Connect with us

ព័ត៌មានជាតិ

ផ្ទះ២ខ្នងរុះរើសឹងមិនទាន់ និង២ខ្នងទៀតត្រៀមរុះរើ ខណៈច្រាំងទន្លេមេគង្គស្រុតបាក់

បានផុស

នៅ

លំនៅឋានប្រជាពលរដ្ឋចំនួន២ខ្នង រុះរើស្ទើរតែមិនទាន់ និង២ខ្នងទៀតត្រៀមរុះរើ ខណៈទឹកទន្លេមេគង្គឡើងធ្វើឲ្យបាក់ច្រាំង។​ ហេតុការណ៍​បាក់​ច្រាំងទន្លេ​មេគង្គ​ បាន​កើតឡើង​នៅវេលា​ម៉ោង​៥ ល្ងាច​ថ្ងៃទី​២៦​ ខែតុលា​ដោយ​បាក់​ជម្រៅ​៣០ម៉ែត្រ ​និង​បណ្ដោយ​១០០​ម៉ែត្រ នៅក្នុង​ហេតុការណ៍​នេះ ​ត្រូវបាន​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ចុះ​អន្តរាគមន៍​រហូតដល់​វេលា​ម៉ោង ១​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី២៧​ ខែតុលា ​ឆ្នាំ​២០២១ ទើប​រួចរាល់​ស្ថិតនៅ​ភូមិ​រកា​ធំ​ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ។​ ទោះជា​យ៉ាងណា​នៅក្នុង​ហេតុការណ៍​នេះ​ មាន​ម៉ាស៊ីនបូមទឹក​មួយ​គ្រឿងរបស់​ពលរដ្ឋ​ ត្រូវ​បាន​បាក់​ចូលទៅក្នុង​ទន្លេ​បាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តឹក លាង មេឃុំ​ជី​រោទ៍​ទី​១ មានប្រសាសន៍​ឲ្យ​ដឹងថា ស្ទើរតែ​រាល់​ឆ្នាំ​ច្រាំង​ទន្លេមេគង្គ តែងតែ​បាក់ស្រុត​នោះ ​គឺជា​គ្រោះធម្មជាតិ​ដែល​បានកើត​ឡើង​។​ នៅក្នុង​ហេតុការណ៍​នេះ ​គឺ​ធ្វើ​ឲ្យ​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ត្រូវ​បាន​រុះរើ​ជាបន្ទាន់​ក្នុង​នោះ​រួមមាន៖

១.​អុជ មា​ច ភេទ​ប្រុស ​អាយុ​៦១ឆ្នាំ​ ផ្ទះ​មាន​ទំហំ ៥ x១២​ម ២.​ផ្ទះ​ឈ្មោះ ​ទូច​ ស្រី​ល័​ក្ខ​ ភេទ​ស្រី​អាយុ២៧​ឆ្នាំ មាន​ទំហំ​៤ x៥ ម៉ែត្រ​ប្រក់ស​ស័ង្កសី។ លោក​មេឃុំ​រូបនេះ ​មានប្រសាសន៍​បន្ត​ថា នៅពេលដែល​រូបលោក​ទទួលដំណឹង​ពី​មេភូមិ​ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភ្លាមៗ​នោះ​ក៏បាន​ជូនដំណឹង​ទៅ​លោក​អភិបាលស្រុក​ត្បូងឃ្មុំ​ដើម្បី​ឲ្យ​ជ្រាប។

​ដោយ​មើលឃើញ​គ្រោះធម្មជាតិ​ច្រាំងទន្លេ​កាន់តែ​បាក់​មក​កៀក​លំនៅឋាន​ប្រជាពលរដ្ឋ​ទាំងនេះ ជាមួយ​នោះអាជ្ញាធរ​ បាន​ប្រកាស​តាម​មេក្រូ​ហៅ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ ឲ្យ​មកជួយ​អន្តរាគមន៍​រុះរើ​លំនៅឋាន​ចំនួន​២​ខ្នង ហើយ​នៅ​ក្នុង​ហេតុការណ៍​នេះ ក៏មាន​វត្តមាន​អភិបាលស្រុក​អភិបាលរង​ស្រុក បាន​ចុះ​មកជួយ​ដោយ​មិន​គិតពី​ការនឿយហត់​នោះឡើយ​។ ​ប្រសិនបើ​មានការ​យឺតយ៉ាវ​លំនៅឋាន​ពលរដ្ឋ​ អាច​នឹងត្រូវ​ស្រុត​ទៅតាម​ច្រាំងទន្លេ​ចូលទៅក្នុង​ទឹកទន្លេ​។​ តែ​នេះ​ដោយសារ​មហា​សាមគ្គី​ប្រជាពលរដ្ឋ​រាប់រយ​នាក់ ​ក្នុងនោះ​រួមមាន​ប្រជា​ការពារ នគរបាល​ប៉ុស្តិ៍ អាជ្ញាធរ​ដែនដី ទើប​ធ្វើ​ឲ្យ​ដំណើរការ​នេះ​បាន​ប្រព្រឹត្តទៅ​លឿន។​ ជាមួយ​នោះ​ក៏មាន​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ទៀត ​ក្នុងនោះ​រួមមាន ១.​ឈ្មោះ​ ស៊ុន រូ​ទី​ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ​ផ្ទះ​មាន​ទំហំ​៥​គុណ​៧​ម៉ែត្រ​ និង​ ២.​ផ្ទះ​ ឈ្មោះ ចាន់ សុ​ឆន្ទ ភេទ​ស្រី​ អាយុ​៦៧​ឆ្នាំ មាន​ទំហំ​៤​គុណ​និង​៥​ម៉ែត្រ​ ដែល​ត្រៀម​នឹង​រុះរើ​ផង​ដែរ។

លោក​មេឃុំ​ជី​រោទ៍​ទី១​ បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ២០២០​កន្លងទៅ ទឹកទន្លេ​មេគង្គ​ឡើង​តូច​មិនបាន​លិច​ច្រាំងទន្លេ​នោះទេ​ ហើយក៏​មិនបាន​ធ្វើ​ឲ្យ​លំនៅឋាន​ប្រជាពលរដ្ឋ​បាន​រង​ការខូចខាត​នោះដែរ។ ជាក់ស្ដែង​ដូចជា​ច្រាំងទន្លេ​នៅក្រោយ​វត្ត​រកា​ធំ ដែល​បាក់​ជាខ្លាំង​ស្ទើរតែ​ដល់​កុដិ​ព្រះចៅអធិការ តែ​ត្រូវបាន​ឯកឧត្តម​បណ្ឌិត​ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​រួម​និង​ស្ថាប័ន​ជំនាញ​បានរៀបចំ​បាវ​ខ្សាច់​ទប់​ដោយ​មិន​ឲ្យ​ច្រាំង​បាក់​មក​បន្តទៀត​នោះទេ៕

​អត្ថបទ៖ សាន វិ​ឡែ​ម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម