ព័ត៌មានជាតិ
មកដឹងប្រភពណែមឆ្ងាញ់បំផុតនៅបាត់ដំបង កុំច្រឡំណែមថៃ និងណែមខ្មែរ
ខេត្តបាត់ដំបង÷ ណែមបាត់ដំបងនៅតែមានឈ្មោះបោះសម្លេង និងការកោតសរសើរមិនដាច់ពីមាត់ពីពលរដ្ឋទូទាំំងប្រទេស ហើយមកដល់ពេលនេះនៅតែរក្សារសជាតិឆ្ងាញ់ដូចកាលជំនាន់ដើមដដែល។
តើមកពីលក្ខណះសម្គាល់ពិសេសបែបណាដឹងថាជាណែមអ្នកបាត់ដំបងនៅតែឆ្ងាញ់។ ដើម្បីស្រាយចម្ងល់អំពីលក្ខណះពិសេសរសជាតិរបស់ណែមអ្នកបាត់ដំបង កម្ពុជាថ្មីបានធ្វើបទសម្ភាសផ្តាច់មុខជាមួយអាជីវករដែលជាម្ចាស់ផលិតកម្មណែមនេះផ្ទាល់ក្នុងតំបន់ ដែលជាដើមកំណើតណែមជូនអ្នកអានឲ្យបានយល់ដឹងច្បាស់ អំពីភូមិសាស្ត្រដើមកំណើតរបស់អាហារសម្រន់ណែម និងលក្ខណះពិសេសដែលធ្វើឲ្យណែមខេត្តបាត់ដំបង នៅរក្សារសជាតិដើមបានដល់បច្ចុប្បន្ន។
ក្នុងតំបន់ដើមកំណើតណែម ស្ថិតក្នុងភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំនៃភូមិសាស្ត្រអាណាចក្រខេត្តបាត់ដំបង អ្នកស្រីផ្លឹង សុីណា អាយុ៥៣ឆ្នាំ ហៅអ្នកគ្រូសុីណា និងលោកស្រី សារ៉ាត់ ជាស្វាមុីជាម្ចាស់សិប្បកម្មទិញត្រីក្នុងស្រុកសម្រាប់ផលិតណែម បានរៀបរាប់ប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី១១ខែវិច្ឆិកថា មុខរបរបន្តវេណធ្វើណែមនេះក្រុមគ្រួសារលោកស្រីបានប្រកបអស់រយះពេល១០ឆ្នាំហើយ ដោយផ្តើមពីឆ្នាំ២០១១ រហូតមកហើយនៅតែរក្សាតម្លៃនៃរសជាតិដដែលប្រកបដោយអនាម័យល្អ មានការត្រួតពិនិត្យត្រឹមត្រូវតាមបច្ចេកទេសមន្ត្រីជំនាញ មិនបំពានលើសុខភាពមនុស្សទូទៅដើម្បីតែប្រយោជន៍ផ្ទាល់គ្រួសារ ដោយគិតអំំពីផលនិងគុណប្រយោជន៍វែងឆ្ងាយ បើទោះបីការចំណេញតិចក៏ដោយចុះ។
លោកស្រីបន្តថា ការប្រកបរបរនេះបច្ចុប្បន្ន លោកស្រីបានចែករំលែកជីវភាពដល់អ្នកភូមិ ដែលមានការខ្វះខាតអត់ការងារធ្វើបាន៧០គ្រួសារផងដែរមកធ្វើជាកម្មករ បើទោះបីស្ថិតក្នុងដំណាក់កាលកូវីដ១៩ បានកាត់បន្ថយអត្រាផលិតប្រមាណជា៥០ភាគរយក៏ដោយចុះ។
លោកស្រីក៏នៅមិនទាន់កាត់បន្ថយកម្មករឡើយទេ ដោយសារតែវិបត្តិកូវីដនាំឲ្យបាត់ចំណូល ហើយត្រូវបន្ថយថវិការប្រចាំថ្ងៃដល់ពលករ ដូច្នេះអ្នកខ្លះក៏សុំឈប់១ចំនួនតូចដែរ រង់ចាំស្ថានភាពប្រសើរឡើងវិញ ទើបមកបន្តការងារវិញ។
លោកស្រីបញ្ជាក់ថា កាលពីមុនដំណាក់កាលកូវីដ លោកស្រីផលិតតម្រូវតាមទីផ្សារតាមបណ្តាខេត្ត និងក្នុងខេត្ត១ថ្ងៃផលិតពី១ទៅ២តោនណែម ទាំងការធ្វើ និងការវិចខ្ចប់តាមបច្ចេកទេសស្តង់ដា មានអនាម័យល្អមានស្លាកយីហោកំណត់ចំណាំត្រឹមត្រូវផង។ លុះដល់ដំណាក់កាលកូវីដ អ្នកស្រីផលិតត្រឹមតែ៦ទៅ៧រយគីឡូក្រាមតែប៉ុណ្ណោះ រហូតសព្វថ្ងៃក្នុង១ថ្ងៃឃើញថា បាត់បង់ប្រាក់ចំណូលច្រើនគួសម។
លោកស្រីបានបន្តថា បច្ចុប្បន្នមានផលលំបាកនៅត្រង់ថាអ្នកស្រីត្រូវការតម្រូវរសជាតិដើម គឺត្រូវការប្រភេទត្រីក្នុងស្រុកជាចាំបាច់សម្រាប់រក្សារសជាតិដើមដែលក្នុងនោះមានដូចជា ត្រីរ៉ស់ ត្រីឆ្តោ និងត្រីដៀបនេះជាណែមប្រភេទលេខ១ហើយឆ្ងាញ់របស់អ្នកខេត្តបាត់ដំបង។
លោកស្រីថា ពីដើមគ្មានណែមលេខ២ដូចសព្វថ្ងៃទេសម្រាប់ខេត្តបាត់ដំបង តែដោយសារតែប្រទេសថៃគេផលិតហើយខ្មែរយើងធ្លាប់ទិញមកបរិភោគថាឆ្ងាញ់ម្យ៉ាងដែរ ទើបខាងលោកស្រីសម្រេចធ្វើណែមលេខ២តាមថៃ សម្រាប់តាមតម្រូវការអតិថិជនដែលនិយមបរិភោគ។ ដោយណែមថៃដែលខ្មែរយើងដាក់ថាលេខ២នេះ គឺប្រើសាច់ជ្រូកសុទ្ធឬស្បែកជ្រូកលាយសាច់ត្រី ហើយដោយឡែក១ទៀតសម្រាប់សាច់ត្រីសុទ្ធ ក៏មានលេខ២ដែរគឺដោយសារយកត្រីពីថៃដូចជាត្រីត្រសក់ ត្រីនួនចាន់ ត្រីព្រួល ត្រីប្រលួងនិងត្រីឆ្លាតជាដើម។
ស្របជាមួយការលើកឡើងរបស់អ្នកផលិតណែមក្នុងខេត្តបាត់ដំបងនេះដែរ លោកកប បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានក៏បានទទួលស្គាល់ថា ត្រីក្នុងស្រុកបច្ចុប្បន្នដែលត្រូវការផលិតធ្វើជាណែមរក្សារសជាតិដើម ក៏មានការខ្វះខាតផងដែរ ដូច្នេះអ្នកដែលផលិតរក្សារសជាតិដើមពិតជាជួបផលលំបាក ស្វែងរកទិញប្រភេទត្រីទាំង៣ប្រភេទខាងលើ។
លោកបន្តថា ពលរដ្ឋគួរកាត់បន្ថយបទល្មើសនេសាទដោយខុសច្បាប់ និងកាត់បន្ថយនូវអ្វីដែលបង្កឲ្យមានបរិស្ថានមិនល្អនៅក្នុងតំបន់បឹងទន្លេសាបផងដែរ។
បើយោងតាមមន្ត្រីទេសចរណ៍បានបង្ហាញថា ដើមកំណើតដំបូងការធ្វើ”ណែម”ខេត្តបាត់ដំបង គឺក្នុងឆ្នាំ១៩៩០ ការច្នៃប្រឌិតរបស់លោកស្រីឃុន ទៀងអាយុ៦១ឆ្នាំ មានអាស័យដ្ឋានក្នុងភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំខេត្តបាត់ដំបង។ដោយផ្សំពីត្រីនិងបាយកកត្រឹម១ទៅ៣គីឡូប៉ណ្ណោះ ក្រោយមកគាត់កែឆ្នៃគ្រឿងផ្សំបន្ថែម ក៏បានត្រូវមាត់អ្នកស្រុកថាពិតជាឆ្ងាញ់ហើយក៏ល្បីដល់សព្វថ្ងៃនេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា