ព័ត៌មានជាតិ
ក្រសួងការងារ និងសហព័ន្ធសេវាអប់រំនៅកម្ពុជាប្តេជ្ញារួមគ្នាលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហព័ន្ធសេវាអប់រំនៅកម្ពុជាដែលមានសមាជិកប្រមាណជិត១០០ស្ថាប័នបានប្តេជ្ញារួមគ្នាលើកកម្ពស់ការអប់រំនិងបណ្តុះបណ្តាលធនធានមនុស្សដើម្បីកសាងបានកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតឆ្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងស្រុក និងតំបន់។
ថ្លែងនៅក្នុងជំនួបសំដែងការគួរសមជាមួយលោកឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សពិតជាដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យកាន់តែមានការរីកចម្រើនជាលំដាប់។
លោករដ្ឋមន្ត្រីបានបន្តថា « ជាការពិតណាស់បច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកខ្លាំងក្លាណាស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សដោយបានបង្កើតសាលារៀនគ្រប់កម្រិត ស្ទើរតែគ្រប់ទីកន្លែងដោយធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលជូនដល់ក្មួយៗបានសិក្សារៀនសូត្រឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីជាបង្អែកដ៏រឹងមាំក្នុងការកសាងខឿនសេដ្ឋកិច្ចជាតិ។
ឱកាសជាច្រើនទៀតត្រូវបានរដ្ឋាភិបាលបានផ្តល់ជូនចំពោះនិស្សិតនូវអាហារូបករណ៍ដើម្បីបន្តការសិក្សានៅក្រៅប្រទេសជាមួយនឹងចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាជាច្រើនបន្ថែមពីបណ្តាប្រទេសដែលក្មួយៗបានទៅសិក្សារៀនសូត្រនៅទីនោះ»។
លោកឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍ថា គោលបំណងរបស់សហព័ន្ធចូលជួបសម្តែងការគួរសមនាឱកាសនេះ គឺដើម្បីសុំការគាំទ្រពីលោករដ្ឋមន្ត្រី និងចង់មានការទទួលស្គាល់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាផ្លូវការ ដើម្បីបន្ស៊ីនូវសកម្មភាព និងបេសកម្មរួមជាមួយគ្នានាពេលខាងមុខ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីលើកឡើងថា នេះក៏ជាគំនិតផ្តួចផ្តើម និងជាយន្តការសម្រាប់សម្របសម្រួលរវាងសហព័ន្ធសេវាអប់រំនៅកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសកម្មភាពដូចគ្នាដើម្បីរួមគ្នាធ្វើកិច្ចការខាងផ្នែកអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ទាំងអប់រំ និងបណ្តុះបណ្តាលនេះទៀតសោត គឺស្ថិតក្នុងក្របខណ្ឌអាទិភាពគោលនយោបាយរបស់រដ្ឋាភិបាលដែលបច្ចុប្បន្នផ្នែកបច្ចេកវិទ្យា មានការអភិវឌ្ឍរីកចម្រើនខ្លាំងណាស់ដែលទាមទារចាំបាច់ឲ្យមានការចូលរួមជាមួយភាគីពាក់ព័ន្ធ។
លោករដ្ឋមន្ត្រីបានស្នើឱ្យខាងសហព័ន្ធសេវាអប់រំនៅកម្ពុជា សហការរៀបចំឲ្យមានការចុះកិច្ចព្រមព្រៀងជាមួយគ្នា (MOU) រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថាតើចង់សហការអ្វីខ្លះជាមួយក្រសួង? ហើយខាងសហព័ន្ធទទួលខុសត្រូវអ្វីខ្លះ?ហើយខាងក្រសួងជួយគាំទ្របន្ថែមលើអ្វីបានខ្លះ?
លោកឧកញ៉ា ប៉ិច បូឡែន បានសម្តែងការពេញចិត្តក្នុងការចូលរួមសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើយ៉ាងណាដើម្បីឱ្យបេសកម្មរួមលើកិច្ចការងារអប់រំបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាកាន់តែមានគុណភាព ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិឲ្យកាន់តែមានការអភិវឌ្ឍឈានទៅមុខឥតឈប់ឈរ។
គួរបញ្ជាក់ថា សហព័ន្ធសេវាអប់រំនៅកម្ពុជា ជាសមាគមមួយដែលទើបតែបង្កើតឡើង និងបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃដោយរួមផ្តុំ ស្ថាប័ន សមាគមអប់រំ និងបណ្តុះបណ្តាលប្រមាណជិត១០០ស្ថាប័នហើយកំពុងបន្តទទួលសមាជិកចូលជាប្រចាំ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី