ព័ត៌មានជាតិ
កម្ពុជាអាចនឹងផ្គត់ផ្គង់ជ្រូកគ្រប់តម្រូវការក្នុងស្រុកនិងអាចនាំចេញនៅឆ្នាំ ២០២២
កសិករជាអ្នកចិញ្ចឹមជ្រូកនៅកម្ពុជា ភាគច្រើននៅមិនទាន់ចិញ្ចឹមបានត្រឹមត្រូវតាមបច្ចេកទេសនៅឡើយទេ ដោយពួកគាត់ចិញ្ចឹមតាមអ្វីដែលខ្លួនគិត មិនបានវិភាគទីផ្សារ ដូច្នេះហើយទើបពេលខ្លះគ្រប់តម្រូវការ ខ្លះទៀតលើសតម្រូវការបណ្តាលឲ្យកកស្ទះ ឬផ្គត់ផ្គង់តម្រូវការក្នុងស្រុកមិនគ្រប់ជាដើម។ នេះជាការលើកឡើងរបស់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។

លោក ស៊្រុន ពៅ បានលើកឡើងទៀតថា កសិករគួរតែចូលជាសមាជិកសមាគម ព្រោះទទួលបានអត្ថប្រយោជន៍ច្រើន ដូចជាសមាគមជួយសម្របសម្រួលដល់ការចិញ្ចឹមបង្ហាត់បង្ហាញពួកគាត់ ឲ្យស្គាល់ជ្រូកពូជ ជួយរកទីផ្សារជូនកសិករ។ លោកបន្តថា ការចូលជាសមាជិក មានការបញ្ជាក់តម្លៃច្បាស់លាស់ ងាយស្រួលសម្រាប់កសិករ មិនចាញ់បោកឈ្មួញក្រឡុកទីផ្សារ។ លោក ស៊ុន ពៅ បន្ថែមថា ការចូលជាសមាជិកសមាគមអ្នកចិញ្ចឹមសត្វ មិនចំណាយថវិកានោះទេ។

បើតាមលោក ស្រ៊ុន ពៅ កាលពីឆ្នាំ ២០១៩ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានសមាជិកជាង ១ម៉ឺននាក់។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើកសិករខ្មែរ មានចំណេះដឹងក្នុងការចិញ្ចឹមជ្រូកតាមបច្ចេកទេសត្រឹមនោះ កម្ពុជា អាចនឹងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់មិនចាំបាច់នាំចូលពីខាងក្រៅ និងឈានដល់ការនំាចេញថែមទៀតផង។ ដោយលោកអះអាងថា នៅឆ្នាំ ២០២២ខាងមុខ បើកសិករ រៀបចំការចិញ្ចឹមបានល្អ កម្ពុជា នឹងអាចនាំចេញជ្រូកទៅក្រៅប្រទេសបាន។ ផ្ទុយទៅវិញ បើកសិករនៅតែបន្តចិញ្ចឹមជ្រូកតាមបែបធម្មតាគ្មានបច្ចេកទេនោះ កម្ពុជា នឹងនៅតែបន្តនាំចូលជ្រូកពីខាងក្រៅចន្លោះពីមួយថ្ងៃ ៨,០០០ក្បាលទៅ ១០,០០០ក្បាលរៀងរាល់ថ្ងៃ។
«បច្ចុប្បន្នេះ នៅតាមកសិដ្ឋានក្នុងស្រុកមានមេពូជចន្លោះពី ៤០,០០០ក្បាលទៅ ៥០,០០០ក្បាល បើស្ថានភាពល្អប្រសើរ មេទាំងនេះនឹងធ្លាក់កូនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់ចាប់ពីឆ្នាំ ២០២២ទៅ»។

លើសពីនេះទៀត លោកជំរុញឲ្យប្រជាកសិករចេះជ្រើសរើសជ្រូកពូជមកចិញ្ចឹមឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានផលចំណេញខ្ពស់ និងមិនខាតពេលវេលា។ លោកថា កសិករខ្លះ យកជ្រូកសាច់មកធ្វើជាមេពូជ ដែលមេទាំងនេះ បង្កើតកូនបានប្រហែល ៧ទៅ១០ក្បាលប៉ុណ្ណោះ ខុសពីមេពូជល្អ អាចបង្កើតកូនបានចន្លោះពី ១០ ទៅ១៥ក្បាល។ ប៉ុន្តែកសិករគ្មានលទ្ធភាពក្នុងការទិញមេពូជមកចិញ្ចឹម ព្រោះមេពូជត្រូវស្តង់ដារក្នុងមួយក្បាលតម្លៃ ៣០០ដុល្លារទៅ ៤០០ដុល្លារឯណោះ។ មេពូជ សព្វថ្ងៃគិតក្នុងស្រុកប្រហែល ១០ម៉ឺនក្បាល នាំចូលពីប្រទេសថៃ វៀតណាម ម៉ាឡេស៊ី អាហ្វ្រិច អាមេរិកជាដើម។
បច្ចុប្បន្នសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កំពុងពង្រឹងកសិដ្ឋានធំៗ ដើម្បីធ្វើឲ្យត្រូវតាមស្តង់ដារ ទើបអាចផលិតជ្រូកផ្គត់ផ្គង់ទីផ្សារគ្រប់ និងអាចនាំចេញបាននៅថ្ងៃខាងមុខ។
សព្វថ្ងៃកម្ពុជា មានកសិដ្ឋានចិញ្ចឹមជ្រូកធំៗចំនួន ៥០០កសិដ្ឋាន ដែលតួលេខនេះ គិតតែកសិដ្ឋានដែលមានជ្រូកធំៗចាប់ពី៥០០ក្បាលឡើង។ នេះបើតាមការបញ្ជាក់របស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៕
អត្ថបទ៖ ទួន សុផល

-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ