ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់អំពីលទ្ធផលនៃវេទិកាតុមូល និពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុប លើកទី១០
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា នៅក្នុងវេទិកាតុមូល និពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុប លើកទី១០ ដែលធ្វើឡើងរយៈពេល ២ថ្ងៃកន្លងទៅនេះ អ្នកចូលរួមបានបង្ហាញការយល់ឃើញស្របគ្នាថា អ្នកសារព័ត៌មាន និងរដ្ឋាភិបាលនៃប្រទេសនីមួយៗ ត្រូវបន្តពង្រឹងការប្រាស្រ័យទំនាក់ទំនង និងការពិគ្រោះយោបល់ជាមួយគ្នា ដើម្បីធ្វើយ៉ាងណាឲ្យអ្នកសារព័ត៌មាន អាចទទួលបាននូវព័ត៌មានជាក់លាក់ ក្នុងការផ្សព្វផ្សាយទៅដល់សាធារណជន។
សូមជម្រាបថា ក្រសួងព័ត៌មានកម្ពុជា សហការជាមួយសហការជាមួយមូលនិធិអាស៊ី-អឺរ៉ុប បានរៀបចំវេទិកាតុមូលនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុប លើកទី១០ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយកម្មវិធីបានប្រព្រឹត្តដោយជោគជ័យ។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១នេះថា ក្នុងវេទិកាតុមូលនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី ១០ រយៈពេល ២ថ្ងៃមកនេះ បានពិភាក្សាគ្នាលើប្រធានបទសំខាន់ៗ មួយចំនួន ក្នុងក៏មានការជជែកគ្នាអំពីពង្រឹងកិច្ចសហប្រតិបត្តិការ របស់អ្នកសារព័ត៌មាននៃទ្វីបទាំងពីរ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ពាក់ព័ន្ធនឹងការជជែកជុំវិញប្រធានបទនេះ គឺក្រុមនិពន្ធនាយកសារព័ត៌មាន ដែលមកពីទ្វីបអាស៊ី-អឺរ៉ុប បានយល់ស្របគ្នាថា បញ្ហាព័ត៌មានក្លែងក្លាយជាគឺបញ្ហា ដែលកើតឡើងនៅគ្រប់ទ្វីបទាំងអស់ ទាំងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ក៏ដូចជាបណ្ដាប្រទេសនានា នៅលើពិភពលោកផងដែរ។ បញ្ហាព័ត៌មានក្លែងក្លាយនេះ ក៏កំពុងក្លាយជាបញ្ហាប្រឈម ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម និងប្រជាពលរដ្ឋ ដែលរស់នៅតាមប្រទេសនីមួយៗ តាមស្ថានភាពជាក់ស្ដែង។

លើសពីនេះទៀត ក្រុមនិពន្ធនាយកសារព័ត៌មាន ដែលមកពីទ្វីបអាស៊ី-អឺរ៉ុប ក៏បានលើកឡើងដែរថា បញ្ហាព័ត៌មានក្លែងក្លាយនេះ បានកើតមានទៅលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ធុរកិច្ច និងជីវិតឯកជនរបស់បុគ្គលម្នាក់ៗ ផងដែរ។ វេទិកានេះ ក៏បានពិភាក្សា និងចែករំលែកនូវដែលជាបទពិសោធន៍ មេរៀន និងការអនុវត្តជាក់ស្ដែង នៅតាមបណ្ដាប្រទេសរបស់ពួកគេរៀងៗ អំពីការចូលរួមចំណែកនៅក្នុងការដោះស្រាយ ឬក៏ការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយ។
លោក មាស សុភ័ណ្ឌ បានឲ្យដឹងបន្តថា ក្នុងវេទិកាតុមូលនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី ១០នេះ ក៏បានគូសបញ្ជាក់អំពីតួនាទីរបស់អ្នកសារព័ត៌មានវិជ្ជាជីវៈ ដែលបំពេញនូវតួនាទីឲ្យកាន់តែសកម្មបន្ថែមទៀត នៅក្នុងការផ្សពផ្សាយទៅឲ្យប្រជាពលរដ្ឋ ដែលជាព័ត៌មានពិត ជាព័ត៌មានដែលគួរឲ្យទុកចិត្ត ហើយក៏មានការលើកទឹកចិត្ត ឲ្យមានការអប់រំទៅដល់អ្នកសារព័ត៌មានប្រជាពលរដ្ឋ ឲ្យបានយល់អំពីការប្រើប្រាស់នូវប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាការស្វែងយល់អំពីអ្វីទៅ ដែលជាព័ត៌មានក្លែងក្លាយផងដែរ។

នៅថ្ងៃទី ២៤ ខែវិច្ឆិកា ដែលជាថ្ងៃចុងក្រោយនៃវេទិកានេះ ក៏បានរៀបចំនូវកិច្ចពិភាក្សាជាសាធារណៈ រវាងអ្នកសារព័ត៌មានរបស់កម្ពុជា ជាមួយនឹងនិពន្ធនាយក ដែលមកពីទ្វីបអាស៊ី និងអឺរ៉ុបផងដែរ។ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា កិច្ចពិភាក្សាជាសាធារណៈនេះ បានផ្ដោតសំខាន់ទៅលើប្រធានបទ តួនាទីរបស់សារព័ត៌មានក្នុងយុគសម័យនៃព័ត៌មានក្លែងក្លាយ ក៏ដូចជាអ្នកសារព័ត៌មានប្រជាពលរដ្ឋ។
នៅក្នុងកិច្ចពិភាក្សានេះ ក៏មានការលើកឡើង អំពីការអនុវត្តនូវតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន នៅតាមប្រទេសនីមួយៗ ទៅតាមបរិបទជាក់ស្ដែង ដោយបានចែករំលែកនូវព័ត៌មាន ក៏ដូចជាបទពិសោធន៍សម្រាប់និពន្ធនាយកអាស៊ី-អឺរ៉ុប ជាមួយនឹងអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីអ្វីទៅដែលជាដំណោះស្រាយរួម និងដំណោះស្រាយដែលល្អប្រសើរ សម្រាប់ចូលរួមចំណែកនៅក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា ក្នុងវេទិការយៈពេល ២ថ្ងៃនេះ ក៏មានការជជែកពិភាក្សាអំពីប្រធានបទ ថាតើអ្នកសារព័ត៌មាន និងរដ្ឋាភិបាលនៃបណ្ដាប្រទេសទាំងអស់ ត្រូវធ្វើដូចម្ដេចដើម្បីចូលរួមចំណែកនៅក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ តាមរយៈកិច្ចពិភាក្សានេះ គឺបានជជែកគ្នាអំពីតួនាទីរបស់អ្នកសារព័ត៌មាន នៅតាមបណ្ដាប្រទេសនីមួយៗ ថាតើត្រូវធ្វើបែបណា នៅក្នុងការសហការគ្នា ជាមួយអ្នកសារព័ត៌មាននៅកម្ពុជា។
លោក មាស សុភ័ណ្ឌ បានឲ្យដឹងទៀតថា «តាមរយៈកិច្ចពិភាក្សានេះ ក៏មានការយល់ឃើញស្របគ្នាដែរថា អ្នកសារព័ត៌មាន និងរាជរដ្ឋាភិបាល ត្រូវតែបន្តនៅក្នុងការពង្រឹង នូវការប្រាស្រ័យទំនាក់ទំនង ការពិគ្រោះយោបល់ ឬក៏ការសន្ទនាគ្នា ឬក៏ការផ្លាស់ប្ដូរនូវព័ត៌មាន រវាងអ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មានរបស់ស្ថាប័នរដ្ឋាភិបាលហ្នឹង ដើម្បីធ្វើយ៉ាងណា ឲ្យអ្នកសារព័ត៌មានអាចទទួលបាន នូវព័ត៌មានជាក់លាក់ ក្នុងការផ្សព្វផ្សាយទៅដល់សាធារណជនផងដែរ»។ លោកថា ទន្ទឹមនឹងនោះអ្នកសារព័ត៌មាន ក៏ត្រូវពង្រឹងអំពីតួនាទីភារកិច្ចរបស់ខ្លួនស្របទៅតាមវិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយរបស់ខ្លួន ទទួលបានការជឿជាក់ប្រជាពលរដ្ឋ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់បន្ថែមទៀតថា នៅក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩នេះ វេទិកាមូលនិពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុប លើកទី១០ ក៏បានពិភាក្សាគ្នាផងដែរថា អ្នកសារព័ត៌មាន ត្រូវតែបន្តដើរតួនាទី ឲ្យកាន់តែសកម្មថែមទៀត នៅក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងព័ត៌មានដែលមានការបញ្ជាក់ពីប្រភពច្បាស់លាស់ សម្រាប់ការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ ដូចជា៖ វ៉ាក់សាំង, និងការព្យាបាលជាដើម។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់ជាចុងក្រោយថា អ្នកចូលរួមក្នុងវេទិកាខាងលើនេះ ក៏បានយល់ស្របគ្នាថា នៅក្នុងការរីករាលដាលនៃជំងឺកូវីដ-១៩នេះ រដ្ឋាភិបាលនៃបណ្ដាប្រទេសទាំងអស់ ត្រូវសហការជាមួយអ្នកសារព័ត៌មាន ដោយពេលខ្លះស្ថាប័នរបស់រដ្ឋាភិបាល ត្រូវការអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអ្វីដែលជាវិធានការ ឬជាសមិទ្ធផលរបស់ខ្លួន ទៅកាន់សាធារណជន ហើយអ្នកសារព័ត៌មាន ក៏ត្រូវការនូវព័ត៌មាន ដែលមានភាពជាក់លាក់ និងមានភាពត្រឹមត្រូវពីស្ថាប័នរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយជូនទៅដល់សាធារជនផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ