបរិនិព្វាន នៅថ្ងៃខែតែមួយ គឺថ្ងៃ១៥កើត ខែពិសាខ។

គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញចែងថា ពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ ហើយត្រូវ​បានលើកកម្ពស់តាមរយៈការមានថ្ងៃបុណ្យ ការបណ្តុះបណ្តាលបែបសាសនា ការបង្រៀនពីព្រះពុទ្ធសាសនានៅតាមសាលារដ្ឋ និងការផ្តល់ថវិកាដល់ស្ថាប័ន​ពុទ្ធ​សាសនា។ បើយោងតាមក្រសួងធម្មការ​ និងសាសនា ប្រជាជនកម្ពុជាប្រហែល ៩៥% កាន់ព្រះពុទ្ធសាសនា ហើយកាន់ពុទ្ធសាសនា​ហិន​យាន។ ចំនួន ៥%ទៀតគឺជាអ្នកកាន់សាសនាគ្រឹះ អ៊ីស្លាម ជំនឿលើអារក្សអ្នកតា សាសនាជីហ្វ និងសាសនាដទៃទៀត។

ឯកសារយោង ព្រះត្រៃបិដក ពុទ្ធប្រវត្តិសង្ខេប

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម