អាជីព
លោក ដួង តារា ចំណាយពេលជិត ១០ឆ្នាំ ក្នុងវិស័យចំណីអាហារ និងភោជនីយដ្ឋាន មុនពេលបង្កើតហាងកាហ្វេល្បីឈ្មោះមួយ
លោក ដួង តារា បានចំណាយពេលធ្វើការងារឲ្យគេ ក្នុងវិស័យចំណីអាហារ និងភោជនីយដ្ឋាន រយៈពេលជិត ១០ឆ្នាំ មុនពេលសម្រេចចិត្តបង្កើតហ្វេ្រនឆាយ ហាងកាហ្វេមួយឈ្មោះ MISTERBREW។ MISTERBREW បានបង្កើតឡើងនៅឆ្នាំ ២០១៦ ហើយមកដល់ពេលនេះ បានពង្រីកសាខាចំនួន ៤ទីតាំងហើយ នៅរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ។ ខាងក្រោមនេះ ជាប្រវត្តិរូបសង្ខេបខ្លះៗ របស់លោក ដួង តារា ស្ថាបនិក និងជាម្ចាស់ហាសកាហ្វេ MISTERBREW ដែលហាងកាហ្វេល្បីឈ្មោះមួយ។
លោក ដួង តារា មានស្រុកកំណើតនៅរាជធានីភ្នំពេញ ហើយឪពុក-ម្តាយរបស់លោកជាអ្នកប្រកបរបរលក់ត្រីនៅផ្សារ។ លោកមានបងប្អូន ៣នាក់ ហើយលោកជាកូនច្បងក្នុងគ្រួសារ។ កុមារា តារា បានចូលសិក្សាចាប់ពីថ្នាក់បឋមសិក្សា ដល់វិទ្យាល័យនៅរាជធានីភ្នំពេញ ហើយបានការបន្តការសិក្សាផ្នែក,ព័ត៌មានវិទ្យានៅសាកលវិទ្យាល័យ SETEC។ លើសពីនេះទៀត លោកក៏មានឱកាសបានបំពេញចំណេះដឹងបន្ថែមខ្លះៗ លើការគ្រប់គ្រងជំនួញ និងផ្នែកចំណីម្ហូបអាហារ នៅប្រទេសថៃ និងសិង្ហបុរី។

មុនពេលចាប់ផ្ដើមបើកហាងកាហ្វេ MISTERBREW យុវជន ដួង តារា បានចូលបម្រើការងារក្នុងវិស័យចំណីអាហារ និងភោជនីយដ្ឋានតាំងពីឆ្នាំ ២០០៧ រហូតដល់ឆ្នាំ ២០១៦។ ក្នុងរយៈពេលជិត ១០ឆ្នាំនេះ លោកបានឆ្លងកាត់បទពិសោធន៍ការងារជាច្រើន តាំងពីការងារជាបុគ្គលិកធម្មតា រហូតក្លាយជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការជាន់ខ្ពស់ ក្នុងក្រុមហ៊ុនឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ។
ហាងកាហ្វេ MISTERBREW គឺជាយីហោដែលលោក ដួង តារា បានបង្កើតឡើងដោយខ្លួនឯងផ្ទាល់តែម្ដង២០១៦ បន្ទាប់ពីលោកឈប់ធ្វើការងារឲ្យគេ។ ការបើកសាខាដំបូង គឺជាការលក់កាហ្វេនៅលើឡានតែប៉ុណ្ណោះ តាមបណ្ដោយផ្លូវព្រះនរោត្តម ដោយពីដំបូងចំណាយដើមទុនប្រមាណ ៣ម៉ឺនដុល្លារអាមេរិក។ មែនទែនទៅ ហាងកាហ្វេតូច-ធំជាច្រើន ត្រូវបានបើកដំណើរការអាជីវកម្មរបស់ខ្លួន នៅទូទាំងរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា។ អ្នកខ្លះ បានបង្កើតហ្វេ្រនឆាយដោយខ្លួនឯង និងខ្លះទៀត បានទិញហ្វេ្រនឆាយពីក្រៅប្រទេស។
អ្នកសារព័ត៌មានកម្ពុជាថ្មី បានសួរទៅកាន់លោក ដួង តារា ថាតើមូលហេតុអ្វីបានជាលោក ចាប់យកមុខរបរនេះទៀត ខណៈមានហាងកាហ្វេច្រើនទៅហើយ នៅកម្ពុជានោះ? លោក តារា ឆ្លើយតបថា ផ្នែកម្ហូបចំណីអាហារភេសជ្ជៈ គឺពិតជាចាំបាច់ និងមានតម្រូវការខ្ពស់ក្នុងទីផ្សារ ទោះបីជាមានហាងផ្សេងៗជាច្រើនក្នុងទីផ្សារក៏ដោយ ជាពិសេសវិស័យកាហ្វេ។
លោក ដួង តារា បាននិយាយថា «ពីព្រោះមនុស្សសម័យថ្មី ពួកគេពិតជាត្រូវការហ្វេជាចាំបាច់ និងទម្លាប់តម្រូវការផឹកកាហ្វេ មុនបំពេញកិច្ចការងារទូទៅប្រចាំថ្ងៃ ឬក៏ពេលខ្លះហាងកាហ្វេ គឺទីកន្លែងសម្រាក និងជួបជុំទី២ បន្ទាប់ពីផ្ទះរបស់ពួកគាត់»។

ទោះជាបែបណាក៏ដោយ សហគ្រិនរូបនេះ បានបញ្ជាក់ថា ការចាប់ផ្តើមពីដំបូងៗ ជួបផលលំបាកមួយចំនួន ដូចជាការខ្វះខាតទៅលើការរកធនធានមនុស្សល្អៗ មកបម្រើការងារ ដោយសារតែអាជីវកម្មរបស់ពួកលោកនៅតាមដងផ្លូវ និងម្យ៉ាងទៀតលោក មិនមានបទពិសោធន៍គ្រប់គ្រាន់នោះទេ ក្នុងវិស័យកាហ្វេនៅពេលនោះ។ លើសពីនេះទៀត ដើមទុនរបស់លោក ក៏មានស្តួចស្តើង ក្នុងការពង្រីកខ្លួនផងដែរ។ ទោះបីជាមានឧបសគ្គខ្លះ យ៉ាងណាក៏ដោយ ក៏លោក ដួង តារា ពុំដែលគិតថា នឹងបោះបង់អាជីវកម្មមួយនោះទេ។
ដោយឡែកនៅក្នុងពេលកូវីដ-១៩ រាតត្បាតជិត ២ឆ្នាំមកនេះ អាជីវកម្មហាងកាហ្វេរបស់លោក ដួង តារា បានរងផលប៉ះពាល់គួរសមដែរ ដែលធ្វើឲ្យប្រឈមនឹងការខាតបង់ចំណូល និងអតិជនមួយចំនួន។ ជាដំណោះស្រាយនៅពេលនោះ លោកបានរកវិធីកាត់បន្ថយចំណាយជាច្រើន ដូចជាតាមរយៈការស្នើសុំទៅម្ចាស់ទីតាំង ដើម្បីបន្ធូរបន្ថយថ្នៃជួលទីតាំង, កាត់បន្ថយកម្លាំងពលកម្ម ដោយឲ្យបុគលិកបម្រើការងារម៉ោងតិចជាងមុន តែមិនមែនបញ្ឈប់បុគ្គលិកនោះទេ។ ម្យ៉ាងទៀត ក៏បានកាត់បន្ថយម៉ោងបើកហាងបម្រើអាជីវកម្ម ដើម្បីបន្ថយការប្រើប្រាស់អគ្គិសនី និងរកវិធីលក់តាមរយៈការដឹកជញ្ជូន និង វិចខ្ចប់។

មកដល់ពេលនេះ ហាងកាហ្វេ MISTERBREW បានពង្រីកខ្លួនបានចំនួន ៤ សាខាហើយ សម្រាប់បម្រើអតិថិជន ដែលមាននៅសាខាផ្លូវព្រះនរោត្តម, ទល់មុខម៉ាក្រូសែនសុខ, សាខាសន្ធរមុក, និងនៅខេត្តបន្ទាយមានជ័យ។ លោក ដួង តារា បានបង្ហាញក្ដីរំពឹងថា ប្រសិនបើវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាលនៅឆ្នាំ ២០២២ខាងមុខនេះ លោកនឹងមានឱកាសពង្រីកខ្លូនបន្ថែមទៀត ដើម្បីបម្រើសេវាផ្នែកអាហារ និងភេសជ្ជៈ ជូនអតិថិជន។
សហគ្រិនរូបនេះ បាននិយាយដោយមិនលាក់លៀមថា សម្រាប់លោកការផ្ទាល់ដើរ មកដល់ចំណុចនេះ ពិតជាមិនងាយស្រួលនោះទេ ជាពិសេសអំឡុងពេលជួបវិបិត្តនៃជំងឺ-១៩។ ប៉ុន្តែលោករីករាយនឹងការតស៊ូមួយនេះ ទោះបីជាមិនមានលទ្ធផលអ្វីធំដុំក៏ដោយ តែលោករីករាយនឹងភាពជោគជ័យមួយនេះដោយសារលោក នៅតែមានអតិថិជនគាំទ្រជាបន្តបន្ទាប់ មិនថាស្ថិតក្នុងស្ថានភាពលំបាកបែបណាក៏ដោយនោះ។
លោក ដួង តារា បានផ្ដល់គំនិតដល់យុវជនជំនាន់ក្រោយថា ការប្រកបមុខរបរអ្វីមួយ មិនងាយស្រួលនោះទេ ដោយត្រូវជួបឧបសគ្គច្រើនណាស់ ហើយពេលខ្លះសូម្បីវិបិត្តជំងឺកូវីដ-១៩ គឺគ្មាននណាដឹងទុកមុនឡើយ។ ដូច្នេះ សម្រាប់អ្នកចង់ប្រកបរបថ្មីថ្មោង ត្រូវស្វែងយល់ឲ្យបានលម្អិត និងរៀនសូត្រឲ្យបានច្បាស់ មុននឹងប្រកបអាជីវកម្មអ្វីមួយ ដូចជាស្វែងយល់អំពី ហានិភ័យផ្សេងៗ ដែលអាចកើតឡើង, ហិរញ្ញវត្ថុ, ការកាត់យកចំណែកទីផ្សារ, និងការគ្រប់ប្រត្តិបត្តិការជាដើម។

ពាក់ព័ន្ធ នឹងការបញ្ហាហ្វេ្រនឆាយវិញ លោក ដួង តារា បានលើកឡើងថា ការបង្កើតអាជីវកម្មហ្រ្វេនឆាយ ឬការផ្តល់សិទ្ធបន្តវាជារឿងល្អណាស់ ព្រោះវាអាចធ្វើឲ្យអាជីវកម្ម មានឱកាសក្តោបទីផ្សារបានលឿន។ ប៉ុន្តការវិវត្តន៍ទៅជាអាជីវកម្ម បែបហ្រ្វេនឆាយមិនមែនងាយស្រួល ដូចអ្វីដែលមនុស្សគ្រប់គ្នាគិតទេ គឺត្រូវឆ្លងកាត់រឿងជាច្រើន ដូចជាការសាងកេរ្តិ៍ឈ្មោះនៅលើទីផ្សារ, ត្រូវមានប្រព័ន្ធការងារច្បាស់លាស់ ដែលបានចែងជាគំរូ, មានចំណែកទីផ្សារស្រាប់ (អតិថិជន) និងធំទូលាយ, មានផែនការនិងចក្ខុវិស័យវែងឆ្ងាយ ជាងអាជីកម្មធម្មតា, មានលទ្ធភាពបង្កើតអ្វីដែលថ្មី, មានផ្នែកផ្លូវច្បាប់រឹងមាំ, និងមានការគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវ នឹងជាប្រព័ន្ធផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា