ព័ត៌មានជាតិ
មកដឹងលម្អិត ពីករណី សិស្ស៥វិទ្យាល័យនៅភ្នំពេញ មានវិជ្ជមានកូវីដ-១៩ ជាង២០នាក់
ក្រសួងអប់រំ យុជន និងកីឡា នៅថ្ងៃទី១៧ ខែកញ្ញានេះ បានជូនដំណឹង ដោយបានស្នើឱ្យមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញធ្វើការផ្អាកដំណើរការថ្នាក់រៀននៅសាលារៀនចំនួន៥ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃនិងយកអ្នកពាក់ព័ន្ធផ្ទាល់ទៅធ្វើចត្តាឡីស័កក្រោយមានផ្ទុះជំងឺកូវីដ១៩នៅក្នុងថ្នាក់រៀននៅក្នុងសាលាទាំងនោះរួចមក។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលនេះថា ក្នុងចំណោម៥វិទ្យាល័យ មានដូចជា វិទ្យាល័យពញាពន់ វិទ្យាល័យបឹងប្រិយ៍ វិទ្យាល័យបឹងធំ វិទ្យាល័យវត្តភ្នំ និង វិទ្យាល័យវត្តកោះ គឺមានសិស្សវិជ្ជមានកូវីដ១៩ សរុបទាំងអស់ ២៣នាក់។
លោក ហែម ស៊ីណារ៉េត មានប្រសាសន៍បន្តថា៖ “ស្ថានភាពជំងឺពួកគាត់ទាំង២៣នាក់ គឺធម្មតា មិនមានធ្ងន់ធ្ងរទេ គ្រាន់តែអ្នកខ្លះមានហៀរសំបោរតិចតួច ដោយសារអ្នកខ្លះត្រូវទឹកភ្លៀង។ តាមការសាក់សួរ ពួកគាត់ថា ដូចជាអត់មានអាការៈសង្ស័យអីទេ គឺធម្មតាៗ ដល់តែពេលធ្វើសំណាក ក៏ឃើញវិជ្ជមានកូវីដ-១៩។ ពួកគាត់ទាំង២៣នាក់ ឆ្លងជំងឺកូវីដ១៩ ធម្មតា មិនមែនប្រភេទពួកបំប្លែងថ្មីទេ”។
ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ រូបនេះបញ្ជាក់ទៀតថា ពួកគាត់មួយចំនួនត្រូវបានគ្រូពេទ្យឱ្យសម្រាកនៅមណ្ឌលព្យាបាល ឯមួយចំនួនទៀត សម្រាកព្យាបាលនៅផ្ទះ តាមលក្ខខណ្ឌផ្ទះរបស់ពួកគាត់ដែលអាចសម្រាកព្យាបាលបាន។ ពួកគាត់ខ្លះព្យាបាលនៅមណ្ឌល ស្តាតអូឡាំពេក មណ្ឌលព្យាបាលម៉ូឌែន មណ្ឌលព្យាបាលទួលពង្រ និងសម្រាកតាមផ្ទះ២ ៣នាក់។
លោក ហែម ស៊ីណារ៉េត បានឱ្យដឹងពីមូលហេតុដែលរកឃើញសិស្សទាំង២៣នាក់នោះមានវិជ្ជមានកូវីដ-១៩ថា៖ “ដោយសារលក្ខខណ្ឌមួយចំនួនមានការយកសំណាកប្រជាពលរដ្ឋនៅមូលដ្ឋានដែលពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ ហើយពួកគាត់ចូលរួមធ្វើតេស្តសំណាក។ លុះពេលលទ្ធផលវិជ្ជមានកូវីដ-១៩ ទើបយើងធ្វើការផ្អាកថ្នាក់រៀនដែលពួកគេបានចូលសិក្សាឡើងវិញនោះជាបណ្ដោះអាសន្ន ដោយស្នើគ្រូ និងមិត្តរួមថ្នាក់ពួកគេដទៃទៀត ធ្វើចត្តាឡីស័ក បង្រៀន និងរៀនពីចម្ងាយវិញសិន”។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃនេះថា ដោយយោងតាមស្មារតីលិខិតលេខ ៥០ ចុះថ្ងៃទី១៣ កញ្ញា ២០២១ សេចក្តីណែនាំស្តីពីគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សាក្នុងការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡាបានណែនាំគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននូវវិធានការ៧ចំណុច។
លោក រស់ សុវាចា មានប្រសាសន៍បញ្ជាក់ថា៖ “ដែលចំណុចទី១ ស្ដីពីការបង្កើតគណៈកម្មការសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា ដើម្បីធ្វើការសម្រេចចិត្តក្នុងការផ្អាកផ្នែកណាមួយនៃការរៀនតាមបណ្ដុំជាបណ្ដោះអាសន្ន ករណីមានការរាតត្បាតជំងឺឆ្លង ឬករណីមានប្រធានស័ក្ត និងត្រូវជូនដំណឹងដល់អ្នកពាក់ព័ន្ធដើម្បីលើកវិធានការអន្តរាគមន៍បន្ទាន់។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា រូបនេះ មានប្រសាសន៍បន្ថែមថា ក្រសួងនឹងជម្រាបពត៌មានជូនមហាជននាពេលខាងមុខ ក្រោមកិច្ចសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រួល និងតម្រង់ទិសរៀបចំការរៀន និងបង្រៀនតាមបណ្តុំ ឱ្យបានកាន់តែប្រសើរ។
លោកមានប្រសាសន៍បន្តថា៖ “ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់អាទិភាពលើការលើកកម្ពស់សុខភាព និងសុវត្ថិភាព សិស្សានុសិស្ស និងបុគ្គលិកអប់រំ ស្របនឹងការបន្តពង្រឹងការអនុវត្តវិធានការណ៍ចាំបាច់ ឱ្យរឹតតែមានប្រសិទ្ធភាព”។
គួរបញ្ជាក់ថា សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ថ្នាក់រៀនដែលត្រូវផ្អាកបណ្តោះអាសន្ននោះរួមមានទី១ វិទ្យាល័យពញាពន់ផ្អាកថ្នាក់ទី៩B ។២ វិទ្យាល័យបឹងប្រិយ៍ ថ្នាក់រៀនផ្អាក ថ្នាក់ទី១២A1, ៩C1,និង៩ D១ ។ទី៣. វិទ្យាល័យបឹងធំ ផ្អាកថ្នាក់ទី៧A2។ ៤. វិទ្យាល័យវត្តភ្នំ ផ្អាកថ្នាក់ទី ៩H2 ៩D2 ៩B2 ៩ B1 ៩H2 ១២C2 ១២C1១២ B2និង១២ H2។៥ វិទ្យាល័យវត្តកោះ ថ្នាក់ទី៧P។
ក្រសួងបានណែនាំបន្តថាចំពោះថ្នាក់ដទៃទៀតត្រូវបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវបន្តរិតត្បឹតការចេញលេង និងបន្តពាក់ម៉ាសនិងលាង ដៃជាប្រចាំ។ មិនអនុញ្ញាតឲ្យមានការទាក់ទង ពីសិស្សម្នាក់១ទៅថ្នាក់១ ទៀត និងមិនអនុញ្ញាតឱ្យមានការជួបជុំ ឬប្រជុំ ក្រៅពីការសិក្សាក្នុងសាលារៀនឡើយ។
គួររំលឹកថា គ្រឹះស្ថានអប់រំសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ ចំនួន១៤២សាលាបានបើកដំណើរការឡើងវិញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងនោះមានសាលារដ្ឋចំនួន៦៨ទីតាំង និងសាលាឯកជនមាន១៥៩ទីតាំង។
ចំណែកខេត្តផ្សេងៗទៀតកំពុងរៀបចំបើកដំណើរការជាបន្តបន្ទាប់ទៀតដោយសារត្រូវបោសសំអាត និងបាញ់ថ្នាំសម្លាប់មេរោគ បន្ទាប់ពីសាលារៀនទាំងនោះត្រូវយកធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ ឬធ្វើជាមណ្ឌលចត្តាឡីស័ក។ ក្នុងនោះសាលាបើកមុនគេមានខេត្តព្រះសីហនុ បន្ទាប់មកទៀតរាជធានីភ្នំពេញ កណ្តាល ប៉ៃលិន បន្ទាយមានជ័យ ពោធិសាត់ បើកនៅថ្ងៃទី១៥ ខែកញ្ញា និងខេត្តកំពង់ចាម បើកនៅថ្ងៃទី២០ ខែកញ្ញា និងខេត្តស្វាយរៀងបើកនៅថ្ងៃទី២៧ ខែកញ្ញាខាងមុខ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?