នយោបាយ
បណ្ឌិត មន្ត្រីជាន់ខ្ពស់ និងសកម្មជននយោបាយថា ការហៅឱ្យដាក់គំបាបលើកម្ពុជាជារឿងធ្វើបាបពលរដ្ឋដែលកំពុងពិបាកក្រោយកូវីដស្រាប់
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអ្នកវិភាគបញ្ហានយោបាយ បានលើកឡើងថា ជាទម្លាប់ទៅហើយ ដែលអតីតគណបក្សប្រឆាំង ដឹកនាំដោយទណ្ឌិត សម រង្ស៊ី តែងតែពឹងពាក់បរទេសឲ្យលូកលាន់ ឬក៏ដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា តែគ្មានឥទ្ធិពលអ្វីមកលើកម្ពុជាឡើយ។
ការលើកឡើងនេះ បន្ទាប់ពីអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី ១៦ ខែវិច្ឆិកានេះ បានសេចក្ដីថ្លែងការណ៍មួយ ដោយបានបន្តអំពាវនាវឲ្យសហគមន៍អន្តរជាតិ បន្តការដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យធ្វើតាមនូវការចង់បានរបស់ខ្លួន។ អតីតគណបក្សប្រឆាំង បានទាមទារឲ្យផ្ដល់សេរីភាព និងទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា, ផ្ដល់នីតិសម្បទារគណបក្សសង្គ្រោះជាតិឡើងវិញ, ក៏ដូចជា ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញផងដែរ។
អតីតតំណាងរាស្រ្ដគណបក្សប្រឆាំង និងបច្ចុប្បន្នជាសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន បានចាត់ទុកថា ការអំពាវនាវឲ្យដាក់គំនាប ឬសម្ពាធ មកលើប្រទេសកម្ពុជាពីសំណាក់ក្រុមអតីតគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេសនោះ គឺជារឿងខាតបង់សម្រាប់ប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋខ្មែរតែម្ដង។ លោកថា «ឧទាហរណ៍ដូច EBA អញ្ចឹង មិនមែនចំណេញប្រជាពលរដ្ឋឯណា វាបាត់បង់ការងារ បាត់បង់ស្អីអញ្ចឹងទៅ ហើយបើដាក់សម្ពាធបន្ថែមទៀត ដូចជា GSPហ្នឹង ប្រសិនបើសហរដ្ឋអាមេរិកទៅផ្ដាច់ GSP ហើយរដ្ឋាភិបាលមិនព្រមបន្ទន់ឥរិយាបថ អាហ្នឹងវាប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរតទៅទៀតហើយ»។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/008-11.png)
លោកបន្តថា បញ្ហានយោបាយ គឺបរទេសមិនអាចមកសម្រេចជោគវាសនា លើប្រទេសកម្ពុជាទាំងស្រុងនោះទេ គឺទាល់តែមានការជជែកគ្នារវាងខ្មែរ និងខ្មែរបន្ថែមទៀត។
ពាក់ព័ន្ធនឹងការអំពាវនាវខាងលើនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា អតីតគណបក្សប្រឆាំង តែងតែទៅពឹងពាក់បរទេស ដើម្បីឲ្យគេមកលូកលាន់កិច្ចការផ្ទៃក្នុង និងដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលនេះជាទម្លាប់ដដែលៗ របស់ពួកគេ។ ប៉ុន្តែសាធារណៈជន បានដឹងគ្រប់គ្នាអស់ហើយនូវទង្វើបំផ្លាញ ផលប្រយោជន៍ជាតិសាសន៍ខ្លួនឯង ពីសំណាក់ក្រុមអតីតគណបក្សប្រឆាំងនេះ ហើយក៏គ្មាននរណាគេគាំទ្រចរិតនយោបាយ បែបបរទេសនិយមបែបនេះដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/006-6.jpg)
លោក ជិន ម៉ាលីន បានបញ្ជាក់ថា «ហើយមែនទែន ស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ នីតិរដ្ឋ នៅកម្ពុជាហ្នឹង គឺវាមិនមែនធ្លាក់ចុះ ដោយសារការផ្ដន្ទាទោស ការអនុវត្តច្បាប់លើពួកគាត់នោះទេ តែផ្ទុយទៅវិញការអនុវត្តច្បាប់ ទៅលើក្រុមគាត់ ដែលប្រព្រឹត្តបទល្មើស ដែលធ្វើសកម្មភាពល្មើសទៅនឹងច្បាប់ សូម្បីតែព្រះមហាក្សត្រ ក៏ហ៊ានចេញមុខប្រមាថជាចំហរ ដោយមិនខ្លាចរអែងហ្នឹង គឺថា វាជាការលើកស្ទួយនូវនីតិរដ្ឋ ប្រជាធិបតេយ្យទៅវិញទេ តាមរយៈការផ្ដន្ទាទោស អ្នកប្រព្រឹត្តល្មើសទៅនឹងច្បាប់ ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ»។
ចំណែកលោកបណ្ឌិត គិន ភា អ្នកវិភាគបញ្ហានយោបាយ បានលើកឡើងដែរថា ការអំពាវនាវខាងលើនេះ គឺជាមេសូត្ររត់មាត់មួយ នៃក្រុមអតីតគណបក្សសង្គ្រោះជាតិ ដែលពួកគេតែងតែសូត្រមេសូត្រដដែលៗ ម្ដងហើយ ម្ដងទៀត។ លោកថា មិនមានសហគមន៍អន្តរជាតិណា អាចនឹងមានឥទ្ធិពល ឬក៏ដាក់ឥទ្ធិពលមកលើរាជរដ្ឋាភិបាល កម្ពុជានោះទេ ពីព្រោះអ្វីដែលកើតឡើងពាក់ព័ន្ធ នឹងអតីតគណបក្សសង្រ្គោះជាតិនេះ គឺជាការអនុវត្តនូវច្បាប់ផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ក្នុងឋានៈជារដ្ឋអធិបតេយ្យមួយ ដែលចាំបាច់ត្រូវធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីធានានូវសន្តិភាព ស្ថិរភាព សន្តិសុខ នៅក្នុងផ្ទៃក្នុងប្រទេសខ្លួនឯង។
ម្យ៉ាងទៀត ការចង់ឃើញការរស់ឡើងវិញ នៃអតីតគណបក្សសង្រ្គោះជាតិនោះ គឺជាលទ្ធភាពមួយ ដែលមិនអាចទៅរួច ពីព្រោះការរំលាយគណបក្សមួយ ក្រោមច្បាប់ ស្ដីពី គណបក្សនយោបាយរបស់កម្ពុជា គឺគ្មានលទ្ធភាពណាមួយ ដែលគណបក្សត្រូវបានរំលាយហើយនោះ បង្កើតឡើងវិញទេ លើកលែងតែអ្នកនយោបាយ ដែលត្រូវបានដកហូតសិទ្ធិធ្វើនយោបាយនោះ ហើយអនុវត្តបានត្រឹមត្រូវតាមសេចក្ដីបង្គាប់ របស់តុលាការ គឺអ្នកនយោបាយរូបនោះ អាចសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/007.jpeg)
លោកបណ្ឌិត គិន ភា បានលើកឡើងបន្តថា ពាក់ព័ន្ធនឹងការទាមទារឲ្យផ្ដល់សេរីភាព និងទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិនោះ គឺជាការបំពានអំណាចរបស់តុលាការ ដែលជាអំណាចឯករាជ្យមួយ ត្បិតតែករណីលោក កឹម សុខា កំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ។ ដូច្នេះ ការដោះលែង ការលើកលែងការចោទប្រកាន់ ឬការផ្ដន្ទាទោសដាក់ពន្ធនាការបែបណានោះ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម ដែលជាអ្នកមានអាណត្តិនៅក្នុងការកាន់សំណុំរឿង របស់លោក កឹម សុខា ហើយដោយសារតែរឿងនេះ ជារឿងធំ ប្រហែលជាតុលាការត្រូវការពេលវេលាមួយគួរសម ដើម្បីធ្វើការងារនេះឲ្យបានត្រឹមត្រូវ។
អ្នកវិភាគបញ្ហានយោបាយរូបនេះ បានបញ្ជាក់ថា «អញ្ចឹងខ្ញុំយល់ថា ការអំពាវនាវនេះ គ្រាន់តែការបន្លឺទាញការចាប់អារម្មណ៍ ហើយអ្នកអំពាវនាវខ្លួនឯងហ្នឹង ក៏ដឹងដែរថា វាគ្មានលទ្ធភាពណាមួយទៅរួចទេ ទាំងលទ្ធភាពពាក់ព័ន្ធជាមួយនឹងសម្ពាធអន្តរជាតិ ក៏ដូចជាលទ្ធភាពនៃការកែប្រែក្រោមវិធានច្បាប់ផ្ទៃក្នុង របស់កម្ពុជា»។
គួររំលឹកថា តុលាការកំពូល កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ បានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទប្រកាន់ថា លោក កឹម សុខា ប្រធានគណបក្សប្រឆាំងមួយនេះ ពាក់ព័ន្ធនឹងករណីឃុបឃិតជាមួយបរទេស ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះដែរ តុលាការកំពូល ក៏បានហាមឃាត់សិទ្ធិថ្នាក់ដឹកនាំ អតីតគណបក្សនេះចំនួន ១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំផងដែរ។ គិតមកដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ គឺមានរយៈពេល ៤ឆ្នាំហើយ ដោយក្នុងនោះ មានអតីតមន្ត្រីជាន់ខ្ពស់មួយចំនួន នៃអតីតគណបក្សសង្រ្គោះជាតិ បានទទួលសិទ្ធិធ្វើនយោ បាយឡើងវិញ បន្ទាប់ពីបានដាក់ស្នើសុំទៅក្រសួងមហាផ្ទៃ និងក៏មានអតីតមន្ត្រីមួយចំនួន ក៏បានបង្កើតគណបក្សថ្មីៗ ដើម្បីត្រៀមចូលរួមការបោះឆ្នោត នាពេលខាងមុខផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច