ព័ត៌មានជាតិ
ពលរដ្ឋនៅតំបន់ក្រហម ទទួលឱសថចិន អាជ្ញាធរចុះចែកដល់ខ្នងផ្ទះ
ខេត្តសៀមរាប៖ អាជ្ញាធរមូលដ្ឋាននៃតំបន់ក្រហមក្នុងក្រុងសៀមរាបនិយាយថា ការចែកឱសថ លៀនហ័រ ឈីងវីន ជូនប្រជាពលរដ្ឋ គឺជាផ្នែកមួយនៃវិធានការសំខាន់ទាំង៣ ដែលបានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។
អាជ្ញាធរមូលដ្ឋាននៅក្នុងភូមិសាស្រ្តសង្កាត់ចំនួន៤នៃក្រុងសៀមរាប រួមមានសង្កាត់គោកចក សង្កាត់ស្វាយដង្គំ សង្កាត់ស្លក្រាម និងសង្កាត់ជ្រាវ កំពុងបើកយុទ្ធនាការចែកឱសថដែលមានឈ្មោះថា លៀនហ័រ ឈីងវីន ( Liaonian Qingwen Capsules ) ដែលឱសថទាំងនេះទើបបានបញ្ជូនមកដល់ខេត្តសៀមរាប តាមរយៈនៃការបែងចែករបស់ក្រសួងសុខាភិបាល។
លោក ទិត សុខុម ប្រធានភូមិត្រពាំងសេះ នៃសង្កាត់គោកចក ក្រុងសៀមរាប បានដឹកនាំក្រុមការងារ ក្នុងយុទ្ធនាការចែកឱសថទាំងនេះ តាមខ្នងផ្ទះជូនដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់។ លោកបញ្ជាក់ថា អ្នកជំនាញវេជ្ជសាស្ត្រនៃមន្ទីរសុខាភិបាលខេត្ត បានពន្យល់ដល់ក្រុមការងារឲ្យបានយល់ដឹងថា ឱសថនេះជាប្រភេទថ្នាំព្យាបាលជំងឺដែលមានអាការៈក្តៅខ្លួន ក្អក ឈឺបំពង់ក និងការពារការរលាកសួតជាដើម អាចថាជាថ្នាំព្យាបាលជម្ងឺផ្តាសាយ ដែលអាការៈទាំងនេះ វាដូចគ្នាទៅនឹងអាការៈសង្ស័យនៃជម្ងឺកូវីដ-១៩។ វាមិនមែនជាថ្នាំព្យាបាលជម្ងឺកូវីដ-១៩នោះទេ តែវាមានគុណប្រយោជន៍ដល់ការកាត់បន្ថយហានីភ័យ នៃការឆ្លងជម្ងឺកូវីដ-១៩ក្នុងសហគមន៍។
ភូមិត្រពាំងសេះ ស្ថិតិប្រជាពលរដ្ឋស្នាក់នៅអចិន្ត្រៃយ៍ប្រមាណជាង២ពាន់គ្រួសារ ស្មើនឹងជិត១ម៉ឺននាក់ បើរាប់ទាំងប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នបន្ថែមទៀត ការចែកថ្នាំនេះនឹងអាចកើនដល់ជាង១ម៉ឺននាក់ ដែលក្នុងម្នាក់ៗត្រូវបានទទួលថ្នាំនេះ ពិសាក្នុងរយៈពេល៥ថ្ងៃ ១ថ្ងៃ៣ពេល និងត្រូវពិសាឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា។
លោកបានបញ្ចាក់ឲ្យដឹងថា យុទ្ធនាការនេះគឺជាសកម្មភាពតែមួយក្នុងតំបន់ក្រហមនៃក្រុងសៀមរាប ដែលពិតជាត្រូវបានខិតខំជម្រុញការចែកថ្នាំនេះនៅបណ្តាគ្រប់ភូមិសង្កាត់ទាំងអស់ឲ្យបានលឿន ឆាប់រហ័សដល់ដៃប្រជាពលរដ្ឋអ្នកប្រើប្រាស់។ តាមរយៈនៃការផ្តល់ឱសថនេះ ក្នុងនាមប្រជាពលរដ្ឋ លោកសង្ឃឹមថា តំបន់ក្រហមនឹងត្រូវដកចេញពីក្រុងសៀមរាបក្នុងពេលឆាប់ៗនេះ ហើយអ្វីដែលចងចាំមិនអាចបំភ្លេចបាន គឺឧបការគុណដ៏ធំធេង នៃសម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ស្ថាបនិកយុទ្ធសាស្រ្តកម្ពុជា ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។
បើតាមប្រភពដំណឹងចេញពីបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី លី វណ្ណៈ មន្រ្តីមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា ឱសថ លៀនហ័រ ឈីងវីន ត្រូវបាននាំបញ្ចេញពីឈ្លាំងឱសថមន្ទីរសុខាភិបាលខេត្ត ទៅកាន់មូលដ្ឋានគោលដៅតាំងតែពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ លោកស្រីបានឲ្យដឹងបន្ថែមតាមទូរសព្ទដែរថា ស្រុកពួក អាចជាគោលដៅបញ្ជូនឱសថទាំងនេះផងដែរ៕
អត្ថបទ៖ គឿនវេត
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង