វប្បធម៌ ជំនឿ
រយៈពេល ៥ ឆ្នាំ សហគមន៍ ចាប៉ីអមតៈ បណ្ដុះបណ្ដាលអ្នកដេញចាប៉ី ២០០ នាក់
ឈានចូលដល់ឆ្នាំទី ៥ ដែល ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ឃើញថាប្រជាពលរដ្ឋខ្មែរ និងយុវជនបានស្វះស្វែងរៀនសូត្រប្រើឧបករណ៍តន្ត្រីបុរាណ ចាប៉ី ពោល គឺ សហគមន៍ បានបណ្ដុះបណ្ដាលសិស្សបានចំនួន ២០០ នាក់។ នេះបើតាមការឱ្យដឹងពីលោក ពេជ សារ៉ាត ប្រធាន សហគមន៍ ចាប៉ី អមតៈ។
លោក ពេជ សារ៉ាត បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” បន្តថា ប៉ុន្តែចំនួននៃអ្នកយល់ដឹង និងចេះដេញចាប៉ីនេះ នៅមានកម្រិតនៅឡើយ បើប្រៀបធៀបនឹងចំនួនប្រជាពលរដ្ឋសរុប។
លោក ពេជ សារ៉ាត មានប្រសាសន៍បញ្ជាក់ថា៖ “ជាពិសេសស្រ្តីអ្នកចេះដេញចាប៉ី មានភាគរយតិចមែនទែន។ ស្ត្រីដែលរៀនចាប៉ីពីសហគមន៍ចាប៉ី អមតៈ មកដល់បច្ចុប្បន្នមានតែចំនួន ៣នាក់ប៉ុណ្ណោះ ក្នុងចំណោមសិស្ស ២០០រូប”។
ជាមួយគ្នានេះ ប្រធាន សហគមន៍ ចាប៉ី អមតៈ ខាងលើ បានបង្ហាញមោទនភាព ដែល សហគមន៍ បានបណ្ដុះកុមារឱ្យចេះដេញចាប៉ី បានចំនួន ២០ រូប។
លោក ពេជ សារ៉ាត មានប្រសាសន៍ថា៖ “អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺពីឆ្នាំទី១ ដល់ឆ្នាំទី៥នេះ សហគមន៍បានបណ្ដុះបណ្ដាលកុមារចំនួន ២ ក្រុម មានចំនួនសរុប ២០ រូប ដែលពីមុនមកអត់ដែលមានកុមារច្រៀង និងដេញចាប៉ីដងវែងនោះទេ។ កុមារទាំង២០នាក់នោះ មានអាយុចាប់ពី ១១ ឆ្នាំ រហូតដល់ ១៥ឆ្នាំ។ ពួកគាត់ចូលរៀន ដោយមិនមានបង់ថវិកា អ្វីទេ។ នេះជាមោទនភាពដែលសហគមន៍ចាប៉ី អមតៈ បានខិតខំប្រឹងប្រែងចែករំលែក និងបណ្ដុះបណ្ដាល ដែលមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ”។
លោកមានប្រសាសន៍ថា ទោះបី សហគមន៍ ចាប៉ី អមតៈ មិនទាន់មានមូលនិធិ ឬការគាំទ្រពីខាងណា ក៏ប៉ុន្តែក្រសួងវប្បធម៌ បានគាំទ្រជាកម្លាំងចិត្ត កម្លាំងកាយ ដើម្បីធ្វើឱ្យអ្នកស្ម័គ្រចិត្តរបស់សហគមន៍ ធ្វើការបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយរហូតមក។
លោក ពេជ សារ៉ាត មានប្រសាសន៍ថា៖ “ពួកយើងជាគ្រូ ជាអ្នកចែករំលែក គឺធ្វើការដោយស្ម័គ្រចិត្ត ដោយស្មារតីទទួលការខុសត្រូវ និងធ្វើដោយពេញចិត្ត ស្រឡាញ់វប្បធម៌ខ្មែរ ហើយខ្ញុំបានកៀរគរយុវជនផ្សេងទៀតឱ្យពួកគាត់ចេះចែករំលែកសេចក្ដីស្រលាញ់សម្រាប់វប្បធម៌ខ្មែរ”។
ប្រធាន សហគមន៍ ចាប៉ីអមតៈ បានឱ្យដឹងបន្ថែមថា ដើម្បីចេះដេញ និងច្រៀងចាប៉ីបាន គឺត្រូវប្រើរយៈពេលហាត់រៀនពី ៣ ទៅ ៦ ខែ ឬ ៩ខែ ដោយអាស្រ័យលើការហាត់រៀនរបស់សិស្ស។
លោក ពេជ សារ៉ាត មានប្រសាសន៍ថា៖ “បច្ចុប្បន្នយើងកំពុងបណ្ដុះបណ្ដាលច្រៀងចាប៉ី ប៉ុន្តែពួកគាត់មិនទាន់អាចច្រៀងបានទាំងអស់ទេ ប៉ុន្តែយើងបានបែងចែកឱ្យអ្នកច្រៀងគឺគាត់ច្រៀងទៅ សម្រាប់អ្នកដេញចាប៉ី ឱ្យគាត់ដេញទៅ ដើម្បីធ្វើយ៉ាងណាដើម្បីធ្វើយ៉ាងណាជាការរួបរួមសាមគ្គីគ្នាក្នុងការលើកស្ទួយចាប៉ីដងវែង ក្នុងនាមគាត់ជាកុមារ ប៉ុន្តែគោលដៅខាងមុខ ពួកគាត់ត្រូវតែដេញចាប៉ីផង ច្រៀងផង”។
ដើម្បីអបអរ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ខួប៥ឆ្នាំនេះ សិស្សនៃសហគមន៍ ចាប៉ីអមតៈ នឹងបង្ហាញសមត្ថភាពនៅក្នុងទស្សនីយភាពចាប៉ីដងវែង នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ នៅខេត្តកំពង់ស្ពឺ។
គួរបញ្ជាក់ថា ចាប៉ីដងវែង ត្រូវបានបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៅថ្ងៃទី ៣០ ខែវិច្ឆកា ឆ្នាំ២០១៦។ ចាប៉ី ជាពាក្យក្លាយមកបីពាក្យសំស្ក្រឹតថា “ចក្ឆប៉ី”។ ហៅឈ្មោះថា ចាប៉ីដងវែង មកពីចាប៉ី នេះមានដងវែងទន្ទាំ។ ចាប៉ីដងវែងជាឧបករណ៍មានខ្សែ ២ ឬ ៤ ប៉ុន្តែវាមានសំនៀងតែ ២ ទេ។ វាសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។
ព្រឹទ្ធាចារ្យចាប៉ីដងវែងរបស់កម្ពុជារួមមាន ព្រឹទ្ធាចារ្យ ពូថៅដៃ, ប្រាជ្ញ ឈួន, គង់ ណៃ, ចង្គូមប្រាំបី, ម៉ម សុន, អ៉ិន សារុន, ឯល បៀន, ឯ យិន, នេត ប៉េ, សិន សយ, កែវ ហឿន, សួន សាន, គុយ ហ៉ីន និងអ្នកចាប៉ីដងវែងបច្ចុប្បន្នមាន លោក ពេជ សារ៉ាត់, សាន វណ្ណឌឿន និងលោក ឌួង សុខគា ជាដើម៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់