ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ចេញវិធានការឱ្យវត្តអារាមអនុវត្ត ទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែកញ្ញានេះ បានចេញវិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន នៅភូមិសាស្ត្ររាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់រដ្ឋបាលខណ្ឌទាំង ១៤ ស្ថាប័នពាក់ព័ន្ធ មន្ទីរធម្មការ និងសាសនា ព្រមទាំងវត្តអារាមទាំងអស់ ឱ្យចូលរួមអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មី ប្រភេទ Delta អំឡុងពេលពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី ២២ ខែកញ្ញា ដល់ថ្ងៃទី ៦ ខែតុលា។
បើតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រះចៅអធិការវត្ត គណៈកម្មការវត្តគ្រប់ទីអារាមទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវបង្កើត ក្រុមការងារ ដើម្បីគ្រប់គ្រង ចាត់ចែង ត្រួតពិនិត្យការអនុវត្តវិធានការការពាររបស់ ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការ”៣ កុំ និង ៣ ការពារ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ។
ក្នុងនោះ ក្រុមការងារ ត្រូវទទួលខុសត្រូវក្នុងការចាត់ឱ្យមានអ្នករង់ចាំបាញ់អាល់កុល វាស់កម្ដៅ និងរៀបចំឱ្យមានកន្លែង លាងសម្អាតដៃនៅគ្រប់ច្រកចេញ-ចូលទាំងអស់ នៃបរិវេណទីវត្ត អារាម ប្រសិនបើអាចដំឡើងម៉ាស៊ីនវាស់កំដៅនិងទូបាញ់អាល់កុលសម្លាប់មេរោគដោយ ស្វ័យប្រវត្តិនៅតាមច្រកចេញ-ចូលបានជាការប្រសើរ។
ទន្ទឹមនេះ ត្រូវត្រួតពិនិត្យការរក្សា គម្លាតសុវត្ថិភាព តាមគោលការណ៍សុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច១,៥ម៉ែត្រពីគ្នា និង មិនអនុញ្ញាតឱ្យចូលប្រគេនចង្ហាន់-ទេយ្យវត្ថុប្រជ្រៀតគ្នា ឬកៀកគ្នាជាដាច់ខាត ដោយ កំណត់ចំនួនអ្នកចេញ-ចូលជាក្រុមម្តង១៥នាក់ ឬតិចជាងនេះ ដើម្បីឱ្យសមាមាត្រជាមួយ ទំហំទីតាំងប្រារព្ធពិធី ចៀសវាងហានិភ័យខ្ពស់ដល់ការងាយចម្លងជំងឺកូវីដ-១៩។
រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ក្នុងទីអារាមទាំងអស់ត្រូវដាក់ស្លាកសញ្ញាសម្គាល់ពីការតម្រូវឱ្យពាក់ម៉ាស និងត្រូវពាក់ម៉ាស ឬរបាំងមុខការពារឱ្យបានគ្រប់គ្នា ទាំងព្រះសង្ឃ និងគ្រហស្ថ។ ប្រសិនបើមានបុគ្គលណាមិន ព្រមពាក់ម៉ាស ឬរបាំងមុខការពារ ត្រូវរាយការណ៍ជាបន្ទាន់ទៅស្ថាប័នមានសមត្ថកិច្ចដល នៅក្បែរនោះ ដើម្បីធ្វើការផាកពិន័យទៅតាមបទមិនគោរពវិធានការរដ្ឋបាល។ ត្រូវធ្វើអនាម័យជាប្រចាំដោយបាញ់អាកុលសម្លាប់មេរោគនៅតាមបន្ទប់ទឹក និងកន្លែងដែលមានការប៉ះពាល់ច្រើន។
ដោយឡែក គ្រប់សម្ភារសម្រាប់ដាក់ចង្ហាន់ និងទេយ្យវត្ថុទាំងអស់ ត្រូវមានថាសសម្រាប់ទ្រជាទ្រនាប់ ចម្លង និងត្រូវណែនាំឱ្យពុទ្ធបរិស័ទបាញ់អាកុល ឱ្យបានសព្វកន្លែងមុននឹងប្រគេនព្រះសង្ឃ ដើម្បីបង្សុកូល ចៀសវាងការប្រគេនដោយផ្ទាល់ក្នុងករណីមានព្រះសង្ឃ គណៈកម្មការវត្ត ពុទ្ធបរិស័ទ មានអាការៈក្អក ឬផ្តាសាយ ដែល សង្ស័យថាមានជំងឺកូវីដ-១៩ ត្រូវធ្វើការផ្អាកការប្រារព្ធពិធីបុណ្យជាបណ្ដោះអាសន្នសិន ដោយក្រុមការងារត្រូវឃាត់បុគ្គលដែលសង្ស័យនោះឱ្យនៅមួយកន្លែង ហើយទាក់ទង មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឬលេខ១១៥ ដើម្បីឱ្យគ្រូពេទ្យមកយកសំណាកធ្វើតេស្ដ រកមេរោគកូវីដ-១៩។
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំថា រដ្ឋបាលខណ្ឌទាំង១៤ ត្រូវសហការជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ចុះពិនិត្យ និងសង្កេតការណ៍តាមទីតាំងវត្តអារាមទាំងអស់ ក្នុងករណ៍ពិនិត្យឃើញថាការ រៀបចំវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់វត្តណាមួយ មិនទាន់បានល្អ ត្រូវធ្វើការណែនាំឱ្យកែលម្អភ្លាមៗរហូតដល់ស្របទៅតាមលក្ខខណ្ឌដែល អាចទទួលយកបាន ទើបអនុញ្ញាតឱ្យបន្តការរៀបចំពិធីបុណ្យទាន ដោយមិនអនុញ្ញាតឱ្យមានការជួបជុំមនុស្សច្រើនក្រៅពីសមាជិកក្នុងក្រុមគ្រួសារតែមួយ។ មិនអនុញ្ញាតឱ្យព្រះសង្ឃឆាន់ជុំគ្នាច្រើន នៅក្នុងសាលាឆាន់ឡើយ ដោយរក្សាទុកព្រះសង្ឃ មួយចំនួនតូចសម្រាប់ការឆាន់ ដើម្បីវេរចង្ហាន់ជូនពុទ្ធបរិស័ទទៅតាមប្រពៃណីជាតិ។
ក្រៅពីនេះ ការសូត្រមន្ត ឬសំដែងធម៌របស់ព្រះសង្ឃ ត្រូវគង់ក្នុងគម្លាតសុវត្ថិភាព ព្រមទាំងត្រូវត្រួតពិនិត្យ និងណែនាំដូនជីតាជី សិស្ស ឱ្យរក្សាអនាម័យឱ្យបានល្អក្នុងការផ្ទេរស្រាក់ចង្ហាន់ពីពុទ្ធបរិស័ទ។
ក្នុងករណីមានបុគ្គលណាមួយរឹងរូសមិនព្រមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកវីដ-១៩ និងវិធានការ “៣ កុំ និង ៣ ការពារ” របស់ សម្ដេច អគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបង្កការ ចម្លងជំងឺកូវីដ-១៩ ទៅអ្នកដទៃ បុគ្គលនោះនឹងត្រូវផ្តន្ទាទោសទៅតាមមាត្រា១០ នៃច្បាប់ស្ដីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត៕
អត្ថបទៈ ស្រីរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ