ព័ត៌មានជាតិ
សាលារដ្ឋនិងឯកជននៅភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការបើកដំណើរការឡើងវិញ
ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ សាលារដ្ឋនិងឯកជននៅរាជធានីភ្នំពេញ កម្រិតចាប់ពីអនុវិទ្យាល័យ ដល់វិទ្យាល័យ បានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការបើកដំណើរការឡើងវិញ នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១២ កញ្ញា នេះថា សាលារដ្ឋនិងឯកជនកម្រិតចាប់ពីអនុវិទ្យាល័យដល់វិទ្យាល័យ ប្រមាណ ៣២៦ សាលា និងមានសិស្សប្រមាណ១៣ម៉ឺននាក់ បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការចូលរៀននិងបង្រៀននៅថ្ងៃទី ១៥ កញ្ញា តាមការកំណត់របស់សាលារាជធានីភ្នំពេញ។
លោកបានបន្តថា « សាលាទាំងអស់បានត្រៀមរួចរាល់ហើយ ដោយសារជំងឺកូវីដ១៩ បានឆ្លងតាំងពីដើមឆ្នាំ២០២០មកម្លេះ ហើយក្រសួងអប់រំក៏ដូចជាមន្ទីរ រដ្ឋបាលខណ្ឌបានចុះអប់រំនិងផ្សព្វផ្សាយណែនាំឲ្យគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន បានយល់ដឹងពីវិធានការការពាររួមទាំងសម្ភារៈផ្សេងៗក្នុងការទប់ស្កាត់ជំងឺកូវីដ១៩»។
លោកប្រធានមន្ទីរបានបន្តទៀតថា ប៉ុន្តែវាអាស្រ័យទៅលើធនធានសាលានីមួយៗ ព្រោះសាលាខ្លះមានធនធានច្រើននិងសាលាខ្លះទៀតមានធនធានតិច ពិសេសសាលានៅតំបន់ជាយក្រុង ត្រូវរៀបចំទៅតាមធនធានរបស់គាត់ តែត្រូវគោរពទៅតាមការណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ដូចជាត្រូវមានសាប៊ូលាងសំអាតដៃ មានកន្លែងជូតដៃ មានឧបករណ៍វាស់កម្ដៅ សម្រាប់មុនពេលសិស្សចូលរៀនក្នុងថ្នាក់។
លោក ហែម ស៊ីណារ៉េត បានបន្ថែមថា បច្ចុប្បន្ននេះអាជ្ញាធរតាមខណ្ឌនីមួយៗកំពុងមមាញឹកក្នុងការរៀបចំទីតាំងសម្រាប់ធ្វើតេស្តរកជំងឺកូវីដ ដល់លោកគ្រូ អ្នកគ្រូ ទាំងរដ្ឋនិងឯកជនកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យប្រមាណជាង១ម៉ឺននាក់ ក្នុងនោះគ្រូសាលារដ្ឋមានប្រមាណ៦០០០ មកពីសាលាចំនួន ៦៨ សាលា និងគ្រូឯកជនមានជាង៥០០០នាក់ មកពីសាលាចំនួន ២៥៨ សាលា។
លោកប្រធានមន្ទីរបានបន្តថា ការធ្វើតេស្តនេះគឺខណ្ឌនីមួយៗត្រូវធ្វើយ៉ាងណាធ្វើឲ្យរួចរាល់ មុនថ្ងៃបើកសាលារៀនឡើងវិញ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៥ ខែ កញ្ញា ខាងមុខនេះ ហើយប្រសិនបើមានលោកគ្រូអ្នកគ្រូណាម្នាក់មានវិជ្ជមានកូវីដ១៩ ត្រូវបញ្ជូនទៅមណ្ឌលព្យាបាលឬធ្វើការព្យាបាលនៅតាមផ្ទះ ប្រសិនបើផ្ទះគាត់ស្របទៅតាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាល។
រដ្ឋបាលសាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសាលារៀនកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ ចូលរៀននៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២១ខាងមុខនេះ ដោយអនុវត្តទៅតាមគោលការណ៍ ណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡានិងក្រសួងសុខាភិបាល។ ដើម្បីការពារការចម្លងជំងឺកូវីដ ពេលបើកដំណើរការសាលាឡើងវិញ ដោយតម្រូវឲ្យដាក់សិស្សក្នុង១ថ្នាក់ ក្រោម១៥នាក់ ប៉ុណ្ណោះនិងរៀនឆ្លាស់គ្នាឬការរៀនតាមបែបចម្រុះ។
ក្នុងការបើកដំណើរការសាលារៀនឡើងវិញនេះ ក្រសួងអប់រំយុវជននិងកីឡាបានតម្រូវឱ្យរាជធានីខេត្តនៅទូទាំងប្រទេស ចុះវាយតម្លៃស្ថានភាពជាក់ស្តែង និងកំណត់ទីតាំងសាលារៀនណាខ្លះនៅតំបន់មានហានិភ័យទាបនិងតំបន់ណាខ្លះមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ ហើយធ្វើរបាយការណ៍មកក្រសួងអប់រំដើម្បីក្រសួងរាយការណ៍បន្តជួនសម្តេចនាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះសម្តេចតេជោហ៊ុន សែន បានចេញ សារសម្លេងបន្ទាន់មួយ ដោយណែនាំ្យក្រសួង អប់រំយុវជននិងកីឡា សហការជាមួយអាជ្ញាធរ រាជធានីខេត្ត ដើម្បីពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិឃុំ ដែលមិនមានការឆ្លងជំងឺកូវីដ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន៕
អត្ថបទ៖ សំអឿន
ចុចអាន៖បទយកការណ៍៖ ទឹកចិត្តអាណាព្យាបាលចំពោះការបើកសាលារៀនឡើងវិញ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត