ព័ត៌មានជាតិ
អាជីវករផ្សាររដ្ឋ និងឯកជននៅរាជធានីភ្នំពេញ ប្រយ័ត្នមិនបានបើកតូបលក់ដូរ
គណៈកម្មការផ្សារនៅរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចេញចូលផ្សារទាំងអស់ ត្រូវតែបង្ហាញកាតចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនទៅដល់ក្រុមសន្តិសុខសណ្តាប់ធ្នាប់ផ្សារ ទើបអនុញ្ញាតឱ្យចូល ទៅក្នុងផ្សារបាន។ ជាមួយគ្នានេះ សម្រាប់បងប្អូនអាជីវករវិញ បើមិនមានកាតចាក់វ៉ាក់សាំងទេ គឺមិនអនុញ្ញាតឱ្យបើកតូបលក់ដូរតែម្តង។

ប្រធានគណៈកម្មការផ្សារទួលទំពូង លោក ចំរើន សុខលីម បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១៤ ខែតុលានេះថា អនុវត្តតាមសេចក្ដីណែនាំលេខ ០២៧/២១ សណន ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ គណៈកម្មការផ្សារទូលទំពូង បានរៀបចំនៅតាមច្រកចេញចូលផ្សារទាំងអស់ដោយមិនអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋចេញចូលផ្សារដោយមិនបានបង្ហាញកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ មានន័យថា បើបងប្អូនប្រជាពលរដ្ឋមិនមានការចាក់វ៉ាក់សាំង គឺមិនអនុញ្ញាតឱ្យចូលផ្សារទេ។
ដោយឡែក សម្រាប់អាជីវករផ្សារវិញ គឺមិនអនុញ្ញាតឱ្យចូលលក់ដូរជាដាច់ខាត បើមិនមានកាតចាក់វ៉ាក់សាំង ឬលិខិតបញ្ជាក់ថា បានចាក់វ៉ាក់សាំងរួច។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបញ្ជាក់ថា សម្រាប់បងប្អូនអាជីវករផ្សារទួលទំពូងទាំងអស់ ក្រុមការងារបានចុះធ្វើការត្រួតពិនិត្យហើយ គឺមិនមានអាជីវករណាម្នាក់ គ្មានកាតចាក់វ៉ាក់សាំងនោះទេ។

ដោយឡែកសម្រាប់ផ្សារអូឡាំពិកវិញ បើតាមការបញ្ជាក់របស់ប្រធានគណៈកម្មការផ្សារអូឡាំពិក លោក ឡយ ស៊ាងអាង បានបញ្ជាក់នៅថ្ងៃទី១៤ ខែតុលានេះដែរថា អនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ គណៈកម្មការបានអនុវត្តតាំងពីថ្ងៃថ្ងៃចន្ទ ទី១១ ខែតុលាមកម្ល៉េះ តែសម្រាប់ថ្ងៃដំបូង មានអាជីវករ និងបងប្អូនប្រជាពលរដ្ឋ ដែលចេញចូលផ្សារមួយចំនួន បានបង្ហាញកាតចាក់វ៉ាក់សាំង តែមួយចំនួនទៀតក៏មិនបានយកកាតចាក់វ៉ាក់សាំងមកជាប់តាមខ្លួនដែរ។ ប៉ុន្តែក្រោយពីមានការផ្សព្វផ្សាយពីគណៈកម្មការផ្សារជាញឹកញាប់ បងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករ បានអនុវត្តនិងសហការបានយ៉ាងល្អជាមួយគណៈកម្មការផ្សារ។ មានន័យថា ពេលចេញចូលផ្សារនិង មកប្រកបអាជីវកម្មនៅក្នុងផ្សារ ពួកគាត់មានកាតចាក់វ៉ាក់សាំងជាប់ខ្លួនជានិច្ច។
លោក ឡយ ស៊ាងអាង បានបញ្ជាក់ថា ក្រៅពីឱ្យបងប្អូនជីវករ និងបងប្អូនប្រជាពលរដ្ឋដែលចេញចូលផ្សារ បង្ហាញកាតចាក់វ៉ាក់សាំងហើយ ការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល ក៏បានអនុវត្តជាប្រចាំផងដែរ ដើម្បីទប់ស្កាត់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

គួរបញ្ជាក់ថា បើយោងទៅលើសេចក្ដីណែនាំលេខ ០២៧/២១ សណន ចុះថ្ងៃទី០៥ ខែតុលា របស់រដ្ឋបាលរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជន ទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះផ្ទុកមនុស្ស៨០នាក់ ធ្លាក់ក្រឡាប់ផ្ងារជើង ឆេះនៅអាកាសយានដ្ឋាន Toronto