ព័ត៌មានជាតិ
កម្ពុជាបើកពិព័រណ៍សិល្បៈនៃមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប២០២១រយៈពេល៤០ថ្ងៃ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបើកពិព័រណ៍សិល្បៈនៃមហោស្រពវប្បធម៌អាស៊ីនិងអឺរ៉ុប២០២១ នៅសារមន្ទីរជាតិ ដើម្បីចូលរួមអបអរកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២៥និង២៦វិច្ឆិកាខាងមុខ។
ពិព័រណ៍សិល្បៈនៃមហោស្រពវប្បធម៌អាស៊ីនិងអឺរ៉ុប២០២១នេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២១ ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលពិព័រណ៍នេះដាក់តាំងបង្ហាញជូនទស្សនាចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ស្នាដៃសិល្បៈដែលតាំងនៅក្នុងពិព័រណ៍នេះរួមមាន ស្នាដៃចម្លាក់ រូបថត រូបគំនូរ គ្រឿងអលង្ការ វីដេអូខ្លីៗ ដែលឆ្លុះបញ្ចាំងពីបទពិសោធន៍ នៃការធ្វើដំណើរឆ្លងទ្វីប ស្ថានភាពរស់នៅប្រចាំថ្ងៃ និងឥទ្ធិពលគំនិត របស់សិល្បករមកពីទ្វីបទាំងពីរ ជាពិសេសសាមគ្គីភាព និងចំណងមិត្តភាពលើវិស័យវប្បធម៌ នៃបណ្ដាប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប។
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការរៀបចំពិព័រណ៍ផ្ទាល់នេះ មានការចូលរួមពីសិល្បករចំនួន៣៧រូបមកពីទ្វីបអាស៊ី និងអឺរ៉ុប ដែលបាននាំយកស្នាដៃមកបង្ហាញតាមរយៈប្រធានបទធំៗចំនួន៦ ដែលស្នាដៃសិល្បៈទាំងអស់នេះ ជាស្នាដៃចម្លាក់ រូបថត រូបគំនូរ គ្រឿងអលង្ការ វីដេអូដែលឆ្លុះបង្ហាញបទពិសោធន៍នៃការធ្វើដំណើរឆ្លងទ្វីប ស្ថានភាពរស់នៅប្រចាំ និងការចូលឥទ្ធិពលគំនិតរវាងសិល្បករនៃទ្វីបទាំងពីរ។ល។

លោក ឆាយ វិសុទ្ធ បន្តថា ការជ្រើសរើសទីតាំងសារមន្ទីរជាតិនេះពិតជាស័ក្ដិសមណាស់ សម្រាប់ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ ព្រោះវាជាទីតាំងអនុស្សាវរីយ៍មួយសតវត្សរ៍នៃកេរ្តិ៍ដំណែលជាតិ ដ៏មហាសាលមួយ ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងមក។
លោកបានបន្តទៀតថា បើទោះជាស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ពុំទាន់បានគ្រប់គ្រងទាំងស្រុង ប៉ុន្តែឥទ្ធិពលនៃជំងឺនេះពុំបានធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការរៀបចំព្រឹត្តិការណ៍នានានៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ ឡើយ។
ជាក់ស្តែងការរៀបចំពិព័រណ៍បង្ហាញស្នាដៃសិល្បៈអបអរកិច្ចប្រជុំនេះបានធ្វើឡើងក្នុងបរិបទពីរ គឺតាមរយៈអនឡាញ និងការតាំងផ្ទាល់នៅក្នុងសារមន្ទីរជាតិកម្ពុជា។

លោក ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា នៅរាជធានីភ្នំពេញមានកម្មវិធីវប្បធម៌ចំនួនពីរដែលរៀបចំដោយផ្ទាល់គឺ ការតាំងពិព័រណ៍វប្បធម៌នៅសារមន្ទីរជាតិ ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងការបញ្ចាំងខ្សែភាពយន្តនៅរោងភាពយន្ត Major Cineplex សាខា AEON1 ចំនួន៣ថ្ងៃគឺ ថ្ងៃទី២២, ២៤ និង២៦ ខែវិច្ឆិកានេះ។
លោកបានបន្តថា លើសពីនេះទៀតមានព្រឹត្តិការណ៍វប្បធម៌ជាង៣០ចូលរួមដោយសិល្បករអាស៊ី និងអឺរ៉ុបជាង១០០នាក់ នឹងត្រូវបង្ហាញជូនជាមួយនឹងភាពចម្រុះនៃវប្បធម៌ដ៏សម្បូរបែប និងកិច្ចសហការប្រកបដោយភាពច្នៃប្រឌិតរវាងអាស៊ី និងអឺរ៉ុប តាមរយៈល្ខោន របាំ តន្ត្រី សិល្បៈទស្សនីយភាព សិល្បៈសូនរូប និងបទបង្ហាញជាច្រើនទៀត៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ