ព័ត៌មានជាតិ
ផ្លូវលេខ១១៥ ក្រុងតាខ្មៅ ហុយខ្លាំងដោយសាររថយន្តដឹកដីធំៗ ពលរដ្ឋបន្តស្នើអាជ្ញាធរដោះស្រាយ
បច្ចុប្បន្ន ផ្លូវ ថ្នល់ តូចធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែង កសាង ជួសជុល ស្ថាបនា និងអភិវឌ្ឍជាបន្តបន្ទាប់សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ។ ផ្លូវ ថ្នល់ មួយចំនួនត្រូវបានបំពុលបរិស្ថាន អនាម័យ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ។ ចំពោះបរិស្ថាន អនាម័យ នៅលើកំណាត់ផ្លូវលេខ ១១៥ នៃមូលដ្ឋាន ក្រុងតាខ្មៅ ខេត្តកណ្តាល បច្ចុប្បន្នកំពុងកើតមានបញ្ហា ព្រោះមានដីហុយទ្រលោម ខណៈរថយន្តដឹកដី ដឹកខ្សាច់ បើករដោយគ្មានសណ្តាប់ធ្នាប់។

ពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានត្អូញត្អែរសារជាថ្មីម្តងទៀតថា ចំពោះស្ថានភាពផ្លូវលេខ ១១៥ នាពេលបច្ចុប្បន្ន មានសភាពយ៉ាប់យ៉ឺនបំផុត ពីព្រោះមានដីហុយទ្រលោមរាល់ថ្ងៃបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព បរិស្ថានយ៉ាងធ្ងន់ធ្ងរទៅដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ ពិសេសនោះ គឺប៉ះពាល់ដល់សោភ័ណភាពក្រុងតាខ្មៅ ដោយសារវត្តមានរបស់ក្រុមរថយន្តដឹកដី និង រថយន្តដឹកខ្សាច់យ៉ាងច្រើនបើកបរលឿនៗ។
ពលរដ្ឋលើកឡើងថា តំបន់ដែលប៉ះពាល់បរិស្ថាន អនាម័យ ខ្លាំងជាងគេ ចាប់ពីស្ពានព្រែកសំរោងត្រើយខាងលិចរហូតដល់ស្តុប ៦០ម៉ែត្រ ព្រំប្រទល់ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមួយផ្នែកទៀតនៅ តាមបណ្ដោយផ្លូវលេខ ២១A ស្វាយរលំ សង្កាត់ស្វាយរលំ សង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ សង្កាត់តាក្ដុល និងសង្កាត់ព្រែកហូរ នៃក្រុងតាខ្មៅ។ ដោយសារបញ្ហាទាំងនេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល សូមសំណូមពរអាជ្ញាធរជំនាញ ឬ លោកអភិបាលក្រុងតាខ្មៅ មេត្តាចុះត្រួតពិនិត្យអំពីស្ថានភាពផ្លូវ និងបរិស្ថាន អនាម័យក្នុងតំបន់។

ពាក់ព័ន្ធព័ត៌មាននេះ កម្ពុជាថ្មី បានព្យាយាមទាក់ទងលោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ តាមរយៈទូរស័ព្ទ តែនិយាយគ្នាស្តាប់មិនបាន លុះហៅទូរស័ព្ទម្តងទៀត មិនមានការទទួល។
គួររំលឹកថា នៅក្នុងកិច្ចជុំ ក្រុមការងារអាជីវកម្មខ្សាច់ ដោយមានការចូលរួម ពីបណ្តាមន្ទីរពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នៅសាលាខេត្តកណ្តាល កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក ត្រូវគ្រប់គ្រងដេប៉ូខ្សាច់ឱ្យបានល្អ បើដេប៉ូខ្សាច់ណាមួយមិនមានអាជ្ញាប័ណ្ណស្របច្បាប់ ត្រូវបញ្ឈប់អាជីវកម្មជាបន្ទាន់។

លោកអភិបាលរងខេត្ត បានណែនាំទៀតថា រាល់ការដឹកខ្សាច់ ត្រូវអនុវត្ត តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ កុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ។ លោក ណុប ដារ៉ា បានបញ្ជាក់ទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវផ្ដល់ព័ត៌មានមកដល់ថ្នាក់ខេត្ត ដើម្បីមានវិធានការ នៅពេលដែលមានភាពមិនប្រក្រតី កើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន៕
អត្ថបទ៖ រ៉ាវុទ្ធ




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?