ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អង្គការសហប្រជាជាតិ នឹងធ្វើជាស្នូល ក្នុងការពង្រឹងពហុភាគីនិយម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតការសង្ឃឹមយ៉ាងមុតមាំ ចំពោះការពង្រឹងពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិជាស្នូល ក្នុងការពង្រឹងសាមគ្គីភាពអន្តរជាតិ ដើម្បីឲ្យសហគមន៍អន្តរជាតិសម្រេចបាន នូវជ័យជំនះចំពោះវិបត្តិនៃជំងឺកូវីដ-១៩ និងការជំរុញសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម សម្រាប់យើងទាំងអស់គ្នា។ ពហុភាគីនិយម គឺជាក្តីសង្ឃឹមរបស់យើង ហើយយើងសម្លឹងមើលទៅអង្គការសហប្រជាជាតិដែលជា «ពន្លឺនៃក្តីសង្ឃឹម» របស់យើង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងបែបនេះ នៅក្នុងសុន្ទរកថា ថ្លែងក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ នាយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។
នៅក្នុងសុន្ទរកថា ថ្លែងទៅកាន់អង្គមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពិភពលោករបស់យើង នៅតែត្រូវដោះស្រាយ នូវបញ្ហាប្រឈមជាច្រើនផ្សេងទៀត៖ ដូចជាការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយ, ការប្រឈមមុខដាក់គ្នា រវាងមហាអំណាចសង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម, ជម្លោះប្រដាប់អាវុធដណ្តើមទឹកដី, អំពើភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន, និងការប្រែប្រួលអាកាសធាតុ ។ សន្តិភាព និងសន្តិសុខអន្តរជាតិ នៅតែកំពុងទទួលរង នូវសម្ពាធធ្ងន់ធ្ងរដូចមុនដដែល។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រវត្តិសាស្ត្របានប្រាប់យើង ម្តងហើយ ម្តងទៀតថា ការជ្រៀតជ្រែកនិងការដែលកាន់តែអាក្រក់ជាងនេះទៅទៀត នោះគឺការប្រើប្រាស់ជម្រើសយោធា ក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ។ ផ្ទុយទៅវិញជម្រើសទាំងអស់នេះ បានត្រឹមនាំមកនូវការបាត់បង់ជីវិត, ការឈឺចាប់ និងទុក្ខវេទនា សម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម-សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រទេសកម្ពុជា គឺជាឧទាហរណ៍ជាក់ស្តែង ដែលបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុត ហើយអ្វីដែលគួរឲ្យសោកស្តាយនោះ គឺនាពេលបច្ចុប្បន្ន យើងកំពុងតែឃើញការអនុវត្តឡើងវិញនូវគោលនយោបាយដដែលនេះ។ ប្រសិនបើយើង អាចចាត់ទុកជាមេរៀននូវព្រឹត្តិការណ៍ថ្មីៗ ដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថាន និងព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតពីមុន, ការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជន ក្នុងការសម្រេចចិត្តដោយខ្លួនឯង គឺជាគុណតម្លៃមួយដ៏ធំធេង។ នេះហើយជាហេតុផល មិនអាចប្រកែកបាន សម្រាប់ការពង្រឹងនូវពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយផ្អែកលើច្បាប់។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងថា ប្រទេសធំ និងតូចតែងតែមានប្រវត្តិសាស្ត្រ, វប្បធម៌, ប្រពៃណី, របៀបរបបរស់នៅ និងការរៀបចំនយោបាយខុសៗគ្នា។ ប្រទេសនីមួយៗ មិនគួរត្រូវបានបង្អាក់ដំណើរ ដោយសារតែការដាក់ទណ្ឌកម្មជាឯកតោភាគី, ការហាមឃាត់ ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែង ក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះឡើយ។
ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការប្រែប្រួលតថភាពនៃសតវត្សទី២១ ទាមទារនូវអង្គការសហប្រជាជាតិមួយ ដែលមានទម្រង់ថ្មី និងមានភាពរហ័សរហួន ក្នុងការឆ្លើយតប។ អង្គការនេះត្រូវតែប្រកាន់ឲ្យបានខ្ជាប់ខ្ជួនជាងមុន នូវអភិក្រមដោះស្រាយបញ្ហា តាមបែបប្រជាធិបតេយ្យ ប្រកបដោយបរិយាប័ន្ន និងភាពជាតំណាង។ ក្នុងន័យនេះប្រទេសកម្ពុជា សូមសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះកិច្ចខំប្រឹងប្រែង ប្រកបដោយភាពបុរេសកម្ម របស់អគ្គលេខាធិការក្នុងការរៀបចំអង្គការនេះ ឲ្យកាន់តែមានភាពឆ្លើយតបទៅនឹង តម្រូវការរបស់ប្រទេសជាសមាជិក។ ទំនាក់ទំនងរវាងក្រុមប្រឹក្សាសន្តិសុខ, អង្គមហាសន្និបាត និងអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ក៏ត្រូវមានការពង្រឹងឡើងវិញផងដែរ។ ក្នុងទិដ្ឋភាពនេះ ប្រទេសកម្ពុជាសូមធ្វើការបញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់ខ្លួន ចំពោះការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ។ ប្រទេសកម្ពុជាប្រកាន់ទស្សនៈថា ការបង្កើនភាពជាតំណាងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលគ្របដណ្តប់ចំណែកធំបំផុតនៃប្រទេសជាសមាជិក គឺជាអាទិភាពចម្បងបំផុត។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសង្ឃឹមដ៏មុតមាំ ចំពោះការពង្រឹងពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិជាស្នូល ក្នុងការពង្រឹងសាមគ្គីភាពអន្តរជាតិ ដើម្បីឲ្យសហគមន៍អន្តរជាតិសម្រេចបាន នូវជ័យជំនះចំពោះវិបត្តិនៃជំងឺកូវីដ-១៩ និងការជំរុញសន្តិភាព, ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម សម្រាប់យើងទាំង អស់គ្នា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពហុភាគីនិយម គឺជាក្តីសង្ឃឹមរបស់យើង ហើយយើងសម្លឹងមើលទៅ អង្គការសហប្រជាជាតិដែលជា «ពន្លឺនៃក្តីសង្ឃឹម» របស់យើង៕
អត្ថបទ៖ ណារី
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ