Connect with us

ព័ត៌មានអន្ដរជាតិ

ដល់ថ្ងៃរដ្ឋាភិបាល ជប៉ុន លាលែងពីតំណែង អតីតរដ្ឋមន្ត្រីការបរទេសចូលកាន់ជានាយករដ្ឋមន្ត្រីថ្មី

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនបានលាលែងពីតំណែងហើយ ហើយសភានឹងបោះឆ្នោតគាំទ្របេក្ខភាពនាយករដ្ឋមន្រ្តីនៅថ្ងៃចន្ទនេះ ខណៈអតីតរដ្ឋមន្រ្តីការបរទេសលោក Fumio Kishida នឹងជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ។

លោក Fumio Kishida
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចុងខែកញ្ញា ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីលោក Katsunobu Kato បានប្រកាសថា គណៈរដ្ឋមន្រ្តីជប៉ុនបានកំណត់ពេលប្រជុំសភាវិសាមញ្ញនៅថ្ងៃទី ៤ ខែតុលានេះ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ។

សារព័ត៌មានក្យូដូបានរាយការណ៍នៅព្រឹកថ្ងៃចន្ទនេះថា លោក Kishida វ័យ ៦៤ ឆ្នាំនឹងត្រូវបោះឆ្នោតជ្រើសរើសដោយសភា នៅពេលកិច្ចប្រជុំសភាវិសាមញ្ញធ្វើឡើងនៅរសៀលនេះ ។

ទន្ទឹមនោះ នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីលោក Toshimitsu Motegi នៅតែជារដ្ឋមន្ត្រីការបរទេស ខណៈលោក Shunichi Suzuki នឹងត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ហើយលោក Hirokazu Matsuno ជាប្រធានលេខាធិការគណៈរដ្ឋមន្ត្រី ។

ស្របពេលជាមួយគ្នានេះ សារព័ត៌មានក្យូដូបានរាយការណ៍ទៀតថា រឿងរ៉ាវដំបូងរបស់លោក Kishida  ក្នុងការកាន់តំណែង គឺការអនុវត្តវិធានការការពារការផ្ទុះឡើងថ្មីនៃជំងឺកូវីដ ១៩ ខណៈដែលប្រទេសកោះមួយនេះកំពុងមើលឃើញពីករណីឆ្លងមានការធ្លាក់ចុះ ។

ចំណែកយោងតាមការដកស្រង់ប្រភពព័ត៌មានលម្អិតមួយបានឲ្យដឹងថា លោក Kishida មានបំណងរំលាយសភានៅថ្ងៃទី ១៤ ខែតុលា ហើយរៀបចំការបោះឆ្នោតនៅថ្ងៃទី ៧ ខែវិច្ឆិកា ។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីបច្ចុប្បន្នគឺលោក Yoshihide Suga បានប្រកាសកាលពីដើមខែកញ្ញានៃការសម្រេចចិត្តមិនឈរឈ្មោះជាប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាចនោះ ពោលមានន័យថា លោក Suga ក៏នឹងលាលែងពីតំណែងជាប្រមុខរដ្ឋាភិបាលផងដែរ ខណៈលោកបានចំណាយពេលត្រឹមតែ ៣៨៤ ថ្ងៃប៉ុណ្ណោះនៅក្នុងការកាន់អំណាច ៕

លោក Yoshihide Suga

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់របស់ ជប៉ុន ចាប់ផ្ដើមផលិត និងផ្គត់ផ្គង់លើទីផ្សារនៅចុងឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម