សន្តិសុខសង្គម
មេប៉ូលិសណែនាំឲ្យពង្រឹង គោលដៅត្រួតពិនិត្យមន្រ្តីចរាចរណ៍ផ្លូវគោក
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានចេញសេចក្តីណែនាំដោយដាក់ចេញវិធានការបង្ការនិងទប់ស្កាត់នៅគោលដៅត្រួតពិនិត្យរបស់មន្រ្តីចរាចរណ៍ផ្លូវគោក ក្រោយកើតហេតុការណ៍មានបុគ្គលមួយចំនួនបានបង្កសកម្មភាព រារាំង និងប្រមាថ និងមានចេតនាប្រើអំពើហិង្សាប្រឆាំងចំពោះប្រតិបត្តិការរបស់មន្ត្រីនគរបាលចរាចរណ៍នៅ តាមគោលដៅមួយចំនួនក្នុងរាជធានី-ខេត្ត។
ដើម្បីបង្ការ និងទប់ស្កាត់បាតុភាពអសីលធម៌ អគ្គស្នងការដ្ឋាននគរបាលជាតិបានណែនាំដល់នាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបន្តជម្រុញការអប់រំ និងហ្វឹកហ្វឺនជាប្រចាំដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកគ្រប់រូប អំពីច្បាប់ឯកទេសជំនាញ នីតិវិធីនៃការត្រួតពិនិត្យបទល្មើសចរាចរណ៍ បច្ចេកទេសក្នុងការចាប់ខ្លួនជនបង្ក វិធីឆែកឆេរលើខ្លួនបុគ្គល វិធីឆែកឆេរយានយន្ត និងវិធីរៀបចំគោលដៅត្រួតពិនិត្យ។ ជាមួយនេះ ត្រូវពង្រឹងអំពីវិន័យនិងសីលធម៌បំពេញភារកិច្ចប្រកបដោយមនសិការវិជ្ជាជីវៈ មានអាកប្បកិរិយាទន់ភ្លន់ សុភាពរាបសារ ប៉ុន្តែម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ ដោយមិនត្រូវឆ្លៀតឱកាសយកតួនាទីទៅប្រព្រឹត្តអំពើខុសច្បាប់ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមឡើយ។
លោកនាយឧត្តមសេនីយ៍ ឲ្យមានកម្លាំងអន្តរាគមន៍ដើម្បីត្រៀមប្រតិបត្តិការគាំទ្រ ជួយដល់នគរបាលចរាចរណ៍ ផ្លូវគោក នៅគ្រប់គោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងករណីមានហេតុការណ៍កើតឡើងជាយថាហេតុ។ កងកម្លាំងអន្តរាគមន៍ត្រូវបំពាក់ឲ្យបានគ្រប់គ្រាន់នូវមធ្យោបាយ និងសម្ភារៈបម្រើឲ្យប្រតិបត្តិការ ដើម្បីទប់ស្កាត់ការគេចវេស ការតបតដោយហិង្សា ឬសកម្មភាពរារាំងបង្កឧបសគ្គដល់ ការបំពេញភារកិច្ចរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។
ក្នុងករណីមានបុគ្គលណាម្នាក់ ឬច្រើននាក់ បង្កបាតុភាពនៅតាមគោលដៅត្រួតពិនិត្យរៀបចំសណ្តាប់ធ្នាប់ ឬអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដែលឈរជើងនៅ គោលដៅនោះត្រូវប្រើសិទ្ធិការពារខ្លួនស្របច្បាប់ ដើម្បីធ្វើការទប់ស្កាត់នូវរាល់សកម្មភាពរារាំងរំខាន បង្កឧបសគ្គ តាមរូបភាពនៃការប្រើប្រាស់ពាក្យសម្ដី អាកប្បកិរិយាប្រមាថដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ឬការប្រើអំពើហិង្សា មកលើមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដែលកំពុងបំពេញភារកិច្ច ដោយមិនទុកឲ្យបុគ្គលទាំងនោះធ្វើសកម្មភាពទំនើង អសីលធម៌បង្កហេតុធ្វើឲ្យសាធារណជនមានទស្សនៈភ័ន្តច្រឡំ និងវាយតម្លៃបែបអវិជ្ជមានចំពោះកិត្តិយសរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងត្រូវផ្តល់ព័ត៌មានដល់អង្គភាពជាបន្ទាន់ ដើម្បីស្នើសុំកម្លាំងអន្តរាគមន៍ ធ្វើការឃាត់ខ្លួននៅហ្នឹងកន្លែង រួចបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរៀបចំនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅ តុលាការ។
លោកនាយឧត្តមសេនីយ៍នេត សាវឿន ក៏ណែនាំឲ្យចាត់តាំងស្នងការរង ឬនាយការិយាល័យចរាចរណ៍ផ្លូវគោកទទួលខុសត្រូវដឹកនាំនៅតាមគោលដៅ រៀបចំសណ្តាប់ធ្នាប់ ឬអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវធ្វើការតាមដានត្រួតពិនិត្យជាប្រចាំ សំដៅកែលម្អចំណុចខ្វះខាត ឬទង្វើខុសឆ្គងណាមួយរបស់មន្ត្រីចរាចរណ៍ផ្លូវគោកបានទាន់ពេលវេលា សំដៅជៀសវាងមតិរិះគន់នានាពីសំណាក់សាធារណជន។
ជាមួយគ្នានេះ ត្រូវពង្រឹងយន្តការតាមដាននូវរាល់ប្រតិកម្មសាធារណមតិតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមដើម្បីត្រួតពិនិត្យ វាយតម្លៃលើព័ត៌មាននិងធ្វើការបំភ្លឺ បកស្រាយឆ្លើយតប បន្សាបឥទ្ធិពលចំពោះព័ត៌មានមិនពិត សំដៅទប់ស្កាត់បានទាន់ពេលវេលានូវការភ័ន្តច្រឡំពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ ចំពោះការបំពេញតួនាទីរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងត្រូវទទួលយកនូវគំនិតយោបល់ និងការទិតៀនបែបស្ថាបនា ដើម្បីកែលម្អចំពោះកំហុសឆ្គង និងបាតុភាពអសកម្មនានារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំងធ្វើការដោះស្រាយឆ្លើយតបឲ្យបានសមស្រប៕
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)