ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ នៅពេលមានការចាក់ដូសទី៤ ប្រជាជនក្រីក្រ នៅតែអាចចាក់ដោយមិនគិតថ្លៃ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅពេលដែលមានតម្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤នោះ គឺប្រជាជនក្រីក្រទូទៅ នឹងទទួលបានការចាក់ដោយមិនគិតថ្លៃបន្តទៀត។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនឯកជន គឺម្ចាស់ក្រុមហ៊ុន ជាអ្នកទទួលខុសត្រូវលើការចំណាយ សម្រាប់ការចាក់ដូសទី ៤នេះ។
ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ នៅថ្ងៃទី១ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា អាចកាត់បន្ថយការចំណាយទៅលើផ្នែកដទៃ ដើម្បីសន្សំសំចៃថវិកាសម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យកមកចាក់ជូនប្រជាពលរដ្ឋក្រីក្រ នៅពេលដែលមានតម្រូវការចាក់ដូសទី៤។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចក្លាយជារាជរដ្ឋាភិបាលក្ស័យធននោះទេ ដោយយ៉ាងហោចណាស់ក្នុង ១ខែ យើងអាចរកចំណូលប្រមាណជិត ៤០០លានដុល្លារអាមេរិកដែរ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ហើយហៅថា រដ្ឋាភិបាលក្ស័យធន នឹងមិនមានទេ យ៉ាងហោចណាស់ ក៏ក្នុងមួយខែ យើងនៅរកបានជាមធ្យមជិត ៤០០លានដុល្លារដែរ បើទោះជាពីរខែចុងក្រោយនេះ យើងមិនគ្រប់ ៤០០លានដុល្លារ ក៏ប៉ុន្តែវាកៀកៗ ៤០០លានដុល្លារដែរ ក្នុងមួយខែ ដែលរាជរដ្ឋាភិបាល មិនអាចទៅជារាជរដ្ឋាភិបាលក្ស័យធនទេ ក៏ប៉ុន្តែវាធ្វើឲ្យយើងខើចអំពីការវិនិយោគ និងការចំណាយចរន្តទៅលើផ្នែកដទៃទៀត ដែលយើងត្រូវកាត់បន្ថយការចំណាយទាំងនោះ»។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំក្បិតក្បៀតក្នុងការចំណាយថវិកា ជាពិសេសការជ្រើសរើសមន្ត្រីរាជការថ្មីៗ នៅតាមក្រសួង-ស្ថាប័ននានារបស់រដ្ឋ ដោយយើងមានមន្ត្រីរាជការប៉ុន្មាន យើងប្រើប្រាស់ប៉ុណ្ណឹងសិន ដើម្បីកុំឲ្យបន្ថែមបន្ទុកការចំណាយថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែង នៅក្នុងការស្វះស្វែងរកទិញវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋបន្ថែមទៀត ដោយក្នុងនោះក៏មានការគាំទ្រផងដែរពីដៃគូអភិវឌ្ឍន៍នានា ដូចជា៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ធនាគារហេដ្ឋារចនាសម្ព័ន្ធអាស៊ីជាដើម ដែលយើងមិនទាន់បានប្រើប្រាស់ថវិកា របស់ដៃគូអភិវឌ្ឍន៍ទាំងនោះ នៅឡើយទេ។
ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា ពេលខាងមុខ នៅពេលដែលមានតម្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ គឺរាជរដ្ឋាភិបាលនឹងស្នើសុំក្រុមហ៊ុនឯកជន ទទួលខុសត្រូវនៅក្នុងការចំណាយ លើការចាក់ឲ្យបុគ្គលិករបស់ខ្លួន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ហើយចោទចេញជាសំណួរថា នឹងចាក់យកលុយទេ? ខ្ញុំគិតថា នៅពេលនោះ យើងសុំឲ្យបណ្ដាក្រុមហ៊ុន ដែលមានបុគ្គលិកទទួលខុសត្រូវខ្លួនឯង ទៅលើបញ្ហាការចាក់វ៉ាក់សាំង សម្រាប់បុគ្គលិក-កម្មកររបស់ខ្លួន អ្នកដែលមានលទ្ធភាព គឺចាក់ទៅតាមការជ្រើសរើសរបស់ខ្លួនទៅចុះ ព្រោះពេលហ្នឹង វិស័យឯកជនចាប់ផ្ដើមមានវ៉ាក់សាំងនាំចូល ខ្លះចង់បាន P-fizer អី Moderna Astrazeneca ខ្លះចង់បាននេះ ចង់បាននោះ ទុកលទ្ធភាពឲ្យគេចុះ ប៉ុន្តែហោចណាស់ក្នុងចំណោមបណ្ដាក្រុមហ៊ុន អាចថា មនុស្សរាប់ម៉ឺននាក់ដែរ នឹងអាចទទួលខុសត្រូវ ទៅលើវ៉ាក់សាំងចាក់ខ្លួន សម្រាប់បុគ្គលិក-កម្មករ និងក្រុមគ្រួសារខ្លួនឯង»។
តែយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា សម្រាប់ប្រជាជនក្រីក្រទូទៅ នៅពេលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ គឺរាជរដ្ឋាភិបាល នៅបន្តចាក់ជូនពួកគាត់ ដោយឥតគិតថ្លៃបន្តទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ប៉ុន្តែសម្រាប់ប្រជាជនក្រីក្រទូទៅ យើងចាក់ដោយមិនបង់ថ្លៃទេ ពេលនេះជាពេលវេលាយើងត្រូវជួយប្រជាជន យើងធ្លាប់បានជួយ មិនត្រឹមតែចាក់វ៉ាក់សាំង និងរកថ្នាំព្យាបាលពួកគាត់ទេ សព្វថ្ងៃយើងចេញ ១ខែ ៤០លានដុល្លារ ចិញ្ចឹមពួកគាត់ ចឹងមានរឿងអី យើងត្រូវខ្លាចត្រឹមប៉ុណ្ណឹង ប៉ុន្តែក្រុមហ៊ុនឯកជន គិតថា ពួកគាត់មានលទ្ធភាព ដើម្បីធ្វើការងារនេះៗ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា