ព័ត៌មានជាតិ
លោក អ៊ុច បូររិទ្ធ៖ សន្តិភាព ស្ថិរភាព និងសន្តិសុខ គឺមានតម្លៃឧត្តមបំផុត
លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកឡើងថា តាមបទពិសោធន៍របស់កម្ពុជា សន្តិភាព ស្ថិរភាព និងសន្តិសុខ គឺមានតម្លៃខ្ពង់ខ្ពស់ឧត្តុងឧត្តមបំផុត។ លោកថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សារីយ៍លើកទី៦០ នៃសន្និសីទលើកដំបូង របស់បណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងប៊ែលក្រាត ប្រទេសស៊ែប៊ី ចាប់ពីពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។
តាងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា លោក អ៊ុច បូររិទ្ធ បានសាទរ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ីហាម អាលីយែវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធ (NAM) និងលោក អាឡិចសាន់ដឺ វូឈីគ (Aleksandar Vučić) ប្រធានាធិបតីនៃសាធារណរដ្ឋស៊ែប៊ី ដែលបានរៀបចំកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃចលនាមិនចូលបក្សសម្ព័ន្ធនេះ។
លោក អ៊ុច បូររិទ្ធ លើកឡើងថា កាលពី៦០ឆ្នាំមុន ចលនាមិនចូលបក្សសម្ព័ន្ឋ ត្រូវបានបង្កើតឡើង និងគាំទ្រដោយបណ្តាប្រទេសក្រោយសម័យអាណានិគម និងក្រោយជម្លោះ ដែលស្រែកឃ្លានឯករាជ្យភាពពិតប្រាកដ អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្វ័យសម្រេចស្តីពីមាគ៌ាអភិវឌ្ឍសមស្របតាមបរិបទនៃប្រទេសជាតិនីមួយៗ។ ចលនាមិនចូលបក្សសម្ព័ន្ឋ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជាជំរើសមួយក្នុងការប្រឆាំងនឹងការបែកបាក់ នៃការបែងចែកភូមិសាស្ត្រនយោបាយ និងមនោគមវិជ្ជាដែលកើតចេញពីសង្គ្រាមត្រជាក់ ហើយនេះជាបាតុភូតមួយដែលរដ្ឋសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ បានចាត់ទុកថា មិនមានសារៈប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ ក៏ដូចជាមិនគាំទ្រដល់ពហុភាគីនិយម ដែលជាស្នូលនៃអង្គការសហប្រជាជាតិ។
លោក អ៊ុច បូររិទ្ធ លើកឡើងដែរថា ទោះបីជាមានការតាំងចិត្ត និងការតស៊ូយ៉ាងខ្លាំងក្លាយ៉ាងណា រដ្ឋសមាជិកខ្លះបានទទួលរងគ្រោះដោយសារការជ្រៀតជ្រែកពីបរទេស សង្គ្រាមដើម្បីផលប្រយោជន៍ប្រទេសមហាអំណាច (proxy war) ការផ្លាស់ប្តូររបបសង្គ្រាមស៊ីវិល និងសង្គ្រាមជនជាតិភាគតិច។ ហេតុការណ៍អស់ទាំងអស់នេះហួសពីសមត្ថភាពរបស់យើងនៅក្នុងការគ្រប់គ្រងវាសនា និងការពារខ្លួនរបស់យើង។ ជាអកុសល សន្តិភាពនៅតែជាសុបិនដែលមិនអាចសម្រេចបានសម្រាប់ប្រទេសជាច្រើន។
លោក អ៊ុច បូររិទ្ធ លើកឡើងទៀតថា៖ “កម្ពុជាបានឆ្លងកាត់គ្រប់រសជាតិក្នុងការតស៊ូដើម្បីឯករាជ្យ ការកសាងសន្តិភាព និងការកសាងប្រទេសជាតិ។ កម្ពុជាបានធ្វើដំណើរលើផ្លូវមួយដ៏វែងឆ្ងាយ ហើយតាមបទពិសោធន៍របស់កម្ពុជា សន្តិភាព ស្ថិរភាព និងសន្តិសុខ គឺមានតម្លៃខ្ពង់ខ្ពស់ឧត្តុងឧត្តមបំផុត ដែលកម្ពុជាខឹតខំការពារ និងតស៊ូប្រយុទ្ធប្រឆាំងគ្រប់ការប៉ុនប៉ងតាមរយៈអ្វីដែលគេហៅថា “បដិវត្តន៍ពណ៌” ដកហូតសិទ្ធិកំណត់ជោគវាសនាខ្លួនឯង។ ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការបញ្ចប់ការបង្ហូរឈាម និងការសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃយើងក្នុងឆ្នាំ១៩៩៨”។
ក្នុងនាមជារដ្ឋក្រោយអាណានិគម និងក្រោយសង្រ្គាម ជាមួយនឹងជំនួយដ៏ថ្លៃថ្លា និងទាន់ពេលវេលារបស់បណ្តាប្រទេសជាមិត្ត លោក អ៊ុច បូររិទ្ធ អះអាងថា កម្ពុជាបានខិតខំតស៊ូស្ដារប្រទេសជាតិឡើងវិញពីបាតដៃទទេ និងកសាងសន្ដិភាព។ បច្ចុប្បន្ន ទោះបីជាសមត្ថភាពរបស់កម្ពុជានៅមានកម្រិតយ៉ាងណាក្តី ក៏កម្ពុជាបានចូលរួមចែករំលែកបទពិសោធន៍ ដោយទឹកចិត្តមនុស្សធម៌ កសាង និងការពារសន្តិភាព នៅក្នុងពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
នៅពេលជំងឺរាតត្បាតកូវីដ-១៩ កំពុងផ្ទុះឡើង ជាភ័ព្វសំណាងល្អ ដែលកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលមានលទ្ធភាពចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា។ ប្រទេសសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ រួមទាំងកម្ពុជាផងដែរ ត្រូវតែប្រកាន់ជំហរគាំទ្រពហុភាគីនិយម នៅពេលដែលយើងទាំងអស់គ្នាកំពុងខិតខំស្វែងរកដំណោះស្រាយបញ្ហាប្រឈមរួម ព្រោះយើងបានដឹងហើយថា ពុំមានប្រទេសណាមួយ អាចដោះស្រាយបញ្ហាទាំងនេះតែឯកឯងបានទេ។
លោក អ៊ុច បូររិទ្ធ លើកឡើងទៀតថា ជាផ្នែកមួយនៃពិភពលោក កម្ពុជាមានមោទនភាពដែលបានក្លាយជាមជ្ឈមណ្ឌលរួមមួយ សម្រាប់ពហុភាគីនិយមដ៏មានសក្តានុពលបំផុត ដោយកម្ពុជាកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី១៣ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM13) តាមបែបនិម្មិត នៅខែវិច្ឆិកាខាងមុននេះ និងត្រៀមទទួលធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងខិតខំលើកកម្ពស់វិធីសាស្រ្ដតំរង់ទិស ក្នុងការដោះស្រាយបញ្ហាប្រឈមរួមនៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។ ជាមួយនឹងការគាំទ្រ និងសាមគ្គីភាពដ៏រឹងមាំនៃរដ្ឋសមាជិកអាស៊ាន និងភាគីដៃគូខាងក្រៅនានា កម្ពុជានឹងព្យាយាមធានាឱ្យបាននូវភាពច្បាស់លាស់នៃផលប្រយោជន៍សម្រាប់ប្រជាជននៅទូទាំងតំបន់ ដោយមិនទុកនរណាម្នាក់ចោលឡើយ។
ជាមួយគ្នានោះ លោក អ៊ុច បូររិទ្ធ បានរំលឹកឡើងវិញនូវការប្ដេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះគោលការណ៍ទីក្រុងបានឌុង ដែលបានប្រកាសនៅឆ្នាំ១៩៥៥ ស្ដីពីការរួបរួមគ្នាក្នុងសកម្មភាពដែលផ្អែកលើពហុភាគីនិយម ក្នុងការស្វែងរកសន្ដិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ពិភពលោកទាំងមូល៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់