វប្បធម៌ ជំនឿ
កម្រងជីវិត៖ បុរស សម្ដែងតួឯកស្រី នាងសិតា ល្ខោនខោល មានសមត្ថភាពមិនធម្មតា
ព្រះរាជាណាចក្រអច្ឆរិយៈ ជាឃ្លាមួយសម្គាល់ថាជា ប្រទេសកម្ពុជា ជាទឹកដីចំណាស់មួយនៅភូមិភាគអាស៊ីអាគ្នេយ៍ ពោរពេញដោយសម្បត្តិធម្មជាតិ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែប។ ជាក់ស្ដែង សម្បត្តិមរតកវប្បធម៌អរូបីកម្ពុជា ជាង១០ ត្រូវបានទទួលស្គាល់ជាសាកល និងត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការ អង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃ អង្គការសហប្រជាជាតិ ហៅកាត់ យូណេស្កូ (UNESCO: United Nations Educational Scientific and Cultural Organization) ជាបន្តបន្ទាប់។ ក្នុងនោះសិល្បៈ ល្ខោនខោល ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_3880-1024x619.jpg)
ល្ខោនខោល ជាល្ខោនមួយបែបដែលពាក់មុខខ្មុកសម្តែង ហើយជាទូទៅតួអង្គសុទ្ធតែមនុស្សប្រុស និងសម្តែងបានតែក្នុង ឈុតឆាករឿង រាមកេរ្តិ៍ តែប៉ុណ្ណោះ។ តទៅនេះ “កម្ពុជាថ្មី” នឹងនាំលោកអ្នកមកជ្រាបអំពីជីវប្រវត្តិនៃសិល្បករតួឯក ល្ខោនខោលម្នាក់ ដែលជាបុរសសម្ដែងជាតួអង្គស្រី គឺ នាងសិតា មហេសីរបស់ព្រះរាម ស្រ្តីដើមហេតុនៃជម្លោះរដណ្ដើមគ្នា នាំឱ្យមានសឹកសង្គ្រាមរវាង មនុស្ស ស្វា និងយក្ស ផ្អើលអស់ឋានទាំង៣ ក្នុងអក្សរសិល្បិ៍ទេវកថា រឿង រាមកេរ្តិ៍ ដែលកម្ពុជាទទួលឥទ្ធិពលពីប្រទេសឥណ្ឌា។
និយាយដោយសម្ដីជឿជាក់ រួសរាយ និងគួរសម លោក ចាប ស៊ីដាណាល់ បានឱ្យដឹងថា លោកបានចូលហាត់រៀន និងសម្ដែង ល្ខោនខោល ជាង ៥ ឆ្នាំមកហើយ ដោយដើមឡើយ លោកគឺជាសិស្សនៃសមាគមបណ្ដុះបណ្ដាលសិល្បៈរបស់លោក អៀង ស៊ីធុល។ ទាក់ទងនឹងការសម្ដែង ខោល លោក ស៊ីដាណាល់ អាចសម្ដែងទាំងតួនាយរោង (តួមនុស្សប្រុស) តួនាង (តួមនុស្សស្រី) និងតួស្វា (ហនុមាន និងស្វាពល)។ ចំណែករបាំប្រពៃណីវិញ លោកអាចរាំរបាំ គោះត្រឡោក គោះអង្រែ នេសាទ ត្បាល់ក្ដឿង ក្ងោកប៉ៃលិន ក្ងោកពោធិ៍សាត់ វាយក្រាប ច្រូតស្រូវ និងរបាំជាច្រើនទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_1819.jpg)
សិល្បករដែលដើរលើវិថីសិល្បៈប្រពៃណីជាង ១០ ឆ្នាំមកនេះ បានឱ្យដឹងថា លោកមានឪពុកឈ្មោះ ចាប ស៊ីផាត អាយុ ៥៨ ឆ្នាំ ជាសិល្បករបុរាណសម្ដែងតួ ហនុមាន (ស្វាស) ម្ដាយឈ្មោះ អ៊ុច វុធ្ធដាវី អាយុ ៥៧ ឆ្នាំ ជាស្ត្រីមេផ្ទះ និងមានបងប្អូន ៣នាក់ ក្នុងនោះបងប្រុសជា សិល្បករតួអង្គស្វាស និងបងស្រីជាសិល្បការិនី ក្នុងរបាំព្រះរាជទ្រព្យ។
សិល្បៈករមានកំណើតនៅរាជធានីភ្នំពេញរូបនេះ បានរំលឹកថា គ្រួសាររបស់លោក មិនបានបណ្ដុះលោកឱ្យចូលរៀននៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈដូចបងៗនោះទេ ដោយឱ្យលោកចូលរៀននៅសាលាចំណេះទូទៅធម្មតា គឺទាល់តែលោកអាយុខ្ទង់ ១៦ ១៧ឆ្នាំហើយ ទើបបានចូលរៀនសិល្បៈនៅសមាគមសិល្បៈខាងលើ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_3862.jpg)
លោក ចាប ស៊ីដាណាស់ និយាយដោយសើចតិចៗថា៖ “ខ្ញុំចូលសិល្បៈប្រពៃណីនេះ គឺដោយចៃដន្យ គឺនៅពេលឃើញក្រុមមិត្តភក្ដិមកហាត់រៀនសិល្បៈ ហើយខ្ញុំក៏ចូលរៀនតាមគេ។ ប៉ុន្តែការរៀនពី១ថ្ងៃទៅ១ថ្ងៃ រហូតដល់សប្ដាហ៍ និងខែ ទើបខ្ញុំកើតជាចិត្តចិត្តស្រឡាញ់សិល្បៈប្រពៃណីនេះតែម្ដង”។
លោក ដាណាល់ បានឱ្យដឹងទៀតថា កាលដើមឡើយ លោករៀនសិល្បៈចម្រុះ មានទាំងចម្រៀង របាំប្រពៃណី និងបច្ចេកទេសរាំជាស្វាស ស្វាពល ជាដើម។
លោកបានបញ្ជាក់ថា៖ “ការរៀនមានការលំបាកដែរ ដោយសារយើងត្រូវហាត់ពត់លត់ដុំកាយសម្បទាពីធម្មតា មកទន់ មានពត់ដៃពត់ជើង គឺលំបាក ដោយសារឆ្អឹង និងដងខ្លួនយើងរឹងធំហើយ។ ឧបសគ្គធំ គឺត្រូវចំណាយពេលយូរ ដើម្បីចាប់យកជំនាញសិល្បៈរបាំនេះ”។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_3861.jpg)
កូនទី៣នៃគ្រួសាររូបនេះ បានឱ្យដឹងថា ទើបប្រមាណជាង ៥ឆ្នាំនេះ លោកបានចាប់យកសម្ដែង តួនាងសិតា បន្ថែមទៀត។ ការសម្ដែងតួនេះ ក៏ដោយសារការផ្ដល់ឱកាសពីលោកគ្រូ អ្នកគ្រូ ឱ្យហាត់រៀនចាប់តួនេះ។
លោក ចាប ស៊ីដាណាល់ ពោលបន្តថា៖ “ការសម្ដែងជាតួនាងសិតានេះ មានផលលំបាក គឺត្រូវរាំឱ្យត្រូវតួអង្គនាងសិតា ដែលជាតួអង្គមនុស្សស្រី ដែលយើងត្រូវរៀនឱ្យស្គាល់ពីចរិតតួអង្គនេះ។ ហើយពេលរាំជាមួយព្រះរាម គឺត្រូវប្រើអារម្មណ៍មនោសញ្ចេតនា ស្រឡាញ់ អាណិត ភាពកក់ក្ដៅ ស្មោះត្រង់”។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_1821.jpg)
សិល្បករវ័យ ២៨ ឆ្នាំរូបនេះ បានឱ្យដឹងថា បើទោះជាបច្ចុប្បន្ន មហាជនហាក់មានការពេញនិយមសិល្បៈសម័យ ចំណែកសិល្បករផ្នែកបុរាណមិនងាយរកចំណូលបានច្រើនក្ដី ប៉ុន្តែលោកនៅតែពេញចិត្តបន្តដំណើរលើវិថីសិល្បៈបុរាណ ទន្ទឹមពេលលោកគឺជាផ្នែកមួយក្នុងការចូលរួមថែរក្សា និងផ្សព្វផ្សាយសិល្បៈដូនតា និងបានបង្ហាញឱ្យពិភពលោកបានស្គាល់ពីសិល្បៈអត្តសញ្ញាណជាតិខ្មែរ។
លោក ដាណាល់ បានបញ្ជាក់ថា៖ “រយៈពេលកន្លងមកនេះ ខ្ញុំធ្លាប់បានសម្ដែងសិល្បៈប្រពៃណី និងល្ខោនខោលនេះ ច្រើនដងរាប់ភ្លេច មិនថាការសម្ដែងកម្មវិធីថ្នាក់ជាតិធំៗ និងព្រមទាំងការសម្ដែងនៅក្រៅប្រទេសដូចជា អង់គ្លេស អាមេរិក ជប៉ុន តៃវ៉ាន់ ថៃ ម៉ាឡេស៊ី វៀតណាម ចិន សឹង្ហបុរី ជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_7885-768x1024.jpg)
សិល្បករទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ រូបនេះ លើកឡើងថា ថ្វីដ្បិតតែបច្ចុប្បន្ន មានបងប្អូនមហាជនទទួលស្គាល់លោកច្រើន ប៉ុន្តែលោកមិនទាន់ពេញចិត្តសមត្ថភាពខ្លួន ១០០% ទេ ព្រោះលោកគិតថា លោកនៅមានចន្លោះ និងខ្វះខាត ដែលត្រូវខំសិក្សាបច្ចេកទេសបន្ថែមទៀត ដើម្បីការទទួលស្គាល់កាន់តែទូលំទូលាយបន្ត។
លោក ចាប ស៊ីដាណាល់ សូមថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ដែលស្រឡាញ់ និងគាំទ្រសិល្បៈបុរាណ និងប្រពៃណីខ្មែរ។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា សម្បត្តិវប្បធម៌ មិនមែនមានតែក្រុមសិល្បៈជាថែរក្សនោះទេ គឺប្រជាពលរដ្ឋកម្ពុជារួមគ្នាថែទាំងអស់គ្នា ទើបសិល្បៈជាតិរីកចម្រើន ដ្បិតសិល្បៈ ប្រសិនបើមានតែអ្នកសិល្បៈ ប៉ុន្តែមិនមានអ្នកគាំទ្រ គឺមិនដើរទៅមុខទេ។ លោកមានបំណងចង់ឱ្យប្រជាជនខ្មែរ រៀន និងស្វែងយល់ពីសិល្បៈខ្មែរ ដើម្បីដឹងថា អ្វីជាលក្ខណៈសិល្បៈរបស់ជាតិខ្លួន អ្វីជាលក្ខណៈរបស់បរទេស ឬប្រទេសជិតខាង។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_3074-768x1024.jpg)
គួរបញ្ជាក់ថា ល្ខោនខោល ជាការសម្ដែងធ្វើកាយវិការតាមសំឡេងអ្នកពោល ហើយកំដរដោយភ្លេងពិណពាទ្យ។ ផ្អែកទៅលើការសិក្សាតាមរយៈសិលាចារឹកបុរាណ អ្នកស្រាវជ្រាវយល់ថា ល្ខោនខោល មានដើមកំណើតពី ល្ខោនភាណី ជាប្រភេទល្ខោនដែលមានអ្នកពោលរៀបរាប់សាច់រឿង ហើយឃើញមានយ៉ាងហោចណាស់ក៏ចាប់ពី សម័យអង្គរ សតវត្សរ៍ទី ៩-១៤ មកដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_3079-768x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_9366-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_3870-768x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍