ព័ត៌មានជាតិ
លោក ទៀ សីហា អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋ៤ភូមិក្នុងស្រុកសូទ្រនិគម
សៀមរាប ៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិក្រសារទុំ ភូមិដំដែកថ្មី ភូមិស្រែធ្នង់ និងភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប ដែលបានទទួលប័ណ្ណកម្មសិទ្ធិចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗនាពេលនេះ។ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក លី សំរិទ្ធ អភិបាលរងខេត្ត និងប្រធានមន្ទីរ អនុប្រធាន អង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនបានអញ្ជើញចូលរួមផងដែរ។

នាឱកាសនោះ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការនេះកន្លងមក ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបយើងឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត ក្នុងការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តិជាធរមាន។

លោកបន្តថា ពាក់ព័ន្ធនឹងកិច្ចការងារទាំងនេះ លោកកោតសរសើរចំពោះ គណៈកម្មការរដ្ឋបាលដែលដឹកនាំដោយ លោក លី សំរិទ្ធ ជាប្រធានគណៈកម្មការរដ្ឋបាល រដ្ឋបាលស្រុកសូទ្រនិគម និងមន្ទីរ-អង្គភាពពាក់ព័ន្ធជាសមាជិក ដែលបានខិតខំអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិចំនួន ៤ នៃឃុំដំដែក រហូតសម្រេចបានការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋឲ្យពួកគាត់ប្រើប្រាស់ស្របច្បាប់។ បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ-អង្គភាពពាក់ព័ន្ធនានា បានអនុវត្តការងារចុះបញ្ជីដីធ្លីនេះ ទទួលបានលទ្ធផលជាច្រើន ហើយក៏បានពង្រីកការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ សរុបបានចំនួន ០៦ ក្រុង-ស្រុក រួមមាន៖ ក្រុងសៀមរាប ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកក្រឡាញ់ និងស្រុកជីក្រែង។ ដូចនេះ ដើម្បីជំរុញឲ្យកិច្ចការនេះដំណើរការបានកាន់តែល្អប្រសើរ និងទទួលបានជោគជ័យតាមផែនការគ្រោងទុករបស់រាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋបន្តការចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារមន្ទីរជំនាញដើម្បីបន្តការងារចុះបញ្ជីដីធ្លីនេះឲ្យបានល្អប្រសើរថែមទៀត។

តាមការលើកឡើងរបស់លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តថា មានចំនួន ០៤ភូមិ គឺភូមិក្រសារទុំ ភូមិដំដែកថ្មី ភូមិស្រែធ្នង់ និងភូមិបុស្ស ឃុំដំដែក បានអនុវត្តតាមនីតិវិធី និងគោលការណ៍ នៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធរហូតដល់សម្រេចបានការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការស្របតាមច្បាប់នោះ គឺភូមិក្រសារទុំ មានក្បាលដីសរុប ៩៧០ ដែលក្នុងនោះក្បាលដីចំនួន ៨៣០ អាចចេញប័ណ្ណកម្មសិទ្ធិជូនបាន ភូមិដំដែកថ្មី មានក្បាលដីសរុប ៣១៦ ក្នុងនោះក្បាលដីចំនួន ២៩៦ អាចចេញប័ណ្ណកម្មសិទ្ធិជូនបាន ភូមិស្រែធ្នង់ មានក្បាលដីសរុប ៦១១ ក្នុងនោះក្បាលដីចំនួន ៥១១ អាចចេញប័ណ្ណកម្មសិទ្ធិជូនបាន និងភូមិបុស្ស មានក្បាលដីសរុប ៦១១ ក្នុងនោះក្បាលដីចំនួន ៣៧២ អាចចេញប័ណ្ណកម្មសិទ្ធិជូនបាន ដោយឡែក ក្បាលដីមួយចំនួនទៀត ដែលនៅសល់ ពុំទាន់អាចចេញប័ណ្ណជូន ដោយសារតែក្បាលដីទាំងនោះជាក្បាលដី គ្មានទិន្នន័យ ជាប់ពាក់ព័ន្ធបណ្តឹងទប់ស្កាត់ ការជំទាស់តវ៉ាពាក់ព័ន្ធនឹងផ្លូវ ប្រឡាយ ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋានជាដើម៕
ដោយ ៖ គឿនវេត


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត