Connect with us

ព័ត៌មានជាតិ

តើ​មាន​បញ្ហា​អ្វី​ខ្លះ ​មុន​ឈាន​ដល់​ការ​ប្រកាស​ឯករាជ្យ​ពី​អាណានិគមបារាំង នៅថ្ងៃទី០៩ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៥៣​ ?

បានផុស

នៅ

នៅថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺជាទិវាបុណ្យឯករាជ្យជាតិ លើកទី៦៨ (០៩ វិច្ឆិកា ១៩៥៣​-០៩ វិច្ឆិកា ២០២១) ក្រោយ​ពី​កម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ហើយ​សម្រាប់​ឆ្នាំ២០២១នេះ ​ទិវាបុណ្យឯករាជ្យជាតិនេះ ​បើ​ទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ មិន​ទាន់​បានស្ងប់ស្ងាត់ក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីនេះដោយផ្ទាល់ យ៉ាងគគ្រឹកគគ្រេង នៅវិមានឯករាជ្យក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​អបអរសាទរ​ទិ​វាបុណ្យ​ដ៏​សំខាន់​របស់​ជាតិ​នេះ ​កម្ពុជា​ថ្មី​ សូម​បង្ហាញ​ត្រួស​ៗ​អំពីប្រវត្តិ​ទាក់​ទិន​ទៅ​នឹង​ប្រវត្តិ ​នៃ​បុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា នេះ។

ប្រទេស​កម្ពុជា ធ្លាប់ធ្លាក់ក្រោមអាណានិគមបារាំងអស់រយៈពេលជិតមួយសតវត្ស (៩០ឆ្នាំ) គឺ​ចាប់​ពី​ឆ្នាំ​១៨៦៣ រហូត​ដល់​ឆ្នាំ ១៩៥៣។ កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​បារាំង​វិញ ​ដោយ​សារ​ប្រជារាស្រ្តខ្មែរ គឺ​សម្តេច​ព្រះនរោត្តមសីហនុ បាន​ធ្វើ​ការ​បង្កើត​ចលនា​តស៊ូ​ទាម​ទារ​ឯករាជ្យបានពេញ​បរិបូណ៍​ពី​ពួក​បារាំង និងកសាងសង្គមថ្មីមួយ ដែលមានភាពសំបូររុងរឿង គឺសម័យសង្គមរាស្រ្តនិយម។

យោងតាមឯកសារ Le Cambodge de Sihanouk បានបង្ហាញថា ព្រះបាទអង្គឌួង(១៨៤១-១៨៦០) សម្រេច​ព្រះទ័យទាក់ទងទៅបារាំង ដូច្នេះគឺដោយសារតែព្រះអង្គមានព្រះតម្រិះថា ប្រទេស​កម្ពុជា​កាន់​តែ​ធ្លាក់​ដុនដាបទៅៗ នឹងឈាន​ទៅ​ដល់​ការបែងចែកទឹកដីតាមមហិច្ចតា​ឈ្លាន​ពាន​របស់​ប្រទេស​សៀម ហើយនឹងយួន ដោយគ្រោងយកទន្លេមេគង្គជាព្រំប្រទល់ ហើយ​ពេល​នោះ​កម្ពុជា​នឹង​ត្រូវ​បាត់​បង់ឈ្មោះពីក្នុងផែនទីពិភពលោក។ ក៏ប៉ុន្តែការទំនាក់ទំនងស្នើសុំនេះ គឺ​មិន​ទទួលបាន​ជោគជ័យ​នោះ​ទេ គឺដោយសារតែមានការរារាំងយ៉ាងខ្លាំងពីសំណាក់ព្រះចៅសៀម ដូច្នេះ​នៅ​ពេល​នោះ ​បារាំង​បាន​ទុក​កម្ពុជា​ត្រឹម​តែ​ជា ​ដៃ​គូពាណិជ្ជកម្មតែប៉ុណ្ណោះ។

បន្ទាប់ពីព្រះបាទអង្គឌួងសុគតទៅ (១៨៦០) ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ​បាន​ជ្រើស​រើស​ព្រះអង្គវតី​(ព្រះ​បាទ​នរោត្តម) ឲ្យឡើងសោយរាជ្យបន្ត។ រឿងនេះបានកើតជាការមិនសុខចិត្ត ដែល​ធ្វើ​ឲ្យ​កើត​មាន​ជម្លោះ​រាជបល្ល័ង្គ ដោយភាពភ័យខ្លាចនៅខែសីហា ឆ្នាំ១៨៦១ ព្រះអង្គវតី​បាន​ជម្លៀស​ខ្លួន​ឆ្លង​កាត់​ខេត្ត​បាត់ដំបង ទៅគង់នៅប្រទេសថៃមួយរយៈ ដោយយកគ្រឿងសោយរាជ្យទៅជាមួយផង។ បន្ទាប់​ពី​ព្រះអង្គបានយាងទៅគង់នៅប្រទេសសៀមមក កិច្ចការប្រទេស​ជាតិ​ទាំង​អស់​ត្រូវ​បាន​ព្រះ​បាទ​ស៊ីសុវត្តិ ឬអង្គសូ ជាអ្នករ៉ាប់រងកិច្ចការជំនួសព្រះអង្គ។ ក៏ប៉ុន្តែក្រោយ​ពី​មាន​ការ​អន្តរាគម​ពី​កុងស៊ុល​បារាំង​នៅ​បាងកក ក្សត្រអង្គវតី (ព្រះបាទនរោត្តម) ក៏​បាន​យោង​មក​គង់​នៅ​រាជធានី​ឧត្តុង្គវិញ តាមផ្លូវទឹកខេត្តកំពត នៅខែមីនា ឆ្នាំ១៨៦២។

ងាកមកខាងបារាំងវិញ ក្រោយសង្រ្គោមឈ្នះជាមួយអណ្ណាម បារាំង​ក៏​បាន​ចូល​កាន់​កាប់​ក្រុង​ព្រៃ​នគរ និងតំបន់ជិតខាងនៅឆ្នាំ១៨៥៩។ ដើម្បីពង្រីកវិសាលភាពអំណាចរបស់ខ្លួន នៅប្រទេស​ចិន​ប៉ែក​ខាង​ត្បួង បារាំង​បាន​យក​ទន្លេ​មេគង្គជាផ្លូវដំណើរ តែ​​ត្រូវ​បរាជ័យ។

នៅពេលធ្វើដំណើរតាមដងទន្លេមេគង្គ បារាំងបានចាប់អារម្មណ៍ពីសម្បត្តិធម្មជាតិដូចជាព្រៃភ្នំ ឈើ រ៉ៃ ដំណាំផល និងផ្លូវទឹកគមនាគមន៍របស់កម្ពុជា ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការដឹកនាំទំនិញ​ទៅកាន់​បណ្តាទីផ្សារអឺរ៉ុបនោះ បារាំងក៏បានងាកមកចាប់អាម្មរណ៍ទៅលើប្រទេសកម្ពុជាសារជាថ្មី ដោយ​លើស​ពី​ដៃ​គូពាណិជ្ជកម្ម។

នៅដើមរជ្ជកាលព្រះបាទនរោត្តម (១៨៦០-១៩០៤) មានការបះបោរជាច្រើនបានកើតឡើង ដើម្បី​ប្រឆាំង​នឹង​អំពើ​ឈ្លាន​ពាន​របស់ សៀម ហើយ​និង​យួន។ ដូច្នេះដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​អំណាច​នៃ​ការ​ឈ្លានពានពីសំណាក់ប្រទេសទាំងពីរ ព្រះបាទនរោត្តម បានសម្រេចព្រះ​ទ័យ​ធ្វើទំនាក់ទំនងជាមួយ​បារាំង​សារ​ជាថ្មីម្តងទៀត តាមរយៈសន្ធិសញ្ញាបារាំង-ខ្មែរ ដែលមានឈ្មោះថា “មិត្តភាព ការការពារ និងពាណិជ្ជកម្ម” ផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី១១ ខែសីហា ឆ្នាំ ១៨៦៣។ រីឯ​ខ្លឹមសារ​សំខាន់​នៃ​សន្ធិសញ្ញានេះ ត្រូវបានឆ្លុះបញ្ចាំងពី ការជួយរក្សា​ការពារ​ប្រទេស​កម្ពុជា​មិន​ឲ្យ​មាន​ការ​បាត់​បង់​ទឹក​ដី​ជា​បន្ត​ទៀត។

នៅដើមឆ្នាំ ១៨៦៤ បារាំងបានគាបសង្កត់សៀមតាមរយៈផ្លូវទូត និងផ្លូវយោធា ដើម្បី​ឲ្យ​សៀម​បញ្ជូន​ត្រា ​ព្រះខ័នរាជ្យ និងម្កុជរាជ សម្រាប់រាជាភិសេកព្រះបាទនរោត្តម ជាព្រះមហាក្សត្រ​ពេញ​លក្ខណៈ​នៅ​រាជ​ធានីឧត្តុង្គនាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ១៨៦៤។

បន្ទាប់ពីមានការចុះសន្ធិសញ្ញាអាណាព្យាបាលបារាំងឆ្នាំ១៨៦៣ លើកម្ពុជារួចមក បារាំង​បាន​ធ្វើ​ការ​កំណែ​ទម្រង់​រដ្ឋបាល នឹងរឹតបន្តឹងអំណាចរបស់ខ្លួននៅកម្ពុជា ព្រមទាំងធ្វើការពង្រីករបបគ្រប់គ្រង និង​អាណាព្យាបាលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាតាមរយៈសន្ធិសញ្ញារបស់ខ្លួន។ ចំណែក​ឯ​ស្ថានភាព​របស់​ប្រជាជននៅក្រោមអាណាព្យាបាលបារាំងវិញ គឺ​មាន​ភាព​លំបាក​ច្រើន​ ជាពិសេស​គឺ​បារាំង​បាន​ដាក់​បញ្ញត្តិកម្រិតឲ្យមានការបង់ពន្ធទៅលើអ្វីៗគ្រប់យ៉ាង ដែលមានតាំងពីពន្ធមនុស្ស ពន្ធដី ពន្ធលំនៅ ពន្ធសត្វពាហនៈ ពន្ធយានជំនិះ ពន្ធរបរអាជីវកម្ម។ល។ ដើម្បី​បង់​ពន្ធ​ជា​ប្រាក់​កាស​ឲ្យ​បារាំង ​ប្រជាកសិករខ្មែរបានខិតខំពង្រីកដំណាំឧស្សាហកម្មរបស់ខ្លួន(កៅស៊ូ) ព្រម​ទាំង​ពង្រីក​ដំណាំ​ដទៃ​ទៀត​មានដូចជា ស្រូវ ពោត សណ្ដែក ។ល។ ប៉ុន្តែទិន្នផលដំណាំមិនសូវល្អទេ។ ផល​ស្រូវ​ក្នុង​មួយហិចតា​បាន​ត្រឹម​តែ​១ តោន ទៅ១,២ តោនប៉ុណ្ណោះ។ ដូចនេះ​ហើយ​កសិករ​មាន​ជីវភាព​ក្រីក្រ​លំបាក ហើយ​ក៏​ក្លាយ​ទៅ​ជា​អ្នក​ជាប់​បំណុលពួកឈ្មួញកណ្ដាល និង​ឈ្មួញ​បរទេស។ ចំណែក​ឯការ​ប្រាក់​វិញ​មាន​កម្រិតខ្ពស់គឺពី ១០០% ដល់ទៅ ១៥០% ជួនកាល ២០០% ក្នុង​មួយ​ឆ្នាំ​ក៏​មាន​។​ បារាំង​គ្រប​ដណ្តប់​អាណានិគម​លើ​ផ្ទែ​ប្រទេសកាន់តែយូរ បារំាង​កាន់​តែ​រឹត​បណ្តឹង​ធ្វើ​បាប​ប្រជារាស្រ្ត​ខ្មែរ​កាន់​តែ​ខ្លាំងឡើងៗ។ ហេតុ​ដូច​នេះ​ហើយ​ទើប​មាន​ការ​បោះបោរ​ចំពោះ​ពួក​បារាំង​ជា​ច្រើន​លើក​ជា​ច្រើន​សារ​ទើបអាចទទួលបានឯករាជ្យពេញលេញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣នេះ។ ដែល​ចេញ​ដំបូង​ពី​ចលនាបោះបោរប្រឆាំងនឹងពួកបារាំងក្រោយសន្ធិសញ្ញាឆ្នាំ ១៩៦៣ និង​អនុសញ្ញាឆ្នាំ ១៨៨៤។ ​

សន្ធិសញ្ញាឆ្នាំ១៩៦៣បានបង្ហាញថាបារាំងតែងមានប្រៀប មាន​អំណាច​ច្រើនជាង​ម្ចាស់ប្រទេស​មាតុភូមិ​កម្ពុជា​ទៅ​ទៀត ចំណែក​ឯ​អនុសញ្ញាឆ្នាំ ១៨៨៤វិញ ​គឺ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​ រាល់​គ្រប់​មាត្រា ទាំងអស់នៅក្នុងអុនសញ្ញានោះ​គឺ​សុទ្ធតែ​បាន​បង្ហាញពីអំណាច​របស់​រាជរដ្ឋាភិបាល​បារាំង​គឺ​អាច​មាន​សិទ្ធិគ្រប់គ្រងលើប្រទេសខ្មែរទាំងមូល។ ការណ៍​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ព្រះរាជា ពួក​នា​ម៉ឺន​មន្រ្តី ប្រជារាស្រ្ត​ខ្មែរ​ទាំង​អស់​បាន​នាំ​គ្នា​បះបោរ​តវ៉ា​ទៅ​នឹង​ពួក​បារាំង​ប្រឆាំង​នឹង​ពួក​បារាំង​ស្ទើរ​គ្រប់​ទី​កន្លែង។

ការបោះបោរនោះបានក្លាយទៅជាសង្រ្គាមប្រជាជាតិខ្មែរទាំងមូលប្រឆាំងនឹងអាណានិគមបារាំងអស់រយៈពេល ២៦ខែ (វិច្ឆិកា ១៨៨៥ – មករា ១៨៨៧)។ការ​តស៊ូ​របស់​អ្នក​ស្នេហា​ជាតិ​ខ្មែរ​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​បារាំង និង​ទាហានបារាំងទទួលបានការខូចខាតយ៉ាងដំណំ។ ក្រោម​មក​បារាំង​ក៏​សុំ​ចរចារ​នឹង​អ្នក​តស៊ូ​ខ្មែរ ​ដោយ​ព្រម​ប្រគល់​អំណាច​ទៅ​ឲ្យ​ព្រះរាជាវិញ​ ហើយ​រាល់​កិច្ចការរដ្ឋទាំងអស់​ត្រូវ​ប្រគល់​មក​ឲ្យខ្មែរ ព្រមទាំងប្រគល់បណ្តាខេត្តនានាឲ្យទៅអាជ្ងាធរខ្មែរវិញ លើកលែងតែខេត្តកំពត កំពង់ធំ ពោធិសាត់ និងខេត្តក្រចេះប៉ុណ្ណោះដែលនៅស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងដដែល។

នៅឆ្នាំ១៩០៤ ព្រះបាទនរោត្តមបានសោយទិវង្គត់។ បន្ទាប់ពីទ្រង់បានសោយទិវង្គត់ទៅ ពួក​បារាំង​បានធ្វើការផ្ទេររាជបល្លិង្កបន្តទៅឲ្យព្រះអនុជរបស់ព្រះបាទនរោត្តមគឺ ព្រះបាទស៊ីសុវត្ថិ ដែលជាខ្សែរ​រាជវង្សដែលបារាំងគិតថាមិនសូវរឹងទទឹង ជ្រុលនិយមដូចខ្សែររាជវង្ស ​នរោត្តម។ អស់​រយៈ​ពេល​មិន​បាន​យូរប៉ុន្មានផង ក៏កើតមានចលនាតស៊ូប្រឆាំងនឹងពួកបារាំងជាបន្តបន្ទាប់ រហូត​ដល់​មាន​ចលនា​តស៊ូ​ដើម្បី​ឯករាជ្យជាតិ និង​សន្ធិសញ្ញាក្រុងសឺណេវ ឆ្នាំ១៩៥៤។

នៅក្នុងប្រទេសកម្ពុជា ចលនាស៊ូដើម្បីឯករាជ្យជាតិ ចែកចេញជា២ផ្សេងគ្នា គឺ ការតស៊ូដដោយអាវុធ ដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈ ដែលមានការគាំទ្រពីសំណាក់កងទ័ពវៀតមិញ និង​ការ​តស៊ូ​ដោយ​សន្តិវិធីតាមនយោបាយការទូត ដឹកនាំដោយសម្តេចព្រះបាទនរោត្តមសីហនុ ព្រះ​បរមរតនៈ​កោដ្ឋ។

នៅចុងឆ្នាំ១៩៤៤ បក្សកុំម្មុយនីស្តឥណ្ឌូចិន បានចាប់ផ្តើមបង្កើតទ័ពជាតិនៅប្រទេសវៀតណាម។ នានិទាឃរដូវ ឆ្នាំ១៩៤៥ បានចាប់ផ្តើមធ្វើបាតុកម្មនៅក្នុងតំបន់រំដោះនៃប្រទេសកម្ពុជា ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះការបោះបោរយ៉ាងខ្លាំង។ នៅឆ្នាំ១៩៤៧-១៩៤៨ ដោយបាន​ទទួល​ការ​គាំ​ពារ​ពី​កងទ័ព​រណសិរ្សវៀតណាម ខ្មែរឥស្សរៈក៏បានកសាងមូលដ្ឋានទ័ពខ្លួននៅកម្ពុជា។ ចុងឆ្នាំ១៩៤៩ ទ័ព​ឥស្សរៈបានពង្រីកផ្ទៃដីកាន់កាប់របស់ខ្លួនគឺ១/៣នៃផ្ទៃប្រទេសទាំងមូល។ ដោយ​ប្រទះ​ឃើញ​យ៉ាង​ដូច្នេះ ព្រះបាទនរោត្តមសីហនុ និងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅឆ្នាំ ១៩៤៩ ដែលមានអត្ថន័យថា ព្រះរាជាណាចក្រកម្ពុជាជារដ្ឋឯករាជ្យមួយស្ថិតក្នុងសហព័ន្ធឥណ្ឌូចិនបារាំង។

នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ព្រះបាទនរោត្តមបានធ្វើព្រះរាជដំណើរទៅកាន់ប្រទេសបារាំង ដោយធ្វើការសន្យាថា នឹងទាមទារឯករាជ្យយ៉ាងពេញបូរិបូរណ៍ជូនប្រជាជាតិខ្មែរឲ្យបាន។ នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ១៩៥៣ កម្ពុជាបានផ្ងើរសេចក្តីប្រកាសទៅ​កាន់បារាំង​ពី​អំណាច​ទាំង​ឡាយដែល​ខ្មែរ​ទាម​ទារពីបារាំង។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ១៩៥៣ បារាំងបានធ្វើការចរចារជាមួយខ្មែរ តាម​រយៈ​ការ​ចុះហត្ថលេខានៃការព្រមព្រៀងបារាំង-ខ្មែរ ដោយមានការផ្ទេរអំណាចផ្នែកយុត្តិធម៌ និង​នគរបាល​មក​ឲ្យ​ខ្មែរ​វិញ។

ដល់ថ្ងៃ១៧ ខែតុលា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាមួយទៀតស្តីពី ការប្រគល់អធិបតេយ្យ​ភាព​ខាង​ផ្នែក​យោធាកម្ពុជាទាំងមូល។ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះបាទនរោត្តមសីហនុ​បាន​យាង​ចូល​រាជធានីភ្នំពេញវិញ ប្រកបដោយស្នូរសំលេងទះដៃ និងសំលេងអឺងអង​សាទរចំពោះ​ការ​ទាមទារ​ឯករាជ្យជូនជាតិមាតុភូមិតាមការសន្យារបស់ព្រះអង្គ ដែលសាកសមជាបិតាឯករាជ្យជាតិ និងវីរៈបុរសជាតិ។ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺជាថ្ងៃ ប្រកាសឯករាជ្យ​នៃប្រទេស​កម្ពុជា​ដែល​ខ្មែរ​យើង​តែង​តែ​ប្រារព្ធធ្វើពិធីបុណ្យរំលឹកខួបនេះជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម