Connect with us

ព័ត៌មានជាតិ

ខួបទី៧៣ ៖ មេសិទ្ធិមនុស្សថា កម្ពុជានាំមុខគេក្នុងការគោរពសិទ្ធិមនុស្ស ទោះស្ថិតក្នុងវិបត្តិកូវីដ

បានផុស

នៅ

ក្នុងឱកាសអបអរសាទរខួបទី៧៣ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ (១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០២១) លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី  និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងពីការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ដោយលោក បានគូសបញ្ជាក់ថា កម្ពុជាមានភាពប្រសើរជាងបណ្តាប្រទេសច្រើនណាស់ក្នុងការគោរពសិទ្ធិមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក កែវ រ៉េមី អ្វីដែលលោកអះអាងថា ការគោរពសិទ្ធិមនុស្សរបស់កម្ពុជានាំមុខគេ នោះគឺ ទី១កម្ពុជាទទួលយកលិខិតូបករណ៍ស្ដីពីសិទ្ធិមនុស្សដែលមានគោលចំនួន៩ (ប្រាំបួន) ក្នុងនោះ កម្ពុជាបានអនុម័តផ្ដល់សច្ចាប័នចំនួន៨ ដែលជាការនាំមុខមួយនៅក្នុងតំបន់ នៅក្នុងអាស៊ី ក៏ដូចជា ផ្នែកខ្លះនៃពិភពលោក។ ទី២. នៅកម្ពុជា មិនមានទោសប្រហារជីវិត សូម្បីតែជនជាប់ចោទនៅក្នុងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលមានដូចជា នួន ជា ខៀវ សំផន និង ឌុច ជាដើម ក៏មិនទទួលបានការប្រហារជីវិតដែរ។

ចំណែក ទី៣. រដ្ឋធម្មនុញ្ញរបស់កម្ពុជា នៅជំពូកទី៣ បាននិយាយពីការគោរពសិទ្ធិមនុស្សទាំងស្រុងតែម្ដង ដែលខុសពីធម្មនុញ្ញនៃបណ្ដាប្រទេសផ្សេងៗដែលមិនបានចែកអំពីការគោរពសិទ្ធិមនុស្សច្បាស់លាស់បែបនេះទេ។ ទី៤. នៅប្រទេសកម្ពុជា មានសាសនាច្រើន តែមិនមានការរើសអើងសាសនា និងមិនមានសង្គ្រាមសាសនានោះទេ បើទោះបីជាមានសាសនាច្រើនក៏ដោយ។ ទី៥. អ្នកស្រឡាញ់ភេទដូចគ្នា​ ទោះ​បីជារៀបអាពាហ៍ពិពាហ៍ក៏ដោយ ក៏មិនមានទោសដែរ បើទោះបីជាមិនមានច្បាប់ក៏ដោយ ហើយមកដល់ពេលនេះ តាមទិន្នន័យរបស់រដ្ឋមានចំនួន៨ពាន់គូហើយបានរស់នៅជាមួយគ្នា។ ទី៦. កម្ពុជា គឺជាឋានសួគ៌នៃសមាគម អង្គការសង្គមស៊ីវិល ដែលរហូតមកដល់ពេលនេះមានប្រមាណ៦០០០ អង្គការសង្គមស៊ីវិល។

ដោយឡែក នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩នេះ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីគុយបា និងប្រទេសឈីលី ជាប្រទេសដែលទទួលបានវ៉ាក់សាំងជិត៩០ ភាគរយ លើកលែងតែកុមារអាយុក្រោម៥ឆ្នាំ និងទារកប៉ុណ្ណោះ។ រីឯ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលបានធ្វើឡើងដោយទន់ភ្លន់ និងមានការបែងចែកច្បាស់លាស់ ជាតំបន់ក្រហម តំបន់លឿង ហើយក៏មានបិទ មានបើក និងមានការឧបត្ថម្ភសាច់ប្រាក់ទៅដល់អ្នកដែលជាប់នៅក្នុងលុកដោនផងដែរ ដើម្បីជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលមិនមានការងារធ្វើ។

បើតាមលោក កែវ រ៉េមី ការគ្រប់គ្រងការរីករាលដាលជំងឺកូវី១៩ របស់រាជរដ្ឋាភិបាលមានភាពច្បាស់លាស់ ដែលនៅបណ្ដាប្រទេសដទៃ មានការតវ៉ាជារូបភាពផ្សេងៗទាក់ទងទៅនឹងការ Lockdown ប៉ុន្តែដោយសាតែភាពម៉ត់ចត់របស់រាជរដ្ឋាភិបាលមកដល់ពេលនេះ កម្ពុជាបានបើកសាលារៀនឡើងវិញ ដែលធ្វើឲ្យសិស្សានុសិស្សទទួលបាននូវសិទ្ធិមួយ គឺសិទ្ធិអប់រំ ហើយក៏បើកឲ្យប្រទេសឲ្យមានការប្រកបមុខរបររកស៊ីឡើងវិញ ឲ្យប្រជាពលរដ្ឋទទួលបានសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ទោះជាយ៉ាងណា លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តជាមួយរាជរដ្ឋាភិបាលបន្តទៀត ក្រោមប្រធានបទរួមគ្នាលើកស្ទូយសិទ្ធិមនុស្សក្នុងបរិបទកូវីដ១៩៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម