ព័ត៌មានជាតិ
ក្រសួង និងក្រុមហ៊ុនសាងសង់ព្រលានយន្តហោះបើកកិច្ចពិភាក្សា ដើម្បីត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំង នៅចុងខែវិច្ឆិកាខាងមុខ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាល្ងាចម្សិលមិញ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនវិស្សមកាលតារាសាគរ ដើម្បីត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់វិស្សមកាលតារាសាគរ នាចុងខែវិច្ឆិកាខាងមុខនេះ។
ថ្លែងនៅក្នុងកិច្ចពិភាក្សានោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំលម្អិតពីផែនការរបស់រាជរដ្ឋាភិបាល ក្នុងការត្រៀមបើកដំណើរការទទួលទេសចរណ៍វ៉ាក់សាំង ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ ពីប្រភពទីផ្សារដែលមានសក្តានុពល និងមានហានិភ័យទាប និងការត្រៀមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាពតាមគន្លងប្រក្រតីភាពថ្មី ស្របតាមទស្សនទាន “ប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព” ដល់តំណាងក្រុមហ៊ុន និងមន្ត្រីជំនាញ នៅក្នុងតំបន់វិស្សមកាលតារាសាគរ។
ជាមួយគ្នានោះ លោក ថោង ខុន ក៏បានណែនាំដល់ក្រុមហ៊ុនវិស្សមកាលតារាសាគរ ត្រូវខិតខំពង្រីកសេវាកម្មរបស់ខ្លួន ឱ្យបានកាន់តែសំបូរបែបបន្ថែមទៀត ដើម្បីអាចទាក់ទាញ ភ្ញៀវទេសចរមកទស្សនាឱ្យបានកាន់តែច្រើន ជាមួយនឹងសេវាកម្មល្អ និងមានតម្លៃសមរម្យ ដែលមិនត្រឹមតែទទួលនូវភ្ញៀវទេសចរអន្តរជាតិនោះទេ ភ្ញៀវទេសចរផ្ទៃក្នុង ក៏អាចមកកម្សាន្តកន្លែងដែលមានផាសុខភាពនេះផងដែរ ខណៈពេលបច្ចុប្បន្ននេះភ្ញៀវទេសចរផ្ទៃក្នុង កំពុងតែចាប់ផ្តើមធ្វើដំណើរកម្សាន្ត តាមតំបន់គោលដៅទេសចរផងដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ស្របជាមួយនឹងការត្រៀមទទួលទេសចរវ៉ាក់សាំង ក៏មិនត្រូវភ្លេចជាដាក់ខាតនូវការខិតខំពង្រឹងសុវត្ថិភាពក្នុងទីតាំងរបស់ខ្លួនតាមរយៈការសំអាត និងបាញ់ថ្នាំសម្លាប់មេរោគឱ្យបានញឹកញាប់ តាមគោលដៅក្នុងតំបន់របស់ខ្លួនឱ្យមានផាសុខភាព ស្របតាមផែនការ “ស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី” ដែលដាក់ចេញដោយក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល ពិសេសទទួលភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងប៉ុណ្ណោះ។
បន្ថែមពីនេះលោករដ្ឋមន្ត្រី ក៏បានជំរុញក្រុមហ៊ុនវិស្សមកាលតារាសាគរ ពន្លឿននូវការសាងសង់ព្រលានយន្តហោះអន្តរជាតិតារាសារគរនេះ ឱ្យបានឆាប់រហ័ស ដើម្បីឈានទៅបើកជើងហោះហើរក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិផងដែរ ពិសេសតភ្ជាប់ពីខេត្តសៀមរាបអង្គរ ដែលនឹងចាប់ផ្តើមដំណើរការ នៅក្នុងខែមករា ឆ្នាំ២០២១ ខាងមុខនេះផងដែរ។
ជាការឆ្លើយតប តំណាងក្រុមហ៊ុនសាងសង់ ក៏បានប្តេជ្ញាខិតខំធ្វើឱ្យបានឆាប់រួចរាល់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ខណៈបច្ចុប្បន្ននេះបានសាងសង់ជិតរួចរាល់ហើយ នៅតែហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងអគារអ្នកដំណើរតែប៉ុណ្ណោះ។ ព្រលាននេះ នឹងត្រៀមបើកការទទួលជើងហោះហើរសាកល្បងនៅដើមខែមករា ឆ្នាំ២០២២ ខាងមុខនេះ នឹងអាចបើកជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២២ ក្នុងនោះអគារនេះ អាចមានលទ្ធភាពទទួលអ្នកដំណើរចេញ-ចូល និងឆ្លងកាត់ ជិត១លាននាក់ក្នុងមួយឆ្នាំផងដែរ។
ទាក់ទងនឹងតំបន់វិស្សមកាលតារាសាគរវិញ តំណាងក្រុមហ៊ុន ក៏បានសន្យាខិតខំពង្រីកសេវាកម្មក្នុងតំបន់របស់ខ្លួនឱ្យកាន់តែសំបូរបែប ជាមួយនឹងតម្លៃសមរម្យ ដែលអាចផ្តល់ភាពងាយស្រួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្ត ស្របជាមួយនឹងទីតាំង ដែលមានផាសុខភាពសម្រាប់ភ្ញៀវផងដែរ។ ក្រុមហ៊ុនបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំទប់ស្កាត់កូវីដ១៩ និងបានជ្រើសរើសតំបន់តារាសាគរជាតំបន់បើកទេសចរណ៍វ៉ាក់សាំង។ ក្រុមហ៊ុនក៏បានប្ដេជ្ញាអនុវត្តគោលនយោបាយណែនាំវិធានសុខាភិបាល និងវិធានទេសចរណ៍ ឱ្យក្លាយជាតំបន់ទេសចរណ៍វ៉ាក់សាំង ដែលមានសុវត្ថិភាព ដើម្បីផ្ដល់ទំនុកចិត្តដល់អ្នកទេសចរផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នៅតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្តកោះកុង តំណាងក្រុមហ៊ុនវិស្សមកាលតារាសាគរ, ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចកម្ពុជា, តំណាងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា, ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀតផងដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី