ព័ត៌មានជាតិ
សិស្សប្រមាណ ៦០ភាគរយ បានទៅសិក្សានៅថ្នាក់រៀនផ្ទាល់ ខណៈ ៤០ភាគរយទៀតបន្តរៀនពីផ្ទះ
សិស្សានុ-សិស្ស ដែលទៅសិក្សានៅថ្នាក់រៀនផ្ទាល់ សម្រាប់សាលារៀនឯកជនក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងចំនួន ៥០ ទៅ៦០ភាគរយប៉ុណ្ណោះ នៃចំនួនសិស្សានុ-សិស្សសរុប ហើយជិតពាក់កណ្ដាលទៀត នៅបន្តរៀនតាមប្រព័ន្ធអនឡាញពីផ្ទះដដែលដោយសារនៅព្រួយបារម្ភអំពីស្ថានភាព នៃជំងឺកូវីដ-១៩។
លោកឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៨ ខែតុលានេះថា ទោះបីជាក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង អំពីបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ សម្រាប់កម្រិតមធ្យមសិក្សាពីថ្នាក់ទី៧ឡើងទៅ រយៈពេលប៉ុន្មានសប្ដាហ៍ទៅហើយក្ដី តែនៅតាមសាលារៀនឯកជន មានសិស្សានុ-សិស្សប្រមាណជា ៥០ ទៅ៦០ភាគរយប៉ុណ្ណោះ ដែលទៅសិក្សានៅថ្នាក់រៀនផ្ទាល់។
លោកឧកញ៉ា ប៉ិច ប៉ូឡែន បានឲ្យដឹងថា «តាមសាលានីមួយៗ គឺមានមកបណ្ដើរៗ បានន័យថា ដំបូងគឺមានតិច ហ្នឹងឧទាហរណ៍នៃថ្នាក់មធ្យម ទី៧ ៨ ៩ ដែលយើងបើកមុន អញ្ចឹងយើងរំពឹងថា គាត់ប្រហែលជាគាត់ នៅមើលស្ថានការណ៍សិន តែយើងគួរតែមើលទៅការរៀបចំ របស់សាលានីមួយៗដែរ ចឹងយើងនៅតែផ្ដល់ជាជម្រើសដល់គាត់អញ្ចឹង បើសិនជាគាត់គិតថា មិនទាន់ចង់មកគាត់រៀនទៅ យើងរៀបចំជាប្រព័ន្ធចម្រុះណា ខ្លះក្នុងថ្នាក់អីចឹងទៅ ចឹងមកដល់បច្ចុប្បន្នកាល វាខ្ទង់ប្រហែលថា ៥០ ៦០ភាគរយ មកសាលា ហើយខ្លះទៀត ក៏នៅផ្ទះខ្លះសិនចឹង»។
ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានឲ្យដឹងទៀតថា មូលហេតុដែលឪពុក-ម្ដាយ និងអាណាព្យាបាលមួយចំនួន មិនទាន់បញ្ជូនកូនរបស់ខ្លួន ទៅរៀននៅតាមសាលារៀនដោយផ្ទាល់នោះ ក៏ព្រោះតែនៅមានការព្រួយបារម្ភ អំពីការរាតត្បាតនៃជំងឺកូវីដ-១៩ និងការរៀបចំស្ដង់ដារសុវត្ថិភាព របស់សាលារៀននីមួយៗ។
លោកឧកញ៉ា ប៉ិច ប៉ូឡែន បានបញ្ជាក់បន្តថា ការដែលសិស្សានុ-សិស្ស ជិតពាក់កណ្ដាលបន្តរៀនពីផ្ទះនោះ ធ្វើឲ្យសាលារៀនមួយចំនួនជួបបញ្ហាខ្លះដែរ នៅក្នុងការរៀបចំ។ ប៉ុន្តែលោកថា យើងត្រូវតែទទួលយកនូវរបៀបរៀន និងបង្រៀនថ្មី ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ទម្រាំស្ថានភាពជំងឺកាន់តែល្អប្រសើរថែមទៀត។ លោកបន្ថែមថា «ការពិត ការរៀបចំរបស់សាលានីមួយៗ គឺរៀបចំល្អហើយ យើងឃើញថា រៀបចំប្រព័ន្ធសុវត្ថិភាពរបស់គាត់ តាមពិធីសារៗ MOU ជាមួយក្រសួងអប់រំហ្នឹង ប៉ុន្តែសិស្សតូចៗ ដែលគាត់នៅបារម្ភ»។
យ៉ាងណាក៏ដោយ លោកឧកញ៉ា ប៉ិច ប៉ូឡែន ក្នុងនាមជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានអំពាវនាវដល់ឪពុក-ម្ដាយ និងអាណាព្យាបាលសិស្សទាំងអស់ មានទំនុកចិត្តចំពោះការរៀបចំប្រព័ន្ធសុវត្ថិភាព របស់សាលារៀននីមួយៗ ហើយអាចពិភាក្សាជាមួយគណៈគ្រប់គ្រងសាលារៀនបាន ដើម្បីពិភាក្សា និងដោះស្រាយបញ្ហា ដែលជាក្ដីបារម្ភរបស់ពួកគាត់។ បើតាមលោកឧកញ៉ា ប៉ិច ប៉ូឡែន ការសិក្សានៅក្នុងថ្នាក់រៀន នឹងទទួលបានការសិក្សាពេញលេញល្អ ជាជាងការសិក្សាពីផ្ទះ។ ដូច្នេះលោកចង់ឲ្យឪពុក-ម្ដាយ និងអាណាព្យាបាលសិស្ស យល់អំពីបញ្ហានេះ។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងអនុញ្ញាតឲ្យបើកដំណើរការសិក្សាគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន គ្រប់កម្រិតនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីមានការវាយតម្លៃលើដំណើរការបង្រៀន និងរៀនតាមបណ្តុះសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្រ ដែលមានហានិភ័យទាបប្រមាណ ៣០ភាគរយ ប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្នពិសេសស្ថានភាពឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧ថ្ងៃមុនបុណ្យភ្ជុំបិណ្ឌ និងរយៈពេល ៧ថ្ងៃ ក្រោយថ្ងៃភ្ជុំបិណ្ឌការឆ្លងរាលដាលបានល្អប្រសើរ មានចំនួនតិចតួច និងអាចគ្រប់គ្រងបាន៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ