KPT+
ស្គាល់ឬនៅ ប្រទេសមានសុវត្ថិភាពជាងគេលើលោក ឆ្នាំ២០២១?
យោងតាមទិន្នន័យពី សន្ទស្សន៍សន្តិភាពសកលលោក (GPI) បានចាត់ថ្នាក់ប្រទេសដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោកចំនួន ១០ ក្នុងចំណោមប្រទេសទាំង ១៦៣ ដែលមាននៅក្នុងបញ្ជីររបស់ខ្លួន។ GPI តែងតែធ្វើរបាយការណ៍នេះ និងបានបោះពុម្ពផ្សាយជារៀងរាល់ឆ្នាំ ដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព ដែលជាអង្គភាពឯករាជ្យ មិនលម្អៀង និងមិនរកប្រាក់ចំណេញ ក្នុងន័យរក្សាសន្តិភាពជាវិជ្ជមាន ដើម្បីសម្រេចឱ្យបាននូវសុខុមាលភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។
ក្នុងនោះដែរ ប្រទេសដែលស្ថិតក្នុងបញ្ជីរសុវត្ថិភាពបំផុតរបស់ពិភពលោក ដែលស្រង់ពីបញ្ជីរ GPI គឺជាប្រទេសដែលរាប់បញ្ចូលនូវការគ្រប់គ្រងជម្លោះអន្តរជាតិ និងនៅក្នុងស្រុកបានល្អ មានសន្តិសុខសង្គម សុវត្ថិភាពយោធា ស្ថិរភាពនយោបាយ សក្តានុពលរបស់ភេរវករ និងករណីឃាតកម្មតិចតួច។
ប្រទេសទាំង ១០ នោះរួមមាន៖
១០. ប្រទេសស្វីស

ស្វីសធ្លាប់ជាប់ចំណាត់ថ្នាក់កំពូលទាំង៥ នៅក្នុងដែនសុវត្ថិភាព និងសន្តិសុខ កាលពីឆ្នាំ ២០១៩។ ប្រទេសនេះមានសន្តិភាពខ្ពស់ ជាពិសេសការគ្រប់គ្រងអាវុធជាតិផ្ទុះ។ ស្វ៊ីសជាប់ចំណាត់ថ្នាក់ទី ៤ លើពិភពលោកសម្រាប់សន្តិសុខស្បៀង និងស្ថិតក្នុងចំណោមប្រទេសដែលមានសន្តិភាពបំផុតទាំង ១០ ដែលអាចគ្រប់គ្រងជម្លោះក្នុងស្រុក និងអន្តរជាតិបានល្អ។
៩. ជប៉ុន

ប្រទេសដែលមានសុវត្ថិភាពបំផុតទី៩ នៅលើពិភពលោក គឺប្រទេសជប៉ុន។ ប្រទេសជប៉ុនបានស្ថិតនៅក្នុងប្រទេសកំពូលទាំង ១០ នៅក្នុងសន្ទស្សន៍សន្តិភាពសកលអស់រយៈពេល ១៣ឆ្នាំមកហើយ ដោយទទួលបានពិន្ទុខ្ពស់សម្រាប់អត្រាឧក្រិដ្ឋកម្មទាប ជម្លោះផ្ទៃក្នុង និងភេរវកម្មនយោបាយ។ ប្រទេសនេះត្រូវបានគេស្គាល់ថាមានអន្តោប្រវេសន៍ក្នុងកម្រិតទាប ចំណែកការប្រើអាវុធក៏មានកម្រិតតិចតួចផងដែរ។ ពលរដ្ឋជប៉ុនពុំមានសិទ្ធិកាន់អាវុធនោះទេ។ យោងតាមសន្ទស្សន៍ទីក្រុងសុវត្ថិភាពពី Economist Intelligence Unit ទីក្រុងតូក្យូត្រូវបានចាត់ទុកថាជាទីក្រុងដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក ដោយជាប់ចំណាត់ថ្នាក់ទី ១ ខាងសន្តិសុខតាមអ៊ីនធឺណិត ជាប់លេខ២ ផ្នែកសន្តិសុខសុខភាព និងជាប់លេខ៤ លើសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខផ្ទាល់ខ្លួន។
៨. សាធារណរដ្ឋឆេក
សាធារណរដ្ឋឆេកធ្លាប់ជាប់ចំណាត់ថ្នាក់ទី២ កាលពីឆ្នាំ ២០១៩ តែឆ្នាំ ២០២១នេះ ធ្លាក់មកលេខរៀងទី៨វិញ។ អត្រាឧក្រិដ្ឋកម្មបានថយចុះជាលំដាប់ក្នុងប៉ុន្មានឆ្នាំមកនេះ ជាពិសេសឧក្រិដ្ឋកម្មហិង្សា។ សាធារណរដ្ឋឆេកមានផលប៉ះពាល់ទាបណាស់បណ្ដាលពីអំពើភេរវកម្ម។ ការធ្លាក់ចំណាត់ថ្នាក់របស់ប្រទេសនេះគឺដោយសារតែមានការជាប់ពាក់ព័ន្ធខ្ពស់នៅក្នុងជម្លោះបរទេស ចំនួនអ្នកទោសបានកើនឡើង រីឯកម្លាំងសន្តិសុខ និងការវាយតម្លៃលើការងាររបស់ប៉ូលិសក៏ចុះទាប។
៧. សិង្ហបុរី

ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់ទី ៧ នៅលើតារាង GPI ។ នៅក្នុងរបាយការណ៍របស់ Gallup ដូចគ្នាពីឆ្នាំ ២០១៨ ប្រជាជនសិង្ហបុរីមានអារម្មណ៍សុវត្ថិភាពផ្ទាល់ខ្លួនខ្ពស់បំផុត និងមានបទពិសោធន៍វិជ្ជមានជាមួយការអនុវត្តច្បាប់ជាងប្រទេសដទៃទៀត។ ប្រទេសសិង្ហបុរីមានអត្រាឧក្រិដ្ឋកម្មទាបបំផុតមួយក្នុងពិភពលោក ព្រោះទោះជាជនបង្កប្រព្រឹត្តបទឧក្រិដ្ឋកម្មតូចតាចក្ដី តែការពិន័យនឹងទទួលធ្ងន់ធ្ងរ។ រដ្ឋាភិបាល និងប៉ូលិសគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវកាំភ្លើង និងអាវុធផ្សេងទៀត ដូច្នេះឧក្រិដ្ឋកម្មហិង្សា និងការប្រឈមមុខដាក់គ្នាគឺកម្រមានណាស់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ទីក្រុងរបស់សិង្ហបុរីមានសុវត្ថិភាពបំផុតទី ២ នៅលើពិភពលោក បើយោងតាមសន្ទស្សន៍ទីក្រុងសុវត្ថិភាពពីអង្គភាពស៊ើបការណ៍សេដ្ឋកិច្ច (EIU) ។ ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់ទី ១ លើសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខផ្ទាល់ខ្លួន សុវត្ថិភាព និងជាប់លំដាប់ទី២លើសន្តិសុខឌីជីថល និងទី៨ លើសន្តិសុខសុខភាព។
៦. កាណាដា

កាណាដាជាប្រទេសដែលមានសុវត្ថិភាពបំផុតទី៦ នៅក្នុងពិភពលោក យោងតាមសន្ទស្សន៍សន្តិភាពសកល ដោយរក្សាតំណែងរបស់ខ្លួនចាប់ពីឆ្នាំ ២០១៩មក ។ កាណាដាបានទទួលពិន្ទុល្អ ជាពិសេសសបញ្ហាជម្លោះផ្ទៃក្នុង កម្រិតនៃឧក្រិដ្ឋកម្ម និងស្ថិរភាពនយោបាយ សឹងគ្មានកើតឡើងទេ។ បន្ថែមពីលើឱកាសការងារល្អ លទ្ធភាពទទួលបានការថែទាំសុខភាពក៏ល្អ ខណៈរដ្ឋាភិបាលអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។ កាណាដាមានមនុស្សដែលរួសរាយរាក់ទាក់បំផុតនៅលើពិភពលោក។ ប្រទេសនេះមានអត្រាឧក្រិដ្ឋកម្មដែលមានប្រហែលមួយភាគបីនៃអ្នកជិតខាងរបស់ខ្លួនគឺសហរដ្ឋអាមេរិក។ នៅក្នុងការស្ទង់មតិរបស់ Gallup ឆ្នាំ ២០១៨ ប្រជាជនកាណាដា ៨៤% និយាយថា ពួកគេមានអារម្មណ៍មានសុវត្ថិភាពនៅក្នុងប្រទេសរបស់ពួកគេ។
៥. ដាណឺម៉ាក

ជាប់ចំណាត់ថ្នាក់ទី ៥ នៅលើសន្ទស្សន៍សន្តិភាពសកល ដាណឺម៉ាកគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាព និងរីករាយបំផុតនៅក្នុងពិភពលោក។ ដាណឺម៉ាកគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលមានប្រជាជនមានអារម្មណ៍សុវត្ថិភាពមិនថាពេលថ្ងៃ ឬពេលយប់ សូម្បីតែកុមារក៏ដោយ។ ប្រទេសនេះមានកម្រិតសមភាពខ្ពស់ និងស្មារតីទទួលខុសត្រូវរួមចំពោះសុខុមាលភាពសង្គម ដែលបានរួមចំណែកដល់សុវត្ថិភាព និងសុភមង្គលរបស់ដាណឺម៉ាក។ អំពើពុករលួយកម្រកើតមានណាស់នៅក្នុងអាជីវកម្ម ឬនយោបាយ ដោយសារភាពស្មោះត្រង់ និងទំនុកចិត្តគឺជាអាទិភាពចម្បងនៅក្នុងប្រទេសដាណឺម៉ាក។ ដាណឺម៉ាកក៏ជារដ្ឋសុខុមាលភាពផងដែរ មានន័យថា អ្នកគ្រប់គ្នាទទួលបានសេវាកម្ម និងអត្ថប្រយោជន៍ដែលជួយពួកគេឱ្យរស់នៅប្រកបដោយផាសុកភាព។ មនុស្សគ្រប់រូបនៅក្នុងប្រទេសដាណឺម៉ាកមានសិទ្ធិទទួលបានការថែទាំសុខភាពដោយមិនគិតថ្លៃបន្ថែមសម្រាប់ពួកគេ ការអប់រំដោយមិនគិតថ្លៃសិក្សា និងមនុស្សចាស់ត្រូវបានផ្តល់ជំនួយការថែទាំនៅផ្ទះ។
៤. អូទ្រីស

អូទ្រីសជាប្រទេសដែលមានសុវត្ថិភាពបំផុតទី៤ ក្នុងពិភពលោក។ ពិន្ទុឆ្នាំ ២០២០ និង ២០២១ របស់អូទ្រីសបានកើនឡើង ដោយបានរក្សាចំណាត់ថ្នាក់លេខ ៤ របស់ខ្លួនឱ្យនៅដដែល។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសអូទ្រីសមានការធ្លាក់ចុះពិន្ទុលើបាតុកម្មដោយហិង្សា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសគណបក្សប្រជាជនរបស់ Sebastian Kurz ក្នុងខែតុលា ឆ្នាំ ២០១៧។ ដោយសារតែអស្ថិរភាពនយោបាយរបស់ប្រទេសនេះ ភាពចលាចលក្នុងសង្គមបានកើនឡើង។ បើមិនដូច្នេះទេ អូទ្រីស គឺជាប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ទេសចរ ព្រោះថាឧក្រិដ្ឋកម្មកម្រិតធ្ងន់ និងអំពើភេរវកម្មធំៗ ពុំមានកើតឡើងនោះទេ។
៣. ព័រទុយហ្គាល់

ប្រទេសព័រទុយហ្គាល់ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណាត់ថ្នាក់ប្រទេសដែលមានសន្តិភាពបំផុត។ ក្នុងឆ្នាំ ២០១៤ ព័រទុយហ្គាល់បានជាប់ចំណាត់ថ្នាក់ទី ១៨ ទូទាំងពិភពលោក ហើយចាប់តាំងពីពេលនោះមក ប្រទេសនេះបានបោះជំហានយ៉ាងធំ រហូតជាប់ចំណាត់ថ្នាក់ទី៣។ មិនដូចអ៊ីស្លង់ និងនូវែលសេឡង់ទេ ព័រទុយហ្គាល់មានប៉ូលិសប្រដាប់អាវុធ។ ដោយសារវត្តមានរបស់ប៉ូលីស វាបានបណ្តាលឱ្យមានការថយចុះនូវអត្រាឧក្រិដ្ឋកម្មនៅក្នុងប្រទេស។ ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ ប្រទេសព័រទុយហ្គាល់បានធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញដោយបានកាត់បន្ថយអត្រាគ្មានការងារធ្វើរបស់ខ្លួនពីជាង ១៧% នៅសល់ត្រឹមតែ ៧% ប៉ុណ្ណោះ។ កាលពីឆ្នាំ ២០២០ ប្រទេសនេះក៏បានចាត់ថ្នាក់ជាប្រទេសល្អបំផុតសម្រាប់ការចូលនិវត្តន៍ផងដែរ។
២. នូវែលសេឡង់

នូវែលសេឡង់ជាប្រទេសដែលមានសុវត្ថិភាពបំផុតទីពីរនៅក្នុងពិភពលោក។ ដូចប្រទេសអ៊ីស្លង់ នូវែលសេឡង់មានអត្រាឧក្រិដ្ឋកម្មទាបណាស់ ជាពិសេសឧក្រិដ្ឋកម្មហិង្សា។ ទោះជាយ៉ាងនេះក្តី ចោរកម្ម គឺជារឿងដែលកើតមានជាញឹកញាប់ ជាពិសេសសម្រាប់អ្នកទេសចរ។ នូវែលសេឡង់មិនមានសត្វពាហនៈ ដូចប្រទេសជិតខាងរបស់ខ្លួននោះទេ ព្រោះវាស្ថិតក្រោមការមើលថែពីប្រទេសអូស្ត្រាលី។ ពិន្ទុរបស់ប្រទេសនូវែលសេឡង់បានធ្លាក់ចុះបន្តិចពីឆ្នាំមុន ដោយសារការវាយប្រហារភេរវកម្មលើវិហារអ៊ីស្លាមចំនួនពីរក្នុងទីក្រុង Christchurch កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៩ ដែលបានសម្លាប់មនុស្សចំនួន ៥១នាក់។ ប្រជាជននូវែលសេឡង់ ជាទូទៅមានចិត្តបើកចំហ និងមានច្បាប់ដើម្បីការពារការរំលោភលើសេរីភាពនៃការនិយាយ ឬការបញ្ចេញមតិរបស់នរណាម្នាក់។ ដូចប្រទេសអ៊ីស្លង់ ប៉ូលិសនៅនូវែលសេឡង់មិនកាន់អាវុធផ្ទាល់ខ្លួនទេ។
១. អ៊ីស្លង់

អ៊ីស្លង់គឺជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកអស់រយៈពេល ១៣ឆ្នាំជាប់ៗគ្នា។ អ៊ីស្លង់ មានចំនួនប្រជាជនប្រមាណតែ ៣៤ម៉ឺននាក់ប៉ុណ្ណោះ។ ប្រទេសនេះមាន ឧក្រិដ្ឋកម្មកម្រិតទាបបំផុត សឹងគ្មានមួយករណីឡើយ ក្នុងមួយឆ្នាំ។ ជាប្រទេសដែលជាប់ស្តង់ដារលើការរស់នៅខ្ពស់ ចំនួនប្រជាជនតិចតួច អាកប្បកិរិយាសង្គមល្អ ការប្រឆាំងនឹងឧក្រិដ្ឋកម្មខ្លាំង កងកម្លាំងប៉ូលិសទទួលការបណ្តុះបណ្តាលយ៉ាងល្អ ពលរដ្ឋមានការអប់រំខ្ពស់ ភាពតានតឹងរវាងសង្គម និងសេដ្ឋកិច្ចមានកម្រិតទាបបំផុត។ អ៊ីស្លង់មិនមានយោធាទេ ហើយប៉ូលិសក៏មិនកាន់អាវុធដែរ មានតែដំបងប៉ុណ្ណោះ។ អ៊ីស្លង់ក៏មានច្បាប់អនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ ការសុំកូនចិញ្ចឹមសម្រាប់គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា សេរីភាពខាងសាសនា និងផ្ដល់ប្រាក់ឈ្នួលស្មើគ្នារវាងបុរស និងស្ត្រី៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទាយលេង តើប្រទេសណាសម្បូរសប្បុរសជនចូលចិត្តបរិច្ចាគច្រើនជាងគេ?
ចុចអាន៖ រឿងធម្មតាៗសម្រាប់ស្ត្រីទូទៅ តែស្ត្រីអាហ្វហ្គានីស្ថានមិនអនុញ្ញាតឱ្យធ្វើដាច់ខាត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់