Connect with us

ព័ត៌មានជាតិ

កម្ពុជាដាក់ឱ្យប្រើប្រាស់ គោលនយោបាយជាតិ ប្រព័ន្ធកិច្ចការពារកុមារ

បានផុស

នៅ

កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ ផែនការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩- ២០២៩ ដើម្បីជាប្រយោជន៍ក្នុងកិច្ចការពារភាពងាយរងគ្រោះរបស់កុមារពីការរំលោភបំពានគ្រប់រូបភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ នេះធ្វើឡើងតាមរយៈប្រព័ន្ធ (Zoom) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានឱ្យដឹងថា ផែនការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ មានគោលបំណងដើម្បីជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អនុវត្តផែនការនេះប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

សេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានគូសបញ្ជាក់ថា គោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារនេះ គឺជាយុទ្ធសាស្ត្របង្ហាញអំពីការប្តេជ្ញាចិត្តជាក់ស្តែងមួយរបស់រាជរដ្ឋាភិបាលចំពោះការអនុវត្តកិច្ចការពារកុមារគ្រប់ជ្រុងជ្រោយ ពីការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់រូបភាព ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាជាប្រព័ន្ធ។

តាមសេចក្តីប្រកាសព័ត៍មានដដែលបានបន្តថា ការរកឃើញពីការស្ទង់មតិ អំពើហិង្សាលើកុមារនៅកម្ពុជា ពីក្រសួងកិច្ចការនារី ក្នុងឆ្នាំ២០១៤ បានបង្ហាញថា ស្ត្រី និងបុរសប្រហែល ៦ នាក់ ក្នុងចំណោម ១០នាក់ នៅគ្រប់វ័យបានជួបប្រទះយ៉ាងហោចណាស់នូវទម្រង់នៃអំពើហិង្សារាងកាយ អារម្មណ៍ និងផ្លូវភេទ ក្នុងកំឡុងកុមារភាពរបស់ពួកគេ។ ជិតមួយភាគបួននៃស្ត្រី និងបុរសដែលមានអាយុពី ១៣ ទៅ ១៧ ឆ្នាំ ត្រូវបានរាយការណ៍ថា បានជួបប្រទះអំពើហិង្សាច្រើនទម្រង់។ ស្រ្តីម្នាក់ក្នុងចំណោម ៥នាក់ (២០%) និងបុរស-២៥% បានរាយការណ៍ពីការរំលោភបំពានផ្លូវចិត្តដោយឪពុកម្តាយ ឬមនុស្សពេញវ័យមុនអាយុ ១៨ឆ្នាំ។

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ មានប្រសាសន៍ថា ទោះបីមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយបានបង្កើតនូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញាកុមារទូទៅ និងកុមារងគ្រោះយ៉ាងណាក៏ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅក្នុងស្ថានភាពលំបាក រងគ្រោះ ដែលត្រូវការការគាំទ្រ និងអន្តរាគមន៍ជាចាំបាច់។

លោក វង សូត មានប្រសាសន៍ថា៖ “យើងត្រូវតែពង្រឹងយន្តការអនុវត្តប្រព័ន្ធកិច្ចការពារកុមារ និងកសាងសមត្ថភាពធនធានមនុស្ស និងហិរញ្ញវត្ថុសម្រាប់អនុវត្តផែនការ សកម្មភាព ដើម្បីទប់ស្កាត់ នឹងឆ្លើយតបចំពោះអំពើហឹង្សាលើកុមារ មានប្រសិទ្ធភាពស្របតាមស្ថានភាពជាក់ស្តែង នៅឡើយ។ ម្យ៉ាងវិញទៀត ការអន្តរាគមន៍ចំពោះកុមាររងគ្រោះរបស់យើង នៅដាច់ដោយឡែក ដោយដុំ មិនទាន់មានក្របខ័ណ្ឌការងារ និងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់នៅឡើយ។ ដូច្នេះគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារនេះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយដោះស្រាយបញ្ហាកុមារមានលក្ខណៈជាប្រព័ន្ធ”។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងថា៖ “ការលើកកម្ពស់សិទ្ធិកុមារ និងកិច្ចការពារកុមារជាការងាររបស់យើងទាំងអស់គ្នា ដែលតម្រូវឱ្យយើងរួបរួមគ្នាបំពេញការងារជាពហុវិស័យប្រទាក់ក្រឡាគ្នា។

លោកជំទាវមានប្រសាសន៍បន្តថា៖ “លើសពីនេះទៀត កិច្ចការពារកុមារក៏ត្រូវបានពិភពលោកកំពុងតែយកចិត្តទុកដាក់ និងរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការរំលោភបំពាន់គ្រប់ទម្រង់ផងដែរ ហើយកម្ពុជាជាប្រទេសដែលកំពុងបោះជំហានទៅមុខ ក្នុងការចូលរួមលើកិច្ចការងារនេះយ៉ាងសកម្មសំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារ ដើម្បីជាឧត្តមប្រយោជន៍របស់កុមារគ្រប់រូប”។

នាយិកាប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជា អ្នកស្រី គ្លីននេក វ៉ង បានលើកឡើងថា ផែនការអនុវត្តគោល នយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារគឺជាសមទ្ធិផលដ៏អស្ចារ្យមួយទៀត ដើម្បីលើកកម្ពស់កិច្ចការពារកុមារ នៅកម្ពុជា។ នេះគឺជាការប្ដេជ្ញាចិត្តជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើការពង្រឹងការអនុវត្តកិច្ចការពារកុមារជាប្រព័ន្ធនៅកម្ពុជា។ វិធីសាស្រ្តជាប្រព័ន្ធ ស្តីពីការអនុវត្តកិច្ចការពារកុមារ ទាមទារឱ្យយើងម្នាក់ៗ ធ្វើការរួមគ្នា និងធានាឱ្យបាននូវកិច្ចការពារកុមារ និងសំឡេងរបស់ពួកគេ ជាពិសេសក្មេងស្រីដែលជាលះដូងនៃការងាររបស់យើង។

លោកស្រី មានប្រសាសន៍បន្ថែមទៀតថា៖ “អង្គការក្លែងអន្តរជាតិកម្ពុជា ហើយខ្ញុំជឿជាក់ថា ដៃគូរភិវឌ្ឍន៍ជាច្រើនទៀតបានត្រៀមខ្លួនគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងការអនុវត្តន៍គោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមាររយៈ ពេល ៥ ឆ្នាំនេះ ព្រមទាំងផែនការអនុវត្តគោលនយោបាយជាតិនេះ រយៈពេល ១៥ ឆ្នាំខាងមុខនេះទទួលបានជោគជ័យសម្រាប់កុមាររាប់លាននាក់ ជាពិសេសកុមារី នៅកម្ពុជា”។

គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩នេះ ផ្តោតសំខាន់លើសរសរស្តមចំនួន ៤ វិធាន ឬមុំចំនួន ៤ ព្រមទាំងយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ ១. ភាពចាំបាច់ក្នុងការការវិនិយោគបន្ថែមលើមន្ត្រីសង្គម ឬបុគ្គលិកសង្គមកិច្ចនៅថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់សេវាគាំពារកុមារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល សង្គតិភាព និងទាន់ពេលវេលាសម្រាប់កុមារ និងគ្រួសារនៅក្នុងសហគមន៍។ ២. បន្តធានាឱ្យកុមារអាចទទួលបានសេវាផ្លូវច្បាប់ និងសមធម៌សង្គម តាមរយៈការផ្តល់នូវសេវាសង្គមកិច្ចសម្រាប់កុមារ និងគ្រួសារដែលត្រូវការកិច្ចការពារ។ ៣. ការឆ្លើយតបទៅនឹងកុមារ និងគ្រួសាររបស់ពួកគេដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។ ៤. ការបន្តប្រមូលផ្តុំ ពង្រឹង និងពង្រីកកម្មវិធីដែលមានស្រាប់សម្រាប់កិច្ចការពារកុមារ សំដៅបង្កើនប្រសិទ្ធភាព តម្លាភាព និងស្ថិរភាពឱ្យបានទូលំទូលាយ។ ៥. ការធានាឱ្យបាននូវសង្គតិភាពនៃនីតិវិធី វិធានការ និងយន្តការដែលមាន ស្រាប់ក្នុងការដោះស្រាយបញ្ហាកុមារ ដើម្បីបំពេញតម្រូវការ និងធានាការពារកុមារ ប្រកបដោយបរិយាកាសគ្រួសារ ក្តីស្រឡាញ់ ការយកចិត្តទុកដាក់មានលក្ខណៈកុមារមេត្រី និងធានានូវឧត្តមប្រយោជន៍របស់កុមារ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ នាទី មុន

កម្ពុជាស្នើឱ្យចិន រៀបកញ្ចប់ទស្សនកិច្ច ដើម្បីទាក់ទាញទេសចរចិនមកកម្ពុជា

ព័ត៌មានជាតិ១២ នាទី មុន

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ៖ ទោះយោធិនចូលនិវត្តន៍ ក៏នៅតែមានភាពអង់អាច និងគំរូវីរភាព

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

​ប៉ាឡេស្ទីន​បដិសេធ​ទទួល​យក​កុងតឺន័រដឹកសាក​សព​៨៨​នាក់ពីអ៊ីស្រាអែល​​​ទៅហ្គាហ្សា

ព័ត៌មានជាតិ៤៨ នាទី មុន

កម្ពុជា ADB និង CDRI​ ចាប់ផ្តើមបើកកិច្ចពិភ្សា​ក្នុងការសិក្សាស្រាវជ្រាវលើគម្រោង​អភិវឌ្ឍន៍នានាដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ទិសដៅនាពេលអនាគត ១១ ចំណុច ក្រសួងត្រៀមធ្វើកំណែទម្រង់វិស័យអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម