Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ពីស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ

បានផុស

នៅ

លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៥ ខែ​តុលានេះថា មក​ដល់​​ម៉ោងនេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោត ស្ថិតនៅកម្រិតធម្មតា មិនមានការហក់​ឡើងទៀ​ត​នោះ​ទេ។ ក្នុងនោះតំបន់មួយចំនួន ដែលមានទឹកជំនន់កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានចាប់ផ្ដើមស្រកចុះវិញជាបណ្ដើរៗ ហើយដែរ។

លោកថា «យើងអាចនិយាយបានថា ស្មើនេះគឺទឹកធម្មតា អត់មានបញ្ហាអីទេ បានន័យថា វាលិចៗទៅហើយ ដូចខ្ញុំ​បង្ហោះក្នុងហ្វេសប៊ុកចឹង ប៉ុន្តែវាអត់មានឡើងអីថែម គួរឲ្យកត់សម្គាល់ទៀតទេ បានន័យថា ទឹកនឹង វាខ្ញុំតាមមើល​ប៉ុន្មានម៉ោង រហូតមកដល់ម៉ោងនេះគឺទឹកនឹង ហើយតំបន់មួយចំនួនចាប់ផ្ដើមស្រក ហើយបើអត់មានភ្លៀងទេ គឺ​យើង​ប្រសើរ អត់អី»។

អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះមានភ្លៀងធ្លាក់ច្រើន បណ្ដាលឲ្យទឹកស្ទឹងព្រែកត្នោតមានការហក់ឡើង ហើយធ្វើឲ្យលិចតំបន់ទំនាបមួយចំនួន នៅប៉ែកខាងត្បូងខេត្ត តែមកដល់ពេលនេះ​ទឹកស្ទឹងព្រែក​ត្នោត​ គឺស្ថិតនៅក្នុងកម្រិតធម្មតា មិនមានការហក់ឡើងទៀតទេ។ រីឯនៅតំបន់ផ្សេងវិញ ក៏មិនមានទឹកជំនន់​កើត​ឡើង​​នោះ​​ដែរ​។

ជាមួយគ្នានេះលោក វ៉ី សំណាង ក៏បានបញ្ជាក់ថា អាជ្ញាធរក៏មិនបានជម្លៀសប្រជាពលរដ្ឋ ចេញពីលំនៅ​ឋាន​នោះ​ដែរ ដោយសារតែទឹកជំនន់កើតឡើងតែភ្លែតតែប៉ុណ្ណោះ។ ម្យ៉ាងទៀតប្រជាពលរដ្ឋរស់នៅតំបន់ ជាប់ស្ទឹងព្រែកត្នោត ក៏​បាន​ត្រៀមខ្លួនទុកជាមុនផងដែរ នៅពេលមានទឹកជំនន់កើតឡើង៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម