អាជីព
លោក មុំ វ៉ារិន ចាប់ផ្ដើមពីដើមទុន ៣០០០ដុល្លារ រហូតបង្កើតបានក្រុមហ៊ុនធំៗ ចំនួន ៣
អ្នកជំនួញមួយរូប បានចាប់ផ្ដើមចេញរកស៊ី ដោយប្រើប្រាស់ដើមទុនពីដំបូងប្រមាណ ៣០០០ដុល្លារ រហូតបង្កើតបានក្រុមហ៊ុនធំៗ ចំនួន ៣។ អ្នកជំនួញរូបនេះ មានឈ្មោះថា មុំ វ៉ារិន ហើយកំពុងដឹកនាំក្រុមហ៊ុន ៣ ដែលពាក់ព័ន្ធវិស័យថាមពល, វិស័យអប់រំ, និងវិស័យ E-commerce។ ខាងក្រោមនេះ ជាប្រវត្តិខ្លះៗ អំពីការសិក្សា ការងារ និងមុខរបរ របស់លោក មុំ វ៉ារិន។
លោក មុំ វ៉ារិន កើតនៅឆ្នាំ១៩៧៧ ហើយមានស្រុកកំណើត នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកកើតនៅក្នុងគ្រួសារ ដែលមានឪពុក-ម្ដាយ ជាកសិករ ហើយមានបងប្អូនទាំងអស់ ៥នាក់។ កុមារា វ៉ារិន ចូលរៀននៅបឋមសិក្សានៅឯស្រុកកំណើត មុននិងបន្តសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យនៅទីរួមខេត្តស្វាយរៀង។
យុវជន មុំ វ៉ារិន បានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ១៩៩៦ ហើយបានមកបន្តការសិក្សានៅរាជធានីភ្នំពេញ។ មកភ្នំពេញ យុវជនរូបនេះ បានប្រឡងជាប់មហាវិទ្យាល័យចំនួន ៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានពាណិជ្ជសាស្រ្ដ, និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយបានបន្តរៀនទាំង ៣មហាវិទ្យាល័យ រហូតដល់ឆ្នាំទី៣ ទើបសម្រេចចិត្ត ជ្រើសរើសយកមួយមុខវិជ្ជាវិញ។ ចុងក្រោយយុវជន វ៉ារិន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកកសិកម្ម ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ចំពោះការប្រឡងជាប់រហូតដល់ ៣មហាវិទ្យាល័យនោះ លោក មុំ វ៉ារិន បានប្រាប់ថា នៅពេលយើងសិក្សានៅថ្នាក់វិទ្យាល័យនោះ ទិសដៅសំខាន់បំផុត គឺប្រឡងឲ្យជាប់ថ្នាក់បាក់ឌុបហ្នឹងតែម្ដង ដូច្នេះសិស្សម្នាក់ៗ ត្រូវតែខិតខំរៀនសូត្រ ហើយរៀនឆ្អិន និងឲ្យច្បាស់។ មែនទែនទៅយុវជន មុំ រ៉ារិន ជាសិស្សពូកែម្នាក់នៅខេត្តស្វាយរៀង ដែលកាលសម័យនោះ អ្នកនៅស្វាយរៀងភាគច្រើនស្គាល់យុវជនរូបនេះ។ ដោយសារតែ មានការខិតខំប្រឹងប្រែងរៀនសូត្រ នៅថ្នាក់វិទ្យាល័យ ដូច្នេះពេលប្រឡងចូលមហាវិទ្យាល័យ គឺមានភាពងាយស្រួល ព្រោះវិញ្ញាសារប្រឡងប្រហាក់ប្រហែលគ្នា។
នៅក្នុងអំឡុងពេលរៀនមហាវិទ្យាល័យនោះ លោក មុំ វ៉ារិន បានប្រឹងប្រែងរៀនសូត្រផង និងខិតខំធ្វើការងារក្រៅម៉ោងផង ដើម្បីផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ។ ក្រោយមកលោក បានចូលបម្រើការងារ ក្នុងស្ថាប័នអង្គការក្រៅរដ្ឋាភិបាល រហូតក្លាយជាប្រធានក្នុងអង្គការមួយផងដែរ។ បន្ទាប់មកទៀតនៅឆ្នាំ ២០០៨ លោក វ៉ារិន បានបោះបង់ចោលការងារជាប្រធានអង្គការ ដោយចាប់យកមុខជំនួញតូចមួយ នោះគឺបើកលក់ប្រេងឥន្ធនៈ នៅតាមបណ្ដោយផ្លូវជាតិលេខ ២។
បន្ទាប់ពីមានភាពរីកចំរើនបន្តិចមក នៅឆ្នាំ ២០១៤ លោកបានបង្កើតក្រុមហ៊ុនមួយឈ្មោះ Japan Tech ដែលពាក់ព័ន្ធនឹងថាមពល ហ្គាស សាំង និងឡចំហាយជាដើម។ ការចាប់ផ្ដើមធ្វើជំនួញដំបូង លោក មុំ វ៉ារិន បានចំណាយដើមទុនប្រមាណ ៣០០០ដុល្លារប៉ុណ្ណោះ ព្រោះពីដំបូងឡើយ គ្រាន់តែជាការលក់ប្រេងឥន្ធនៈដាក់ធុង ដើម្បីស្ទាបស្ទង់ទីផ្សារ។ មិនថាតែរឿងតូច ឬរឿងធំ ឬមិនថាតែជាការចាប់ផ្ដើមដំបូង ឬក៏ធ្វើយូរហើយក៏ដោយ ឧបសគ្គ ឬបញ្ហាប្រឈមនានា តែងតែកើតមានជាបន្តបន្ទាប់ គ្រាន់តែថា ការចាប់ផ្ដើមត្រូវតែការប្រយ័ត្នប្រយែង និងផ្ចិតផ្ចង់បន្តិច។
លើសពីនេះទៀត រឿងដែលសំខាន់នោះ គឺការសំឡឹងមើលទីផ្សារឲ្យបានត្រឹមត្រូវ ព្រោះកាលណា យើងសំឡឹងមើលទីផ្សារបានត្រឹមត្រូវហើយ នោះជាសក្ដានុពលនៃចំណុចចាប់ផ្ដើម នៃភាពរីកចំរើនសម្រាប់អាជីវកម្មហើយ។ «ការចាប់ផ្ដើមយើងដឹងហើយ វាមានឧបសគ្គ អញ្ចឹងអ្វីដែលយើងឈ្នះឧបសគ្គបាន គឺការអត់ធ្មត់ និងការដែលយើងត្រូវខំធ្វើការងារហ្នឹងបន្តទៅទៀត ព្រោះរឿងខ្លះវាមិនអាចថា យើងចាប់ផ្ដើមទៅវាជោគជ័យភ្លាមទេ»។ នេះជាការយល់ឃើញ របស់លោក មុំ វ៉ារិន។
សព្វថ្ងៃនេះលោក មុំ វ៉ារិន មានក្រុមហ៊ុនធំៗ ក្នុងដៃចំនួន ៣ ដែលរួមមាន៖ ទី១. ក្រុមហ៊ុន Japan Tech ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤ ហើយជាក្រុមហ៊ុនបម្រើសេវាកម្មសាងសង់ ស្ថានីយ៍ប្រេងឥន្ធនៈ និងហ្គាស ឡចំហាយ និងផ្គត់ផ្គង់សម្ភារៈផងដែរ។ ទី២. ក្រុមហ៊ុន មុំ វ៉ារិន អ៊ិនវេសម៉ិន ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ ហើយជាក្រុមហ៊ុនបម្រើសេវាផ្នែក E-commerce និងការនាំចេញ-នាំចូល។ ទី៣. សាលាអន្តរជាតិ Asia-Pacific Fredfort International School (AFIS) ត្រូវបានបង្កើតនៅឆ្នាំ ២០១៥ ដែលផ្តោតសំខាន់លើវិស័យអប់រំបណ្ដុះបណ្ដាល។
មូលហេតុដែលលោក មុំ វ៉ារិន ចាប់យកមុខជំនួញទាំងអស់នេះ ដោយសារតែការស្រលាញ់ចូលចិត្ត ហើយក៏យល់ថា ជាវិស័យសំខាន់ៗ ដែលប្រជាពលរដ្ឋត្រូវការខ្វះមិនបានផងដែរ។ សម្រាប់វិស័យអប់រំ គឺលោកមានការស្រលាញ់ចូលចិត្ត ហើយចង់ចែករំលែកផ្នត់គំនិត សម្រាប់ក្មេងជំនាន់ក្រោយ។ វិស័យអប់រំគឺជាវិស័យ ដែលត្រូវការចាំបាច់សម្រាប់មនុស្សជាតិ មិនថាតែកូនអ្នកមាន ឬកូនអ្នកក្រនោះទេ សុទ្ធសឹងតែត្រូវការរៀនសូត្រ។
សម្រាប់ជំនួញក្នុងវិស័យថាមពល លោកមើលឃើញថា ទោះបីនាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត និងប្រទេសជាតិ មានការរីកចំរើនប៉ុណ្ណាក៏ដោយ ក៏ត្រូវការថាមពលដែរ។ ចំណែកមុខជំនួញ ពាក់ព័ន្ធនឹងវិស័យ E-commer ceវិញ លោក មុំ វ៉ារិន បានសំឡឹងឃើញថា នាពេលអនាគតទៅ ប្រជាពលរដ្ឋខ្មែរយើង មិនខុសពីប្រជាពលរដ្ឋនៅលើពិភពលោកទេ គឺត្រូវផ្ដោតលើសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ពាក់ព័ន្ធទៅនឹងប្រព័ន្ធ Technology។ ដូច្នេះនាពេលអនាគតប្រជាពលរដ្ឋខ្មែរយើង នឹងត្រូវធ្វើអ្វីមួយពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យាដែរ ដែលនេះជាចំណុចលោកមើលឃើញ ពីទស្សនៈវិស័យដែលលោកបើកក្រុមហ៊ុនទាំង ៣ខាងលើនេះ។
ការដឹកនាំ ឬរបៀបដឹកនាំក្រុមហ៊ុនទាំង ៣នេះ លោក មុំ វ៉ារិន បានបង្កើតនូវគោលនយោបាយសម្រាប់ដឹកនាំក្រុមហ៊ុននីមួយៗ ហើយការជ្រើសរើសមនុស្ស ដើម្បីយកមកបម្រើការងារក្នុងផ្នែកនីមួយៗ គឺជាចំណុចស្នូលនៃដំណើរការរបស់ក្រុមហ៊ុន។ លោកថា ការបង្កើតបទដ្ឋានគោលនយោបាយ និងច្បាប់ទម្លាប់របស់ក្រុមហ៊ុន ជារឿងចាំបាច់ទី១ ការជ្រើសរើសមនុស្សឲ្យត្រូវ គឺជារឿងទី២ ការផ្ដល់មនុស្សឲ្យត្រូវ គឺជារឿងទី៣ ការបណ្ដុះបណ្ដាលមនុស្សឲ្យត្រូវ គឺជារឿងសំខាន់ទី៤ សម្រាប់ការគ្រប់គ្រងស្ថាប័ន ឬក្រុមហ៊ុនមួយ។
នៅពេលដែលសម្រេចចិត្ត ធ្វើជាអ្នកដឹកនាំមុខជំនួញហើយ លោក មុំ វ៉ារិន បានដឹង និងតាំងចិត្តរួចហើយ ទៅលើប្រឈមបញ្ហាលំបាកនានា ដែលជួបប្រទះ និងត្រូវដោះស្រាយ។ បញ្ហាតែងតែកើតមានជារឿងធម្មតា ដូចអ្វីដែលយើងហូបបាយដូច្នេះដែរ មានន័យថា ពេលយើងជួបបញ្ហា យើងត្រូវដោះស្រាយ ដូចដែលយើងហូបបាយរាល់ថ្ងៃដែរ។ លោក មុំ វ៉ារិន បាននិយាយថា «ចឹងវាសាមញ្ញ គ្រាន់តែពេលខ្លះ វារឿងតូច ឬធំ ដែលយើងត្រូវដោះស្រាយ ហើយក៏ដោះស្រាយ ក៏ជាវិញ្ញាសារមួយសម្រាប់យើងដែរ បើសិនជាយើងដោះស្រាយបាន បានន័យថាយើងខ្លាំង បើជាយើងដោះស្រាយមិនបាន មានន័យថាយើងខ្សោយ»។ ដូច្នេះក្នុងមួយថ្ងៃៗ យើងត្រូវពង្រឹងនូវយន្តការ ការងារប្រចាំថ្ងៃផង និងយន្តការដោះស្រាយបញ្ហានានាផង។
បញ្ហាការរាតត្បាតជំងឺកូវីដ-១៩ គឺជាបញ្ហាសកល ដែលធ្វើឲ្យប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ច-សង្គម ប្រទេសនានានៅលើពិភពលោក។ មិនខុសគ្នាដែរ ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ បញ្ហាជំងឺកូវីដ-១៩ បានធ្វើឲ្យក្រុមហ៊ុនរបស់លោក មុំ វ៉ារិន ជួបបញ្ហាប្រឈមមួយចំនួនដែរ ដោយសារក្រុមហ៊ុនរបស់លោក ធ្វើការងារជាមួយដៃគូនៅក្រៅប្រទេស។ នៅពេលជំងឺរាតត្បាតនេះ កើតឡើងធ្វើឲ្យប៉ះពាល់ដល់សង្វាក់ផលិតកម្ម នៅក្រៅប្រទេស ដែលនាំឲ្យការដឹកជញ្ជូន និងការផលិតពីខាងក្រៅមានការយឺតយ៉ាវ ហើយធ្វើប៉ះពាល់ដល់ដំណើរក្រុមហ៊ុនរបស់លោកដែរ។
រឿងរ៉ាវខ្លះ វាត្រូវពឹងផ្អែកទៅលើពេលវេលា ដើម្បីដោះស្រាយ ដូចជាករណីការរាតត្បាតជំងឺកូវីដ-១៩អញ្ចឹង នៅពេលដែលប្រទេសនានានៅលើពិភពលោក បានចាក់វ៉ាក់សាំងបង្ការបានច្រើនហើយនោះ ដំណើរការសង្គម-សេដ្ឋកិច្ចសម្រាប់ប្រទេសនានា ក៏ចាប់ផ្ដើមកំរើកឡើងវិញដែរ។ រីឯក្រុមហ៊ុនរបស់លោក មុំ វ៉ារិន ក៏ចាប់ផ្ដើមធ្វើដំណើរការ ជាប្រក្រតីឡើងវិញដែរ ដែលនេះសញ្ញាណល្អមួយ មិនមែនតែសម្រាប់លោកនោះទេ តែសម្រាប់ប្រជាពលរដ្ឋ របស់យើងទាំងអស់គ្នា។
នៅពេលសួរថា តើលោកគិតថា លោកកំពុងទទួលបានជោគជ័យហើយឬនៅ? លោក មុំ វ៉ារិន បាននិយាយថា លោកមិនដឹងថា អ្នកជោគជ័យ ត្រូវយកអ្វីទៅវាស់នោះទេ។ ប៉ុន្តែសម្រាប់លោក ភាពជោគជ័យ គឺការសម្រេចទៅលើគោលបំណង តើថាអ្វីជាគោលបំណងចុងក្រោយ របស់យើង? លោកបាននិយាយដូច្នេះថា «សម្រាប់ខ្ញុំ ភាពជោគជ័យ គឺបានន័យថា ខ្ញុំធ្វើឲ្យគ្រួសារមួយភាពកក់ក្ដៅ កូនចេះដឹងរៀនបានខ្ពង់ខ្ពស់ ដែលអាចជាចំណុចមួយ ហើយគ្រួសារមិនឈ្លោះប្រកែកគ្នា អាហ្នឹងវាជារឿងសំខាន់ទីមួយ ចំណុចទីពីរ ពាក់ព័ន្ធទៅនឹងគោលបំណងរបស់យើង បានន័យថា តើអ្វីជាបំណងចុងក្រោយរបស់យើង? ខ្ញុំគិតថា មកដល់ពេលនេះ វាជាដំណើរផ្លូវដែលយើងត្រូវទៅទេ អញ្ចឹងខ្ញុំយល់ថា រឿងរ៉ាវច្រើនទៀត ដែលយើងត្រូវធ្វើ ដើម្បីសម្រេចនូវគោលបំណងរបស់យើង អញ្ចឹងនៅពេលយើងសម្រេច នូវគោលបំណងចុងក្រោយរបស់យើង នោះបានហៅថា ជោគជ័យទីពីរ អញ្ចឹងសម្រាប់ភាពជោគជ័យ នៅក្នុងគោលបំណងរបស់ខ្ញុំ គឺមិនទាន់ដល់នោះទេ»។
សម្រាប់ចំណុចទីបីរ នៃភាពជោគជ័យ របស់មនុស្សម្នាក់ៗ គឺការអាចជួយសង្គមបាន។ លោក មុំ វ៉ារិន បានលើកឡើងថា រាល់ថ្ងៃក្រៅពីផលចំណេញ ក្រុមហ៊ុនរបស់លោក ក៏ផ្ដោតទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងផ្នែកបច្ចេកទេសផងដែរ ដែលនេះដំណើរផ្លូវមួយដែរ សម្រាប់លោកនៅក្នុងភាពជោគជ័យ។ ដូច្នេះភាពជោគជ័យ សម្រាប់មនុស្សម្នាក់ៗ ត្រូវមាន ៣ គឺ ជោគជ័យក្នុងគ្រួសារ, ជោគជ័យនៅក្នុងការងារ, និងជោគជ័យនៅក្នុងការជួយសង្គម។
ការរកស៊ី វាមិនមែនជាផ្លូវរលោងស្រិល ដូចកន្លែងដែលយើងលេងប៊ូលីងនោះទេ។ ការរកស៊ី ត្រូវជួបឧបសគ្គ និងបញ្ហាប្រឈមជាច្រើន ដែលត្រូវដោះស្រាយ។ សម្រាប់លោក មុំ វ៉ារិន បានផ្ដល់នូវគំនិតមួយចំនួន ដល់អ្នកដែលចង់រកស៊ីនូវមុខរបរ ឬអាជីវកម្មអ្វីមួយថា៖ ចំណុចទីមួយ ត្រូវប្រកបមុខរបរ ឬអាជីវកម្មណា ដែលយើងអាចចេះ ព្រោះដើម្បីទប់ស្ថានភាពនៃអាជីវកម្ម ឬមុខរបររបស់យើងបាន។ ចំណុចពីរ គឺត្រូវមានភាពអត់ធ្មត់ ភាពអត់ធ្មត់ គឺជាកត្តាឈ្នះមួយ បើគ្រាន់តែយើងមានចំណេះ តែខ្វះការអត់ធ្មត់ ក៏យើងមិនអាចឈ្នះបានដែរ។ ចំណុចទីបីរ គឺត្រូវឲ្យអ្នកពាក់ព័ន្ធទាំងអស់យល់ អំពីអាជីវកម្ម ឬមុខរបររបស់យើង។ ឲ្យពួកគេយល់ថាតើ យើងស្ថិតក្នុងដំណាក់កាលណា ហើយថាតើ ត្រូវរួមគ្នាដោះស្រាយយ៉ាងដូចម្ដេច? ចំណុចទាំងនេះ អាចឲ្យអាជីវកម្ម ឬមុខរបរមួយ អាចដំណើរការទៅមុខបាន។
ក្នុងនាមជាអ្នកដឹកនាំជំនួញធំៗ ចំនួន ៣ លោក មុំ វ៉ារិន បានលើកទឹកចិត្តឲ្យយុវជនជំនាន់ក្រោយ គួរតែហ៊ានចាប់ផ្ដើមពីអ្វីដែលខ្លួនមាន ដោយយើងចំណេះអ្វី យើងធ្វើហ្នឹងទៅ យើងមានធនធានប៉ុនណា យើងចាប់ផ្ដើមពីធនធានប៉ុននោះទៅ។ លោកយល់ថា ការចូលរួមរបស់យុវជនជំនាន់ក្រោយ នៅក្នុងកិច្ចការងារសង្គម និងការអភិវឌ្ឍន៍ គឺជារឿងចាំបាច់មិនអាចខ្វះបាន ដែលយុវជនអាចជួយ ធ្វើឲ្យប្រទេសរបស់យើងរុងរឿង ទៅមុខបាន។ ប៉ុន្តែប្រសិនបើ យុវជនជំនាន់ក្រោយ ចាំតែអង្គុយមើល និងចាំតែថានោះ ក៏មិនអាចធ្វើឲ្យប្រទេសរបស់យើង មានវឌ្ឍនភាពទៅបានល្អនោះដែរ។ ដូច្នេះប្រទេសជាតិមួយ រុងរឿងទៅបាន វាទាមទារពលរដ្ឋសកម្ម៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៧ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ