ព័ត៌មានជាតិ
តំបន់ទេសចរណ៍ ១១ កន្លែង បើបានទៅលេងខេត្តកំពង់ចាម កុំរំលងឲ្យសោះ
ជាខេត្តមួយមានដងទន្លេមេគង្គហូរកាត់ អំណោយផលសម្រាប់វិស័យកសិកម្មជាមួយវិសាលភាពទឹកដីធំទូលាយ។ ក្រៅពីសក្តានុពលលើវិស័យកសិកម្ម ខេត្តជាប់ដងទន្លេមេគង្គនេះ ក៏មានរមណីយដ្ឋានជាច្រើនកន្លែងសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកម្សាន្តអារម្មណ៍។
ខេត្តជាអតីតរាជធានីបុរាណនេះ មានរមណីយដ្ឋានធម្មជាតិ និងកែច្នៃ និងក៏មានសេសសល់សំណង់ប្រាសាទបុរាណមួយចំនួន ជាតឹកតាងបង្ហាញប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ដូនតាជំនាន់មុន។
លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានបង្ហាញពីតំបន់ទេសចរណ៍មាននៅខេត្តកំពង់ចាម ដែលមាន ១១ កន្លែង ដែលភ្ញៀវអាចទៅកម្សាន្តបាន។ តំបន់ទេសចរណ៍ទាំង ១១ កន្លែងនៅខេត្តកំពង់ចាមមានទាំងលក្ខណៈធម្មជាតិ កែច្នៃ និងបែបវប្បធម៌ប្រវត្តិសាស្រ្ត។
តាមឯកសាររបស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាម តំបន់ទេសចរណ៍ទាំង ១១ កន្លែងមានដូចជា៖
កសិទេសចរណ៍ថ្មដាទឹកឆា
ស្ថិតនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចម្ងាយប្រមាណ៤២ គ.ម ពីទីរួមខេត្ត និងចម្ងាយ ៨០០ម ពីរមណីយដ្ឋានទឹកឆា។ បង្កើតឡើងនៅក្នុងឆ្នាំ២០០៧ ដំបូងឡើយគ្រាន់តែទីតាំងចិញ្ចឹមត្រីតែប៉ុណ្ណោះ ក្រោយមកម្ចាស់កសិដ្ឋានបានរៀបចំកន្លែងចិញ្ចឹមសត្វនិងត្រីសម្រាប់បម្រើជូនភ្ញៀវទេសចរ ដែលមានដូចជាជ្រូកព្រៃ ក្ងោកប៉ៃលិន ក្រពើ អូទ្រីស ទោច ខ្លាឃ្មុំ មាន់ព្រៃជាដើម។
កោះប៉ែន
កោះប៉ែន គឺជាកោះធំមួយនៅកណ្តាលទន្លេមេគង្គ ភាគខាងត្បូងក្រុងកំពង់ចាម ចម្ងាយប្រហែល ៣គ.មប៉ុណ្ណោះ។ កោះប៉ែនមានទេសភាពស្រស់បំព្រងគ្រប់រដូវកាលមានឆ្នេរខ្សាច់ស្អាតល្អ ដែលធ្វើឲ្យភ្ញៀវទេសចរពេញចិត្តទៅកម្សាន្ត និងងូតទឹកលេងនៅលើឆ្នេរខ្សាច់នារដូវប្រាំង និងទទួលទានអាហារផងដែរ។
ប្រាសាទនគរបាជ័យ
ប្រាសាទនគរបាជ័យគឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ដែលស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ចម្ងាយ ២គ.ម ពីទីរួមខេត្តកំពង់ចាម។ ប្រាសាទកសាងឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងរចនាបថបាយ័ន ហើយឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។
ប្រាសាទភ្នំជើងព្រៃ
ប្រាសាទភ្នំជើងព្រៃ គឺជារមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ ស្ថិតនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានចម្ងាយ ៥៥គ.ម ពីក្រុងកំពង់ចាម នៅខាងកើតផ្សារផ្អាវ ប្រមាណ ៣គ.ម ខាងជើងផ្លូវជាតិលេខ៦។
ភ្នំប្រុសភ្នំស្រី
ភ្នំប្រុស-ភ្នំស្រី ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ មានទីតាំងស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខាងលិចក្រុងកំពង់ចាមចម្ងាយ ៧គ.ម ខាងជើងផ្លូវជាតិលេខ៧។ រមណីយដ្ឋាននេះមានរឿងរ៉ាវជាប់ទាក់ទងរឿងព្រេងបុរាណខ្មែរគឺរឿងភ្នំប្រុសភ្នំស្រី។
រមណីយដ្ឋានកែច្នៃនាគខ្មៅ
រមណីយដ្ឋាននាគខ្មៅ មានទីតាំងស្ថិតនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចម្ងាយ ៥៩គ.ម ពីក្រុងកំពង់ចាម ដោយធ្វើដំណើរតាមផ្លូវរមណីយដ្ឋានភ្នំហាន់ជ័យ ហើយបន្តដំណើរតាមសាលាស្រុកស្ទឹងត្រង់ ឆ្ពោះទៅរមណីយដ្ឋាននាគខ្មៅ ស្ថិតនៅភូមិបែកអន្លូង នឹងបានឃើញរមណីយដ្ឋាននោះជាពុំខាន។
រមណីយដ្ឋានទឹកឆា
រមណីយដ្ឋានទឹកឆា ស្ថិតនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ មានចម្ងាយប្រហែល៤២គ.ម ពីទីរួមខេត្តកំពង់ចាម។ តំបន់នេះមានសក្តានុពលទាក់ទាញរួមមានប្រាសាទបុរាណ និងធារាសាស្ត្រសម្រាប់ស្រោចស្រពដីស្រែកសិកម្ម។ ភាគច្រើនភ្ញៀវទេសចរទៅលេងនិយមទៅមុជទឹកថ្លាយង់ ដែលហូរផុសចេញពីប្រភពទឹកនៅក្នុងដីពិតៗតែម្តង។
រមណីយដ្ឋានទំនប់តាកុដ
រមណីយដ្ឋានទំនប់តាកុដមានទីតាំងស្ថិតនៅ ព្រំប្រទល់ខាងកើតជាប់ភូមិកេះ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចម្ងាយ ៣២គ.ម ពីក្រុងកំពង់ចាម។ ទំនប់កកើតឡើងតាំងពីសម័យប៉ុលពត នៅចន្លោះឆ្នំា១៩៧៥ ដល់ឆ្នំា១៩៧៨ ជាអាងស្តុកទឹក ដើម្បីបំរើឱ្យវិស័យកសិកម្មក្នុងរបបនោះ។
រមណីយដ្ឋានបឹងធំ
រមណីយដ្ឋានបឹងធំ មានទីតាំងស្ថិតនៅភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ចម្ងាយ ១៤គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ រមណីយដ្ឋាននេះមានភាពទាក់ទាញបែបធម្មជាតិ សម្រាប់ទេសចរជាតិ និងអន្តរជាតិដែលមានបំណងចង់សម្រាកលំហែកាយ បន្ធូរអារម្មណ៍ពីការនឿយហត់ក្នុងការបំពេញការងារ។
ភ្នំហាន់ជ័យ
ភ្នំហាន់ជ័យ ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត មានទីតាំងស្ថិតនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ដែលមានចំងាយប្រមាណជា ២០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម។ ភ្នំហាន់ជ័យ មានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាមានប្រាសាទបុរាណ និងមើលដំណាំតាមដងទន្លេមេគង្គ។ នៅទីនេះ ភ្ញៀវទេសចរអាចទស្សនាប្រាសាទបុរាណដែលកសាងនៅដើមសតវត្សទី០៦។
រមណីយដ្ឋានឫស្សីហាន់ជ័យ
រមណីយដ្ឋាននៅលើភ្នំហាន់ជ័យ បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅជាប់រមណីយដ្ឋានប្រវត្តិសាស្រ្ត ភ្នំហាន់ជ័យ ក្នុងទឹកដីភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ និងមានចម្ងាយ២៤គីឡូម៉ែត្រពីក្រុងកំពង់ចាម។
ពេលដែលបានទៅដល់ ភ្ញៀវទេសចរអាចគយគន់ទេសភាពដងទន្លេមេគង្គ និងទស្សនាអគារពីដើមឬស្សី ប្រកបដោយការច្នៃប្រឌិតខ្ពស់។ រមណីយដ្ឋាននេះមានផ្តល់សេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន សណ្ឋាគារ ជូនភ្ញៀវដែលមកកម្សាន្ត លំហែកាយ វិបស្សនា សមាធិ ដើម្បីព្យាបាលផ្លូវចិត្ត ដែលមានគ្រូពេទ្យផ្នែកជំនាញខាងចិត្តសាស្រ្តមកព្យាបាលផងដែរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៧ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ