ព័ត៌មានជាតិ
ស្ថានភាព២សប្ដាហ៍ នៃការបើកគ្រឹះស្ថានសិក្សាឡើងវិញ នៅភ្នំពេញ
មកដល់ថ្ងៃពុធ ទី២៩ ខែកញ្ញានេះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន កម្រិតចាប់ពីអនុវិទ្យាល័យ ដល់វិទ្យាល័យនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការរៀនផ្ទាល់ឡើងវិញ បាន២សប្ដាហ៍ហើយ ដោយមានស្ថានភាពល្អប្រសើរ ខណៈគ្រឹះស្ថានសិក្សាសាធារណៈនៅសល់តែ១សាលាទៀតប៉ុណ្ណោះ ឯគ្រឹស្ថានសិក្សាឯកជនបានដំណើរការឡើងបានជាង ៦៨ភាគរយ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅរសៀល នេះថា រយៈពេល២សប្ដាហ៍នៃការបើកសាកល្បងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនចាប់ពីកម្រិតអនុវិទ្យាល័យឡើងទៅ នៅរាជធានីភ្នំពេញ គឺដំណើរការបានល្អប្រសើរ មានន័យថា គ្រប់សាលា ជាពិសេសលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួមអនុវត្តនូវវិធានការការពារបានល្អប្រសើរ។
ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញខាងលើ បានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ មានគ្រឹះស្ថានសាធារណៈ និងឯកជនដែលដាក់ឱ្យដំណើរការគឺមានចំនួន ១៧៦ លើ ២២៧ គ្រឹះស្ថានមធ្យមសិក្សា គឺ ៧៨ភាគរយ។

លោក ហែម ស៊ីណារ៉េត មានប្រសាសន៍បន្តថា៖ “ក្នុងនោះគ្រឹះស្ថានសិក្សាសាធារណៈ មានចំនួន ៦៧ លើ៦៨ មានន័យថា នៅសល់តែមួយសាលាទៀតទេ ដោយសារការរៀបចំក្រោយពីបញ្ចប់ជាកន្លែងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ គឺត្រូវរៀបចំសម្អាត បាញ់ថ្នាំសម្លាប់មេរោគ ហើយសាលានេះនឹងបើកដំណើរការចូលរៀនវិញឆាប់ៗក្នុងសប្ដាហ៍នេះ”។
លោក មានប្រសាសន៍បន្ថែមថា ដោយឡែកគ្រឹះស្ថានសិក្សាឯកជន បានដាក់ដំណើរការចំនួន ១០៩ លើ ១៥៩ ហើយសាលាដែលនៅសេសសល់ ក្រុមការងារវាយតម្លៃថ្នាក់ខណ្ឌកំពុងបន្តពិនិត្យ វាយតម្លៃ។
លោក ហែម ស៊ីណារ៉េត មានប្រសាសន៍បន្តថា៖ “ហើយនៅពេលវាយតម្លៃឃើញថា សាលាទាំងនោះបានរៀបចំគោរពគោលការណ៍ប្រតិបត្តិត្រឹមត្រូវហើយ សាលាអាចដាក់ពាក្យស្នើសុំ ហើយក្រុមការងារថ្នាក់ខណ្ឌធ្វើសំណើស្នើសុំមកក្រុមការងារវាយតម្លៃថ្នាក់រាជធានីភ្នំពេញ ដើម្បីសម្រេចអនុញ្ញាតឱ្យបើក”។

ជាការណែនាំបន្ថែម ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញរូបនេះ អំពាវនាវសូមឱ្យលោកគ្រូអ្នកគ្រូ សិស្សានុសិស្សបន្តការចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ដោយទាំងគ្រូទាំងសិស្សដាច់ខាតត្រូវតែពាក់ម៉ាសគ្រប់ៗគ្នា គ្រប់ច្រកចូលសាលាត្រូវតែមានឧបករណ៍វាស់កម្ដៅ បាញ់អាល់កុល និងរក្សាគម្លាត ពិសេសគោលការណ៍រៀបសិស្សក្នុងថ្នាក់មិនឱ្យលើសពី ១៥ នាក់ និងបន្តការតាមដានសុខភាព។
គួររំលឹកថា កាលពីថ្ងៃដាក់ដំណើរការឡើងវិញនូវ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញ្ញាតជាដំណាក់ៗ ដោយជំហានដំបូងផ្ដល់ដល់កម្រិតមធ្យមសិក្សា ដោយផ្ដោតលើកម្រិតថ្នាក់ទី៩ និងទី១២សិន។ គ្រឹះស្ថានសិក្សាសាធារណៈដែលដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅនេះ មានចំនួន១៤២គ្រឹះស្ថានសិក្សា ពោលគឺ ៦២ លើ៦៨សាលា (ជាង៩០ភាគរយ) ជាគ្រឹះស្ថានសិក្សាសាធារណៈ និង៨០ លើ១៥៩សាលា (ជាង៥០ភាគរយ) ជាគ្រឹះស្ថានសិក្សាឯកជន។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទាំងឡាយដែលត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសឹក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំយុវជន និងកីឡា និងសេចក្តីណែនាំលេខ ០២៣ សណន ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច