នយោបាយ
មនុស្សជំនិតលោក កឹម សុខា ថា យ៉ាងតិចមានមេដឹកនាំគណបក្សចំនួន៩ ដែលមានសញ្ជាតិច្រើនជាង១
លោក មុត ចន្ថា អតីតមនុស្សជំនិតរបស់លោក កឹម សុខា ហើយជាអតីតមន្ត្រីជាន់ខ្ពស់នៅក្នុងអតីតគណបក្សប្រឆាំង ដែលទើបទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញកាលពីថ្មីៗនេះបានអះអាងថា តាមលោកដឹងនៅកម្ពុជាមានមេដឹកនាំគណបក្សនយោបាយទាំងចាស់ទាំងថ្មីចំនួន៩ មានសញ្ជាតិពីរ។

ការលើកឡើងរបស់លោក មុត ចន្ថា បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា ដើម្បីឲ្យថ្នាក់ដឹកនាំកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។

លោក មុត ចន្ថា បានលើកឡើងថា តាមការពិនិត្យមើលបញ្ជីគណបក្សនយោបាយ ទាំងចាស់ ទាំងថ្មី ដែលក្រសួងមហាផ្ទៃបានទទួលចុះបញ្ជី គឺមានគណបក្សនយោបាយយ៉ាងតិចចំនួនប្រាំបួនដែលប្រធានមានសញ្ជាតិពីរ គឺបារាំង អាមេរិក និងកាណាដា។ លោកថា ក្នុងចំណោមគណបក្សទាំងនោះរួមមាន ទី១- គណបក្សហ៊្វុនស៊ិនប៉ិច ទី២- គណបក្សភ្លើងទៀន ទី៣- គណបក្សខ្មែរឈប់ក្រ ទី៤- គណបក្សខ្មែរសាធារណរដ្ឋ ទី៥- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទី៦- គណបក្សខ្មែរតែមួយ ទី៧- គណបក្សខ្មែរស្រឡាញ់ជាតិ ទី៨- គណបក្សខ្មែរអភិរក្ស ទី៩- គណបក្សកម្ពុជានិយម។

បើតាមលោក មុត ចន្ថា នៅពេលសេចក្តីព្រាងច្បាប់វិសោធនកម្ម នៃរដ្ឋធម្មនុញ្ញ ដែលកំណត់សញ្ជាតិតែមួយសម្រាប់មុខតំណែងប្រធានព្រឹទ្ធសភា-រដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានអនុម័ត និងចូលជាធរមាន គណបក្សនយោបាយទាំងនោះមិនអាចប្រកាសឈ្មោះប្រធានគណបក្សបច្ចុប្បន្នជាបេក្ខភាពនាយករដ្ឋមន្ត្រីបានទេ នៅពេលបើកយុទ្ធនាការបោះឆ្នោត និងដាក់ឈ្មោះស្នើជាបេក្ខភាពនាយករដ្ឋមន្ត្រី ប្រសិនជាគណបក្សមានភ័ព្វវាសនាឈ្នះការបោះឆ្នោត។

លោក មុត ចន្ថា លើកឡើងដែរថា ឈ្មោះរបស់ឥស្សរជនជាប្រធានគណបក្សដែលឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី គឺជាយុទ្ធសាស្ត្របោះឆ្នោត និងជាសារនយោបាយយ៉ាងសំខាន់មួយ នៅក្នុងការឃោសនាស្វែងរកការគាំទ្រ និងសម្លេងឆ្នោតពីម្ចាស់ឆ្នោត ទោះនៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ ឬមូលដ្ឋាន។ លោកថា នេះជាឧបសគ្គនយោបាយមួយក្នុងដំណើរការរៀបចំអង្គការចាត់នយោបាយ រចនាសម្ព័ន្ធ និងការកសាងកម្លាំងគាំទ្រ ជាពិសេសក្នុងដំណើរការបោះឆ្នោតទាំងមូល។ គណបក្សទាំងនោះមានជម្រើសយ៉ាងតិចបី គឺ ទី១- ប្តូរប្រធានគណបក្សមានសញ្ជាតិពីរចេញ, ទី២- ប្រធានគណបក្សមានសញ្ជាតិពីរប្រកាសលាលែងសញ្ជាតូនីយ៍កម្ម និងទី៣- ជ្រើសរើសឥស្សរជនម្នាក់ទៀតមានសញ្ជាតិតែមួយអមជាមួយប្រធានបច្ចុប្បន្ន។

ក្នុងបរិបទកម្ពុជា លោក មុត ចន្ថា អះអាងថា ផ្នត់គំនិតរឹងមាំរបស់ប្រជាពលរដ្ឋខ្មែរស្ទើរតែទូទៅនោះឆ្នោតលើឥស្សរភាព និងប្រជាប្រិយភាពរបស់អ្នកដឹកនាំនយោបាយ ជាជាងបោះឆ្នោតដោយផ្អែកលើគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយ។ ដោយសារមូលហេតុចម្បងនេះហើយ ទើបគណបក្សនយោបាយជាច្រើន ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតពុំមានឱកាសឈ្នះបានអាសនៈ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា ដើម្បីឲ្យថ្នាក់ដឹកនាំកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ៕
ដោយ ៖ កោះកែវ



-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល