ព័ត៌មានជាតិ
រដ្ឋាភិបាល ចេញវិធានការ១០ចំណុច ដើម្បីដោះស្រាយការទន្ទ្រានដីព្រៃលិចទឹកក្នុងខេត្តបន្ទាយមានជ័យ
រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវវិធានការចំពោះមុខចំនួន១០ចំណុច ដើម្បីបង្រ្កាប និងដោះស្រាយបញ្ហាការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីទៅកាន់រដ្ឋមន្រ្តីនៃក្រសួងពាក់ព័ន្ធនានាចុះថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ២០២១។
វិធានការចំពោះមុខទាំង១០នេះ រួមមាន ទី១. បង្គោលដែនព្រៃលិចទឹកដែលមិនទាន់បានបោះ និងខូចត្រូវបោះបំពេញបន្ថែមឱ្យបានគ្រប់ឡើងវិញដោយប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹកនិងឧតុនិយម ខណៈទី២. ប្រគល់ភារកិច្ចជូនក្រសួងធនធានទឹកនិងឧតុនិយមរៀបចំប៉ាណូបង្ហាញទីតាំងដែនព្រៃលិចទឹកដែលបានកំណត់។ ទី៣. អាជ្ញាធរទន្លេសាបតាមរយៈក្រសួងធនធានទឹកនិងឧតុនិយមជាអ្នកស្នើសុំចុះបញ្ជីដីរដ្ឋ ហើយទី៤. ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យចេញលិខិតណែនាំដល់អាជ្ញាធរ ស្រុក ឃុំ បញ្ឈប់រាល់ចរន្តការសុំកាន់កាប់ដី ផ្ទេរសិទ្ធិកាន់កាប់ដីឬជួលដីរដ្ឋក្នុងដែនព្រៃលិចទឹកព្រម ទាំងចេញលិខិតបដិសេធលើរាល់លិខិតដែលបានចេញរួចពីពេលមុន។
ចំណែក ទី៥. គឺ ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដីក្នុងដែនព្រៃលិចទឹកបន្តទៀតធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន និងដំឡើងផែនទីដើម្បី ធ្វើការដកហូតដីនិងចាត់វិធានការតាមផ្លូវច្បាប់ដោយត្រូវកសាងអង្គហេតុនិងដាក់បណ្តឹងអាជ្ញាទៅតុលាការ។ ទី៦. រាល់កិច្ចប្រជុំបូកសរុបការងារប្រចាំខែត្រីមាស និងឆមាស និងប្រចាំឆ្នាំ រដ្ឋបាលខេត្តត្រូវរាយការណ៍វឌ្ឍនភាពនៃការគ្រប់គ្រងនិងការចាត់វិធានការការពារដីព្រៃលិចទឹក ។ រីឯ ទី៧. គឺព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យត្រូវជួយជំរុញការអនុវត្តនីតិវិធីចំពោះសំណុំរឿងបទល្មើសទន្ទ្រានព្រៃលិចទឹកក្រោយពេលទទួលបានប្រឹង ស្របពេលចំណុចទី៨ គឺទន្ទឹមនឹងវិធានការផ្លូវច្បាប់ជនល្មើសត្រូវដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រាន ។ ការដាំដើមឈើឡើងវិញផ្តល់អាទិភាពលើការដាំដើមឬស្សី ។
ដោយឡែក ចំណុចទី៩. ចំពោះប្រជាពលរដ្ឋដែលបានដាំដំណាំពិសេសដំណាំស្រូវទុកពេលឱ្យប្រមូលផលរួចត្រូវធ្វើលិខិតទទួលកំហុសនិងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ និងទី១០. គឺរកមុខសញ្ញានិងជូនដំណឹងដល់អ្នកដែលមានធនធានជួលប្រជាពលរដ្ឋចូលកាប់រានដីក្នុងដែនព្រៃលិចទឹក និងមន្ត្រីរាជការស៊ីវិលក៏ដូចជាកងកម្លាំងដែលបានប្រព្រឹត្ត ល្មើសចូលទន្ទ្រានដីព្រៃលិចទឹកឱ្យចេញមុខសារភាពនិងប្រគល់ដីជូនរដ្ឋវិញដើម្បីទទួលបានការសម្រាលទោសទណ្ឌ ។ ចំពោះបុគ្គលឬអង្គភាពមានសមត្ថកិច្ចដែលដឹង អំពីមុខសញ្ញាប្រព្រឹត្តបទល្មើសហើយមិនរាយការណ៍ត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់។
របាយការណ៍នៃការចុះទៅពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញឲ្យដឹងថា ការស្រាវជ្រាវបឋមរបស់ខេត្តបានរកឃើញការទន្ទ្រាន និងកាន់កាប់ដីរដ្ឋក្នុងតំបន់៣ មានចំនួន១១ទីតាំង ស្មើផ្ទៃដីប្រមាណ ៥,៣៥០ហិកតា ស្ថិតនៅក្នុងឃុំចំនួន ២ នៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ៕
អត្ថបទ ៖ណារី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ