ព័ត៌មានជាតិ
ក្រសួងកសិកម្មបង្ហាញពីវិធីសាស្ត្រធ្វើស្រូវទទួលបានទិន្នផលខ្ពស់ដោយប្រើបច្ចេកទេសនុយក្លេអ៊ែរ
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហាញពីវិធីសាស្ត្រមួយចំនួនដល់ប្រជាកសិករធ្វើស្រូវទទួលបានទិន្នផលខ្ពស់តាមរយៈការគ្រប់គ្រងសារធាតុចិញ្ចឹមអាសូតដោយប្រើបច្ចេកទេសនុយក្លេអ៊ែរ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ការគ្រប់គ្រងសារធាតុចិញ្ចឹមអាសូតឱ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងប្រព័ន្ធផលិតកម្មដំណាំស្រូវ គឺមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយការប្រើជីអាសូត ជួយបង្កើនទិន្នផលកាត់បន្ថយការបាត់បង់អាសូតទៅក្នុងប្រព័ន្ធបរិស្ថានដី និងទឹកដែលបណ្តាលឱ្យមានការបំពុលដល់ប្រព័ន្ធអេកូឡូស៊ី និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសដែលបង្កឱ្យមានការកើនកម្ដៅផែនដី។
លោករដ្ឋមន្ត្រីបានបន្តថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាតូមដើម្បីសន្តិភាពរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ(International Atomic Energy Agency/IAEA) នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មបានទទួលការគាំទ្របច្ចេកទេសដើម្បីកសាងសមត្ថភាពចំណេះដឹងវិទ្យាសាស្ត្រនុយក្លេអែរសម្រាប់កសិកម្មជាមូលដ្ឋានដើម្បីគ្រប់គ្រងសារធាតុចិញ្ចឹមអាសូតឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងផលិតកម្មដំណាំស្រូវ។
នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មបានសិក្សាស្រាវជ្រាវទៅជាស៊េរីក្នុងឆ្នាំ២០១៤ ២០១៨ និង២០១៩ហើយទទួលបានលទ្ធផលដូចខាងក្រោម៖
១-ការពិសោធន៍វាយតម្លៃការស្រូបយកជីអាសូតរបស់ដំណាំស្រូវក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជីសរីរាង្គនិងជីគីមី៖ ការពិសោធន៍នេះត្រូវបានអនុវត្តនៅក្នុងខែកញ្ញា ឆ្នាំ២០១៤ដោយបំបែកជីអាសូតជាបីដង គឺ៖ – ៤០% ដាក់ទ្រាប់បាត – ៣០% ដាក់ក្រោយពេលស្ទូង ៣០ថ្ងៃ និង – ៣០% ទៀត ដាក់ក្រោយពេលស្ទួង ៦០ថ្ងៃ(ដំណាក់កាលកំណរកំណើតកួរ)។ ការប្រើជីកំប៉ុស្តិ៍លាមកសត្វមាន ២កម្រិតគឺ៖ ដាក់៧,៥តោន/ហត និង ១៥តោន/ហត (ដាក់ទ្រាប់បាតមុនពេលស្ទូង១ថ្ងៃ)។
ចំពោះបរិមាណជីអាសូត គឺប្រើតាមកម្រិតណែនាំលើដំណាំស្រូវសម្រាប់ក្រុមដីទួលសំរោង ៨៤គ.ក្រ/ហត។ លទ្ធផលបានបង្ហាញថា ទិន្នផលស្រូវនៅក្នុងបច្ច័យដែលប្រើជីកំប៉ុស្តិ៍លាមកសត្វ ៧,៥តោន/ហត មានចំនួន៣,៣១តោន/ហត និងជីលាមកសត្វចំនួន ១៥តោន/ហត មានចំនួន៣,៣៨តោន/ហត ដោយការកាត់បន្ថយកម្រិតជីអាសូតចំនួន៥០%។
ចំណែកប្រសិទ្ធភាពប្រើជីអាសូត (ជីអ៊ុយរ៉េ)ដែលបានដាក់មានកម្រិតខ្ពស់ជាងគេនៅក្នុងបច្ច័យដែលប្រើជីកំប៉ុស្តិ៍លាមកសត្វ១៥តោន/ហិកតា គឺចំនួន ៣២%។
២. ការពិសោធន៍ដើម្បីបង្កើនទិន្នផលស្រូវឱ្យបានខ្ពស់បំផុត និងការកែលម្អប្រសិទ្ធភាពប្រើជីអាសូត៖ ការពិសោធន៍នេះត្រូវបានអនុវត្តនៅក្នុងខែសីហា ឆ្នាំ២០១៨ដោយបំបែកជីអាសូតជាបីដង គឺ៖ – ៤០% ដាក់ទ្រាប់បាត – ៣០% ដាក់ក្រោយពេលស្ទូង ៣០ថ្ងៃ និង – ៣០% ដាក់ក្រោយ ពេលស្ទូង ៦០ថ្ងៃ។
ការដាក់ជីអាសូតមាន ៣ កម្រិតគឺ ៩៨គ.ក្រ/ហត ១១៣គ.ក្រ/ហត និង១២៧គ.ក្រ/ហត។ លទ្ធផលបានបង្ហាញថា ទិន្នផលស្រូវខ្ពស់ជាងគេក្នុងបច្ច័យដែលដាក់ជីអាសូត ៩៨គ.ក្រ/ហត គឺចំនួន២,៨៦តោន/ហត ហើយមានប្រសិទ្ធភាពប្រើជីអាសូតចំនួន ៤៨%បន្ទាប់មកគឺបច្ច័យដែលប្រើ ១១៣គ.ក្រ/ហត ទទួលបានទិន្នផល ២,៧៣តោន/ហត និងប្រសិទ្ធភាពប្រើជីអាសូតមានចំនួន ៤៥%។
ចំណែកបច្ច័យដែលប្រើជីអាសូតខ្ពស់ជាងគេ ១២៧គ.ក្រ/ហត ផ្តល់បានទិន្នផលត្រឹមតែ ២,៦៣តោន/ហត ជាមួយនឹងប្រសិទ្ធភាពប្រើជីអាសូតចំនួន៣៤%។ បច្ច័យដែលដាក់ជីអាសូត ១២៧គ.ក្រ/ហត បានបង្ហាញរោគសញ្ញាលើសសារធាតុចិញ្ចឹមអាសូតដោយមានការដួលដើមច្រើននៅដំណាក់ កាលដាក់ទឹកដោះនៃវគ្គទុំរបស់ដំណាំស្រូវ។ នៅក្នុងខែកក្កដា ឆ្នាំ២០១៩ ការពិសោធន៍ត្រូវបានធ្វើឡើងដោយបំបែកជីអាសូតជាពីរដងគឺ៖ – ៦០% ដាក់ទ្រាប់បាត និង – ៤០% ទៀតដាក់ក្រោយពេលស្ទូង ៥០ថ្ងៃ។
លទ្ធផលបានបង្ហាញ ថាទិន្នផលស្រូវខ្ពស់ជាងគេគឺបានលើបច្ច័យដែលប្រើជីអាសូតចំនួន ៨៩គ.ក្រ/ហត គឺ៤,៨១ តោន/ហត ជាមួយនឹងប្រសិទ្ធភាពប្រើជីអាសូតប្រមាណ ៣១%។ បច្ច័យដែលដាក់ជីអាសូត ៦៩គ.ក្រ/ហត បានផ្តល់ទិន្នផលចំនួន ៤,៦៥តោន/ហត និងមានប្រសិទ្ធភាពប្រើជីអាសូតចំនួន ៣២% រីឯបច្ច័យដែលដាក់ជីអាសូតចំនួន ៤២គ.ក្រ/ហត ទទួលបានទិន្នផលតែចំនួន ៤,៣៤ តោន/ហត ហើយមានប្រសិទ្ធភាពប្រើជីអាសូតចំនួន ២៥% ចំណែកបច្ច័យដែលដាក់ជីអាសូតចំនួន ៧៩គ.ក្រ/ហត ទទួលបានទិន្នផលចំនួន ៤,២៩តោន/ហត ជាមួយនឹងប្រសិទ្ធភាពប្រើជីអាសូតប្រមាណជា ៣០%។
លោករដ្ឋមន្ត្រីបានបន្តទៀតថា តាមរយៈការពិសោធន៍ស្រាវជ្រាវកន្លងមកបានផ្តល់នូវការយល់ដឹងអំពីការគ្រប់គ្រង និងប្រើជីអាសូតឱ្យមានប្រសិទ្ធភាពខ្ពស់លើផលិតកម្មដំណាំស្រូវ។ការយល់ដឹងរបស់កសិករអំពីកត្តាទាំង នេះគឺជាជម្រើសដ៏វៃឆ្លាតមួយក្នុងការគ្រប់គ្រងសារធាតុចិញ្ចឹមអាសូត កាត់បន្ថយបរិមាណជី និងបង្កើនទិន្នផល។
លោករដ្ឋមន្ត្រីបានណែនាំឱ្យប្រជាកសិករប្រើជីសរីរាង្គបាចក្នុងដីស្រែជួយបង្កើនប្រសិទ្ធភាពនៃការប្រើជីអាសូត កាត់បន្ថយបរិមាណជីអាសូតនិងបង្កើនទិន្នផលដំណាំស្រូវ ។ត្រូវដាក់ជីអាសូតចំនួន ៩៨គ.ក្រ/ហត គឺជាជម្រើសល្អបំផុតសម្រាប់ស្រូវក្រអូបផ្ការំដួលឬប្រភេទពូជស្រូវកណ្តាលដោយសារវាជួយកាត់បន្ថយការដួលដើមដោយសារការលើសសារធាតុចិញ្ចឹមអាសូត បង្កើនប្រសិទ្ធភាពប្រើជីអាសូត និងផ្តល់ទិន្នផលដំណាំខ្ពស់ជាង គេ។ ព្រោះថាកម្រិតជីអាសូតក៏អាចបន្ថយរហូតដល់៤២គ.ក្រ/ហតដោយមិនធ្វើឱ្យធ្លាក់ចុះទិន្នផលខ្លាំងអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចគ្រួសារកសិករ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំពោះស្រូវកណ្តាល (ផ្ការំដួល)ការដាក់ជីអាសូតអាចបំបែកជាបីដង គឺដាក់ទ្រាប់បាត៤០% ដាក់៣០% ក្រោយពេលស្ទូង ៣០ថ្ងៃ និង ៣០% ទៀតដាក់ក្រោយពេលស្ទូង ៦០ថ្ងៃ។
បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់បំផុតចំពោះស្ថានភាពទឹកក្នុងស្រែពីព្រោះវាមានឥទ្ធិពលខ្លាំងណាស់ទៅលើប្រសិទ្ធភាពប្រើប្រាស់ជីអាសូតរបស់ដំណាំស្រូវ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤