ព័ត៌មានជាតិ
សហគ្រិនល្បីឈ្មោះពីររូបបង្ហាញទស្សន ក្រោយពាក្យ«គ្រូជោគជ័យ» កំពុងរងការរិះគន់ខ្លាំងលើបណ្តាញសង្គម
បន្ទាប់ពីផ្ទុះការរិះគន់ខ្លាំងៗពីមហាជនលើបណ្តាញទំនាក់ទំនងសង្គម ទៅលើបុគ្គលដែលអះអាងថា ខ្លួនជាគ្រូជោគជ័យមួយចំនួន សហគ្រិនល្បីឈ្មោះពីររូប គឺលោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន ថ្នាំពណ៌ធម្មជាតិ Cam – Paint និងលោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានបង្ហាញទស្សនផ្ទាល់ខ្លួនជុំវិញបញ្ហានេះ។
លោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន ថ្នាំពណ៌ជាតិ Cam – Paint បានលើកឡើងថា កន្លងមកលោកក៏បានតាមដានរឿងរាវដែលកំពុងផ្ទុះការរិះគន់ ទៅលើគ្រូជោគជ័យនេះដែរ។ លោក សោម សម្បត្តិ បានបង្ហាញទស្សនផ្ទាល់ខ្លួនថា « វាមិនអាស្រ័យទៅលើសហគ្រិនជោគជ័យ គ្រូជោគជ័យ ឬគ្រូមិនជោគជ័យទេ មានពេលខ្លះការឆ្គាំឆ្គងសុជីវធម៌រស់នៅ វាមិនមែនមានន័យថា ឲ្យតែគ្រូជោគជ័យសុទ្ធតែមានបញ្ហាអញ្ចឹងទេ តាមពិតមនុស្សដែលមិនជោគជ័យ មានបញ្ហាច្រើនលើសលុបជាងអ្នកជោគជ័យទៅទៀត ប៉ុន្តែដោយសារគេមិនស្គាល់គាត់ អ៊ីចឹងគ្មានអ្នកណាទៅកត់ចំណាំគាត់ ឬទៅតាមដានទេ ហើយម្យ៉ាងទៀត ដោយសារគាត់បរាជ័យទៅហើយ មិនត្រូវបានគេដឹងគេស្គាល់»។

លោកបន្ថែមថា រឿងសីលធម៌នេះ គឺជារឿងបុគ្គល ទោះបីជាបុគ្គលនោះជោគជ័យយ៉ាងណាក៏ដោយ ក៏ជៀសមិនរួចពីបញ្ហាសីលធម៌ដែរ។ លោក សម្បត្តិ សង្កត់ធ្ងន់ថា ដើម្បីស្តារស្ថានការឲ្យត្រឡប់មកភាពល្អសើរឡើងវិញ ត្រូវប្រកាន់ជាប់សីលធម៌ជាគោល។ លោកថា «ឧទាហរណ៍ដូចជាខ្ញុំចឹង ខ្ញុំជាអ្នករកស៊ី ជាគ្រូម្នាក់ដែរ តែខ្ញុំមិនរាប់ថាខ្លួនឯងជាគ្រូជោគជ័យទេ ប៉ុន្តែសង្គមក៏ចាត់ទុកថា ជាមនុស្សជោគជ័យម្នាក់ដែរ…ខ្ញុំបានធ្វើការជួយមនុស្សច្រើនណាស់ ក្នុងការចែករំលែកក្នុងសង្គម…បើសិនជាសហគ្រិនជោគជ័យមិនធ្វើការចែករំលែក សួរថា អ្នកទំាងអស់គ្នា បានអីរៀនសូត្រ បើម្នាក់ៗជោគជ័យហើយ មិនព្រមចែករំលែករស់នៅអាត្មានិយមម៉េចកើត សង្គមត្រូវតែមានមនុស្សជួយ មិនអាចនៅស្ងាត់ស្ងៀមបានទេ»។
លោក សោម សម្បត្តិ បានបញ្ជាក់ថា មនុស្សដែលមិនខុសមានពីរ គឺទី១ មនុស្សមិនទាន់កើត និងទី២ មនុស្សដែលបានស្លាប់ទៅហើយ។ លោកថា មនុស្សដែលនៅរស់ ធ្វើច្រើនខុសច្រើន ហើយអ្នកដែលមិនខុសនោះ ប្រហែលជាអ្នកដែលមិនបានធ្វើអ្វីទាល់តែសោះ។ «ដើម្បីឲ្យយើងរស់នៅហើយធ្វើកុំឲ្យមានកំហុស យើងត្រូវរៀនសូត្រអំពីសុជីវធម៌ សីលធម៌ និងគុណធម៌»។
ចំណែកលោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានបញ្ចេញទស្សនថា សាធារណជនគួរតែលើកទឹកចិត្តដល់បុគ្គលដែលមានបទពិសោធន៍ការងារច្រើន ក្នុងការចែករំលែកចំណេះដឹង។ ប៉ុន្តែបុគ្គលដែលតាំងខ្លួនជាគ្រូជោគជ័យ មិនគួរមានអំនួត ដោយផ្តល់ភាពអស្ចារ្យឲ្យខ្លួនឯងខ្លាំងពេកទេ ព្រោះកុំឲ្យសង្គមចាត់ទុកថា ឲ្យតែអ្នកចែករំលែកសុទ្ធតែជាអ្នកចង់បានមុខមាត់។ លោក ជី សិលា បានលើកឡើងថា រឿងខ្លះគ្រូដែលតាំងខ្លួនជាបុគ្គលជោគជ័យ មិនគួរផ្តល់យុទ្ធសាស្រ្តបែបអវិជ្ជមានដើម្បីតែប្រយោជន៍បុគ្គលប៉ះពាល់ដល់សង្គមនោះទេ។ លោកថា « រឿងថ្មីៗនេះ មានករណីបង្រៀនមនុស្សឲ្យទៅខ្ចីលុយគេ វាជាគំនិតមួយដែលមិនគួរកើតឡើងក្នុងសង្គមយើងទាល់តែសោះ ហេតុអ្វីបានជាយើងឲ្យគំនិតនឹង ទៅផ្សព្វផ្សាយក្នុងសង្គម ហើយមានមនុស្ស Follows រាប់ម៉ឺននាក់»។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ សាធារណជននៅលើបណ្តាញទំនាក់ទំនងសង្គមនានា បានផ្ទុះការរិះគន់មិនសំចៃមាត់ទៅលើគ្រូជោគជ័យ ពាក់ព័ន្ធនឹងការផ្តល់យោបល់បែបអវិជ្ជមាន ដើម្បីតែផលប្រយោជន៍បុគ្គល ប៉ះពាល់ដល់សង្គមទាំងមូល។ ជាក់ស្តែងដូចជាករណី លោក សៀវ សុផល ដែលមហាជនហៅថា គ្រូជោគជ័យ បានរៀបចំយុទ្ធសាស្រ្តឲ្យតារាកំប្លែងអ្នកនាង ខ្ញុង ដោះបំណុលដែលជំពាក់គេជិត ៦០ម៉ឺនដុល្លារ។ ចំណែកករណីចុងក្រោយនេះ គឺលោក ប៊ុន រស្មី ហៅ ប៊ុន ផាក ពាក់ព័ន្ធនឹងរឿងស្នេហា និងការក្លែងបន្លំធ្វើជាមេធាវីជាដើម។ នេះបើតាមការបង្ហាញលើដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ៕
អត្ថបទ៖ ទួន សុផល

-
សន្តិសុខសង្គម២២ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានជាតិ១១ ម៉ោង ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល